សេដ្ឋកិច្ចភូមាដាំដូងចុះខ្លាំងបែបនេះ ត្រូវបាន ធនាគារពិភពលោក បញ្ជាក់អះអាងថា បណ្តាលមកពីវិបត្តិនយោបាយចលាចលក្នុងប្រទេស កើតឡើងចាប់តាំងពីពេលមានរដ្ឋប្រហារយោធាថ្ងៃទី០១កុម្ភៈដើមឆ្នាំនេះមកម្ល៉េះ ស្របពេលដែលព្យុះលកឆ្លងកូវីដ១៩ កំពុងបោកបក់ផ្ទួនៗក្នុងប្រទេសភូមា។ ធនាគារពិភពលោកបានព្យាករទៀតថានៅប៉ុន្មានខែទៅមុខទៀតនេះ សេដ្ឋកិច្ចភូមានឹងកាន់តែបន្ដធ្លាក់ចុះដុនដាបកាន់តែខ្លាំងថែមទៀត។
ការព្យាកររបស់ធនាគារពិភពលោកពីការធ្លាក់ចុះសេដ្ឋកិច្ចមីយ៉ាន់ម៉ាដូចនេះ ធ្វើឡើងនៅបន្ទាប់ពីគេមើលឃើញ ឥទ្ធិពលនៃរោគរាតត្បាតកូវីដ-១៩ ដែលកំពុងចរាចរក្នុងប្រទេសមីយ៉ាន់ម៉ាយ៉ាងសកម្មនៅប៉ុន្មានខែចុងក្រោយនេះ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី២៤ ខែកក្កដា ករណីឆ្លងសរុបនៅមីយ៉ាន់ម៉ាបានកើនឡើងដល់ ២៦ម៉ឺននាក់ ខណៈអ្នកស្លាប់សរុបមានចំនួនជិត ៦.៥០០នាក់ ហើយបើគេគិតជាមធ្យមអ្នកឆ្លងកូវីដ១៩ថ្មីប្រចាំថ្ងៃក្នុងភូមាមានដល់ជិត ៦ពាន់ករណី។
សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បានគូសបញ្ចាក់ថា ទោះបីជាការដឹកជញ្ជូន និងសកម្មភាពរបស់ប្រជាជនហាក់បីដូចជាត្រឡប់មករកសភាពដើមបន្តិចមែន ប៉ុន្តែសកម្មភាពសេដ្ឋកិច្ចជារួមនៅមានភាពទន់ខ្សោយនៅឡើយ ហើយសេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងបន្តដាំក្បាលធ្លាក់ចុះបន្ថែមទៀត ចាប់ខែកក្កដានេះតទៅ។
ចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសភូមាក្នុងឆ្នាំនេះ ក៏ត្រូវបានទាញទម្លាក់ដោយសារតែមានផលប៉ះពាល់បង្កដោយវិបត្តិនយោបាយផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ដែលបានអូសបន្លាយតាំងពីព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី០១ខែកុម្ភៈ។ ក្រោយរដ្ឋប្រហារដោយរបបសឹកភូមា និងភាពចលាចលក្នុងសង្គម ចំណូលពលរដ្ឋធ្លាក់ចុះខ្លាំង ភាពគ្មានការងារធ្វើកើនឡើងច្រើន ការដឹកជញ្ជូន និង ការវិនិយោគថ្មីៗត្រូវបានរាំងស្ទះ។
ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច Fitch Solutions កាលពីខែមិថុនាកន្លងទៅនេះ បានព្យាករដែរថា សេដ្ឋកិច្ចភូមានៅឆ្នាំសារពើរពន្ធ ២០២១ គិតទៅដល់ដំណាច់ខែកញ្ញាខាងមុខនេះ នឹងមានការធ្លាក់ចុះដល់ទៅ ២០%ឯណោះ។
តាមរយៈការព្យាករបស់ធនាគារពិភពលោកថ្មីៗនេះ បានបង្ហាញឲ្យឃើញថា សេដ្ឋកិច្ចភូមានៅឆ្នាំ២០២១ គឺមានទំហំរួញតូចជាងមុនដល់ទៅ ៣០% បើធៀបទៅនឹង កាលពីប្រទេសនេះ មិនទាន់មានការរាតត្បាតកូវីដ-១៩ ចូលលុកលុយ និង មិនមានការច្បាមយកអំណាចដោយរដ្ឋប្រហារយោធា។
ជាក់ស្តែង ក្នុងចំណោមក្រុមហ៊ុនសរុប ៥០០ក្រុមហ៊ុន ដែលធនាគារពិភពលោកបានធ្វើការស្ទង់មាតិ មានជាង ៣ភាគ៤ នៃក្រុមហ៊ុនទាំងអស់នោះ បាននិយាយថា ព្រឹត្តិការណ៍រដ្ឋប្រហារបានបង្កផលប៉ះពាល់ខ្លាំង ជាងផលប៉ះពាល់ ដែលបង្កឡើងដោយកូវីដ១៩ទៅទៀត។
ធនាគារពិភពលោក បានអះអាងថា ចំពោះការនាំចេញរបស់ប្រទេសភូមាវិញ នៅរយៈ៥ខែ ឆ្នាំ២០២១ មានការធ្លាក់ចុះ១៨% និង ការនាំចូលធ្លាក់ចុះ២៦%។
ធនាគារពិភពលោកបានឲ្យដឹងទៀតថា មានការងារប្រហែល ១លានការងារ អាចនឹងត្រូវបានបាត់បង់នៅក្នុងប្រទេសភូមា ដែលមានប្រហែល ៤ ទៅ ៥ភាគរយ នៃ ចំនួនអ្នកមានការងារសរុបនៅឆ្នាំ២០១៩ ខណៈដែលអ្នកនៅបន្ដមានការងារធ្វើត្រូវបានកាត់បន្ថយម៉ោងការងារ និងប្រាក់ចំណូលផងដែរ៕