វិស័យវាយនភណ្ឌ

តើការនាំចេញ និងការបញ្ជាទិញផលិតផលវាយនភណ្ឌកម្ពុជា នៅ៣ខែមកនេះ មានស្ថានភាពបែបណា?


វិស័យវាយនភណ្ឌកាត់ដេរ គឺជាវិស័យមួយស្ថិតក្នុងវិស័យចំនួន៣ ដែលអ្នកជំនាញសេដ្ឋកិច្ចអះអាងថា មានភាពធន់ និងធានាដល់ស្ថិរភាពក្នុងការជួយទ្រទ្រង់ដំណើការសេដ្ឋកិច្ចរបស់កម្ពុជា បើទោះបីវិស័យនេះបានរងឥទ្ធិពលពីវិបត្តិជំងឺកូវីដ-១៩ ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន និងជម្លោះតំបន់មជ្ឈិមបូព៌ា ព្រមទាំងបញ្ហាភូមិសាស្រ្តនយោបាយក៏ដោយ។ តើនៅក្នុងរយៈពេល៣ខែមកនេះ ការបញ្ជាទិញផលិតផលវាយនភណ្ឌកម្ពុជាពីសំណាក់ទីផ្សារអន្តរជាតិមានស្ថានភាពបែបណា?
វិស័យវាយនភណ្ឌ
ដោយ

លោក កាំង ម៉ូលីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) បានឲ្យដឹងថា ការនាំចេញផលិតផលវាយនភណ្ឌកម្ពុជា នៅក្នុងរយៈពេល៣ខែកន្លងមកនេះ មានការងើបឡើងវិញបន្តិច បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣។ ទោះបីយ៉ាងនេះក្តី អ្នកជំនាញរូបនេះ អះអាងថា អ្នកប្រកបមុខរបរនៅក្នុងវិស័យនេះ នៅតែបន្តប្រឈមនឹងបញ្ហា ដែលភាគច្រើនជាបញ្ហាកើតឡើងពីមុន ដូចជាថ្លៃដើមផលិតខ្ពស់ ជាពិសេសតម្លៃពលកម្ម និងតម្លៃភស្តុភារកម្ម បើធៀបនឹងប្រទេសជាដៃគូប្រកួតប្រជែង។

បើតាមអគ្គលេខាធិការរងរូបនេះ បច្ចុប្បន្នអគ្គិសនីមានស្ថិរភាព និងទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់ តែនៅមានតម្លៃខ្ពស់ ខណៈគោលនយោបាយប្រើប្រាស់សូឡាមានលក្ខណៈរឹតត្បិត មិនអំណោយផល និងមិនមានការលើកទឹកចិត្ត ហើយការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកនៅមានកម្រិតទាបបំផុត។ ក្រៅពីចំណុចខាងលើ ក៏មានតម្រូវការអនុលោមភាពខ្ពស់ខាងផ្នែកសង្គម និងចីរភាពបរិស្ថាន។ នេះបើតាមការគូសបញ្ជាក់ពីលោក កាំង ម៉ូលីកា។

ជុំវិញបញ្ហានេះ ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ នេះ មានកត្តាអំណោយផលជាច្រើន ស្របពេលដែលអ្នកជំនាញសេដ្ឋកិច្ចពិភពលោកបានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើនក្នុងរង្វង់៦,៦% ដែលជាហេតុធ្វើឱ្យវិស័យវាយនភណ្ឌមានការរីកលូតលាស់ ខណៈការនាំចេញ ក៏មានការកើនឡើងដែរ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចអាម៉េរិក និងសហភាពអឺរ៉ុប។

ទន្ទឹមនេះ មន្រ្តីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយសមាគមនិយោជក និងស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចុះតម្លៃអគ្គិសនី និងសម្រួលកិច្ចការមួយចំនួនទៀតដល់ម្ចាស់រោងចក្រ សហគ្រាស ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងដំណើរការខ្សែច្រវាក់ផលិតកម្មឱ្យបានកាន់តែច្រើន និងឆ្លើយតបចំពោះការបញ្ជាទិញ ក៏ដូចជាកម្លាំងពលកម្មការងារនៅកម្ពុជា។

​ជាមួយគ្នានេះលោក អាត់ ធន់ ប្រធានសហជីពកម្មករកាត់ដេរកម្ពុជាកត់សម្គាល់ឃើញថា នៅមួយរយៈកន្លងមកនេះសកម្មភាពក្នុងវិស័យវាយនភណ្ឌកាត់ដេរនៅកម្ពុជាហាក់មានស្ថានភាពស្ថិរ ជាមួយការស្រូបទាញកម្មាំងពលកម្មជិត១លាននាក់ដដែល។ យ៉ាងណាមិញប្រធានសហជីពរូបនេះសង្កេតឃើញថា នៅតាមបណ្ដារោងចក្រ សហគ្រាស នៅតែមានបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការគ្រប់គ្រង និងការផ្ទេរទីតាំងក្រុមហ៊ុនជាដើម ដែលបញ្ហានេះបានជះឥទ្ធិពលមិនល្អដល់ស្ថិរភាពការងាររបស់កម្មករនិយោជិត ក៏ដូចជាខ្សែច្រវាក់ផលិតកម្ម។ ថ្លៃអគ្គិសនី និងការដឹកជញ្ជូនស្ថិតក្នុងកម្រិតមួយខ្ពស់ ក៏ជាបញ្ហាប្រឈមមួយសម្រាប់វិស័យនេះផងដែរ។

​បើតាមការលើកឡើងរបស់លោក កាំង ម៉ូនីកា បើទោះបីជាដំណើរការខ្សែច្រវាក់ផលិតកម្មនៃវិស័យវាយនភណ្ឌមានសកម្មភាពសកម្មជាងមុន ហើយការបញ្ជាទិញពីទីផ្សារអន្តរជាតិហាក់កម្រើកឡើងវិញក៏ដោយ តែតម្លៃដឹកជញ្ចូនមានការកើនឡើងនៅតែជាបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុន ដែលជាអ្នកផលិត ស្របពេលអ្នកបញ្ជាទិញស្នើឱ្យមានការបញ្ចុះតម្លៃ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង អភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រផ្សេងទៀតទៅជារបៀងសេដ្ឋកិច្ច ពហុបំណង និងប្រទាក់ក្រឡា

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្ដជំរុញមហិច្ឆតារបស់ខ្លួនក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំ…

អ្នកឧកញ៉ា លី ហួរ៖ ប្រកបមុខរបរអ្វីក៏ដោយមិនថាធំ ឬតូចនោះទេ គឺសុទ្ធតែមានការប្រកួតប្រជែង

អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប និងជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបបានអះអាងថា គ្រប់ការធ្វើអាជីវកម្មមិនថាធំ ឬត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ