
ទន្ទឹមនឹងនេះ អ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅកម្ពុជា បានជំរុញឱ្យពលរដ្ឋខ្មែរ ដែលកំពុងធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ បន្តរក្សានូវស្មារតីជាតិនិយមឱ្យយូរបន្ថែមទៀត ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ច។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៍ប្រ៊ីដ គ្រុប ដែលជាអ្នកជំនួញពហុវិស័យដ៏ល្បីល្បាញមួយរូបនៅកម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្នពលរដ្ឋខ្មែរកំពុងមានស្មារតីស្នេហាជាតិ ក្រោយកម្ពុជា រងការរំលោភបំពានពីប្រទេសថៃ។ សម្រាប់អ្នកជំនួញល្បីល្បាញរូបនេះ ការមានស្មារតីស្នេហាជាតិ តែមួយមុខ គឺពុំទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែត្រូវមានស្មារតីសាមគ្គីជាតិ និងភាពធន់យូរអង្វែង ទើបកម្ពុជា អាចបន្តដំណើរបានវែងឆ្ងាយ។ បើតាមអ្នកឧកញ៉ា សៀ ឫទ្ធី នៅក្នុងបរិបទបច្ចុប្បន្នពលរដ្ឋត្រូវបន្តមានស្មារតីសាមគ្គីជាតិ ឱ្យបានយូរអង្វែង និងបន្តគាំទ្រដល់ផលិតករ ដើម្បីផលិតផលិតផលនានាឱ្យបានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។
ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឫទ្ធី ចាត់ទុកការផ្លាស់ប្ដូរផ្នត់គំនិតក្នុងការប្រើប្រាស់ផលិតផលបរទេសដោយងាកមកប្រើប្រាស់ផលិតក្នុងស្រុក គឺជាជំហានមួយនឹងធ្វើឱ្យផលិតករនៅកម្ពុជា មានឱកាសកាន់តែច្រើន។ ប៉ុន្តែនៅក្នុងស្ថានភាពនេះ ផលិតកររបស់កម្ពុជា ត្រូវប្រមូលផ្ដុំគ្នាដោយសិក្សាស្វែងយល់ពីតម្រូវការទីផ្សារ និងឈានដល់កិច្ចសហការគ្នា ព្រមទាំងប្ដូរទម្លាប់ពីលក្ខណៈគ្រួសារទៅជាក្រុមហ៊ុន នោះនឹងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពរីកចម្រើន។
ស្រដៀងគ្នានេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) កត់សម្គាល់ឃើញថា និន្នាការនៃការគាំទ្រផលិតផលខ្មែរពីប្រជាពលរដ្ឋមានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ បន្ទាប់ពីពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការផលិតផលថៃ។ ការណ៍នេះ វានឹងក្លាយជាចលករដ៏សំខាន់ក្នុងការជួយជំរុញឱ្យសហគ្រាសធុនតូច និងធម្យមពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមទៀត ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ដែលកំពុងមានសម្ទុះខ្លាំង ហើយកត្តានេះវានឹងជួយជំរុញឱ្យវិស័យ SME នៅកម្ពុជា មានការរីកចម្រើនលឿនជាងមុនបន្ថែមទៀត៕
អត្ថបទ៖ បូ ដូឡា