
សួនសត្វដាយណូស័រ របស់អ្នកឧកញ៉ា ពុង ឃាវសែ បច្ចុប្បន្ន បាននិងកំពុងសម្រុកសាងសង់យ៉ាងសកម្ម នៅក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារ ដែលត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ពោលគឺនៅខែមេសាខាងមុខនេះហើយ។
បើតាមប្រភពព័ត៌មាន ដែលសារព័ត៌មានខេមបូណូមីស ទទួលបានពីក្រុមហ៊ុនគ្រប់គ្រងគម្រោងសួនសត្វដាយណូស័រសិប្បនិម្មិតនេះ បានឲ្យដឹងថា វា គឺជាសួនសត្វដាយណូស័រសិប្បនិម្មិតដ៏ធំជាងគេទី១នៅកម្ពុជា ដោយបានសាងសង់នៅលើផ្ទៃដីប្រមាណ ៣ ហិកតា វិនិយោគដោយមហាសេដ្ឋីអាត់កឺ ពុង ឃាវសែ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC។
លក្ខណ:ពិសេសនៅក្នុងសួនសត្វដាយណូស័រសិប្បនិម្មិតនេះ គឺមានការរៀបចំជាសួនច្បារអមដោយខ្សែទឹក មានរូបសត្វដាយណូស័រ ធ្វើឡើងពីជ័រប្លាស្ទិច និង ថ្ម ។ ពិសេសមានកន្លែងរំអិលក្មេងលេង និង កន្លែងកម្សាន្ដជាច្រើនទៀត។

ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់មហាសេដ្ឋីអ្នកឧកញ៉ា ពុង ឃាវសែ សួនសត្វដាយណូស័រសិប្បនិម្មិតមួយនេះ គ្របដណ្តប់លើផ្ទៃដីប្រមាណជាង ២០០ ហិកតា ដែលនឹងហ៊ុមព័ទ្ធទៅដោយលំនៅដ្ឋានប្រណីត តំបន់ពាណិជ្ជកម្ម ដែលអមដោយទីក្រុងម្ហូបអាហារធំជាងគេនៅរាជធានីភ្នំពេញនៅក្បែរនោះផងដែរ។

ទោះយ៉ាងណា សួនសត្វដាយណូស័រសិប្បនិម្មិតរបស់អ្នកកឧកញ៉ា ពុង ឃាវសែ ដែលត្រៀមបើកដំណើរនេះ គឺមិនមែនជាសួនដាយណូស័រ ដែលទើបតែមានដំបូងគេនៅកម្ពុជានោះទេ។ គេនៅចាំបានថា កាលពីចុងឆ្នាំ២០១៨ ក៏មានសួនសត្វដាយណូស័រសិប្បនិម្មិត ដ៏ធំមួយឈ្មោះ Jurassic Kingdom បើកដំណើរការឲ្យភ្ញៀវចូលលេងកម្សាន្ដ ដោយវាត្រូវបានគេដឹងថា គឺជាវិនិយោគដោយក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ នៅលើទឹកដីខណ្ឌសែនសុខ ក្បែរផ្សារទំនើបអ៊ីអន២ និងផ្សារម៉ាក្រូ។ ប៉ុន្ដែ មួយរយៈក្រោយមក សួនសត្វដាយណូស័រមួយនេះបានបិទទ្វារលែងដំណើរការ ហើយក៏បានរើសត្វដាយណូស័រសិប្បនិម្មិតទាំងនោះ ចេញពីតាំងគ្មានសល់ឡើយ។ មិនមានការបញ្ជាក់ពីក្រុមហ៊ុននោះទេ ថាសួនសត្វដាយណូស័រ Jurassic Kingdom នេះ ត្រូវបានបិទទ្វារ ដោយសារមូលហេតុអ្វីនោះ៕
ខាងក្រោមនេះ ជាវីដេអូអំពីសួនសត្វដាយណូស័រ Jurassic Kingdom ដែលបានបើកដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ តែបច្ចុប្បន្ន សួនសត្វនេះបានបិទទ្វារហើយ។