ទោះយ៉ាងណា អ្នកដឹកនាំសហជីពអះអាងថា ការកាត់បន្ថយម៉ោងការងារវាតែងតែកើតមានឡើងជារៀងរាល់ឆ្នាំឲ្យតែរដូវរងាចូលមកដល់ ហើយអ្វីៗនឹងអាចវិលមករកភាពល្អប្រសើរឡើងវិញដើមឆ្នាំក្រោយ។
លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាឃើញថា ក្រោយមានការធ្លាក់ចុះការបញ្ជាទិញផលិតផលស្បែកជើង និងសម្លៀកបំពាក់កម្ពុជាពីទីផ្សារអន្តរជាតិ ពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានបង្ខំឲ្យរោងចក្រជាច្រើនត្រូវកាត់បន្ថយម៉ោងការងារ ឬការបន្ថែមម៉ោងដល់កម្មករ និយោជិតក្នុងវិស័យនេះ។ ការកាត់បន្ថយការបន្ថែមម៉ោងនេះ ចង់ ឬមិនចង់វានឹងជះឥទ្ធិពលអវិជ្ជមានដល់ការចំណាយ និងជីវភាពរបស់កម្មករ និយោជិតក្នុងវិស័យនេះ ដ្បិតការកាត់បន្ថយម៉ោងការងារនេះ ធ្វើឲ្យប្រាក់ចំណូលរបស់កម្មករនិយោជិតមានការធ្លាក់ចុះទៅតាមនឹងដែរ។ ទោះយ៉ាងណា បើតាមឧកញ៉ា លី ឃុនថៃ មកទល់ពេលនេះមិនទាន់មានរោងចក្រណាមួយផ្អាកប្រតិបត្តិការ ដោយសារការធ្លាក់ចុះការបញ្ជាទិញនោះទេ។
ជាមួយគ្នានេះលោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានគូសបញ្ជាក់ថា មានរោងចក្រកាត់ដេរសម្លៀកបំពាក់មួយចំនួន ដែលជាសមាជិករបស់សមាគម បានព្យួរប្រតិបត្តិការផ្នែកខ្លះរបស់ខ្លួនចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២២មកម្ល៉េះ ក្រោយមានការធ្លាក់ការបញ្ជាទិញពីទីផ្សារអន្តរជាតិ។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតទេថា បច្ចុប្បន្នមានរោងចក្រចំនួនប៉ុនា្មនបានកាត់បន្ថយការងារ និងធ្វើឲ្យប៉ះពាល់កម្មករនិយោជិតប៉ុន្មាននោះទេ។
ពាក់ព័ន្ធបញ្ហានេះដែរលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាយល់ឃើញថា ការកាត់បន្ថយម៉ោងការងារនៅតាមរោងចក្រមួយចំនួន ប្រាកដណាស់វានឹងធ្វើឲ្យប៉ះពាល់ជីវភាពរបស់កម្មករ និយោជិត ដ្បិតប្រាក់ចំណូលលើការងារពេញម៉ោងតែមួយមុខ វាមិនអាចឆ្លើយតបនឹងការចំណាយរបស់ពួកគេបាននោះទេ។ ដូច្នេះទាមទារឲ្យកម្មករ និយោជិតទាំងនោះត្រូវកាត់បន្ថយការចំណាយ និងចាយវាយដោយការប្រុងប្រយ័ត្ន។ តែយ៉ាងណាលោកយល់ថា ការកាត់បន្ថយម៉ោងការងារដោយសារការធ្លាក់ចុះការបញ្ជាទិញក្នុងវិស័យកាត់ដេរ វារឿងធម្មតាក្នុងវិស័យកាត់ដេរ ពោលគឺបញ្ហានេះ វាតែងតែកើតមានឡើងរៀងរាល់៤ខែនៅចុងឆ្នាំ។ ទោះជាបែបនេះក្ដី លោករំពឹងថា ស្ថានភាពនឹងវិលមករកភាពល្អប្រសើរឡើងវិញនៅដើមឆ្នាំក្រោយ។
បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ចាប់ពីឆមាសទី១ដល់ខែតុលា ទីផ្សារស្បែកជើងរបស់កម្ពុជាពុំទាន់បង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នោះទេ ពោលគឺការបញ្ជាទិញនៅតែមានទំនោរធ្លាក់ចុះដដែល។ កត្តានេះធ្វើឲ្យលោកឧកញ៉ាហ៊ានវាយតម្លៃថា ទីផ្សារស្បែកជើងកម្ពុជានឹងអាចធ្លាក់ចុះការបញ្ជាទិញយ៉ាងតិចចម្លោះពី៣០%ទៅ៥០% នៅឆមាសទី២ឆ្នាំ២០២២ បើធៀបនឹងឆមាសទី១។ ការធ្លាក់ចុះនេះត្រូវបានលោកឧកញ៉ាគូសបញ្ជាក់ថា គឺដោយសារការតម្លៃវត្ថុធាត់ដើមនិងទំនិញមានការកើនឡើង គួបផ្សំការដឹកជញ្ជូនមានភាពរអាក់រអួល និងតម្លៃដឹកជញ្ជូនឡើងថ្លៃ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅ៩ខែឆ្នាំ២០២២ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា សម្រេចបានក្នុងតម្លៃសរុបជាង១០ពាន់លានដុល្លារ កើនឡើងជាង២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕