
លោក វ៉្លាឌីមៀ ពូទីន បានព្រមព្រៀងជាមួយលោក ដូណាល់ ត្រាំ ផ្អាកវាយប្រហារទៅលើរោងចក្រផលិត កែច្នៃ និងចែកចាយថាមពលរបស់អ៊ុយក្រែនរយៈពេល៣០ថ្ងៃ ខណៈភាគីអ៊ុយក្រែននិយាយថា ខ្លួននឹងគាំទ្រកិច្ចព្រមព្រៀងបណ្ដោះអាសន្ននេះ ដែលតម្រូវឱ្យប្រទេសទាំងពីរផ្អាកវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលគ្នាទៅវិញទៅមក។
ក្រុមអ្នកជំនាញបាននិយាយថា លោក ពូទីន បានផ្ដល់សម្បទានតិចតួចណាស់នៅក្នុងដំណើរការបទឈប់បាញ់ជាបណ្ដោះអាសន្ននេះ ដែលអាចជាយុទ្ធសាស្ត្រពន្យារពេលដើម្បីឱ្យទាហានរុស្ស៊ីមានលទ្ធភាពវាយរុលទៅមុខនៅភាគខាងកើតរបស់អ៊ុយក្រែន។
សេតវិមានបានទម្លាយឱ្យដឹងថា ដំណើរការនៃកិច្ចចរចាស្តីពីបទឈប់បាញ់នៅដែនសមុទ្រខ្មៅ ព្រមទាំងបទឈប់បាញ់មួយដែលមានលក្ខណៈពេញលេញជាងនេះ និងកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ផងដែរនោះ នឹងចាប់ផ្តើមភ្លាមៗ បន្ទាប់ពីការសន្ទនាគ្នាតាមទូរសព្ទយ៉ាងយូររវាងលោក ដូណាល់ ត្រាំ និងលោក ពូទីន កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា។
ទោះជាយ៉ាងណា គ្មានការបញ្ជាក់ច្បាស់ទេថា នៅក្នុងដំណើរការចរចា ដែលបេកសជនពិសេសរបស់លោក ដូណាល់ ត្រាំ គឺលោក ស្ទីវ វីតខូហ្វ (Steve Witkoff) និយាយថា នឹងប្រព្រឹត្តទៅនៅទីក្រុងជេតដា (Jeddah) ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២៣ ខែមីនា ដ៏ខ្លីខាងមុខនេះ ភាគីអ៊ុយក្រែននឹងត្រូវបានអនុញ្ញាតឱ្យចូលរួមដែរឬយ៉ាងណានោះទេ។
ទន្ទឹមនេះ វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក ពូទីន បានបញ្ជាឱ្យយោធារុស្ស៊ីបញ្ឈប់ការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនានារបស់អ៊ុយក្រែនហើយ បន្ទាប់ពីបានជជែកគ្នាជាមួយលោក ដូណាល់ ត្រាំ៕
ដោយ: តែម សុខុម