ផែនការសន្តិភាពលោក ពូទីន បដិសេធចំណុចខ្លះនៃផែនការសន្តិភាពរបស់ក្រុមប្រទេសអាហ្វ្រិក

លោក ពូទីន បដិសេធចំណុចខ្លះនៃផែនការសន្តិភាពរបស់ក្រុមប្រទេសអាហ្វ្រិក ខណៈអ៊ុយក្រែនបន្តទាមទារឱ្យរុស្ស៊ីដកទ័ព


ប្រធានាធិបតិរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរិ៍ ទី ១៧ មិថុនា បានទទួលជួបមេដឹកនាំនៃក្រុមប្រទេសអាហ្វ្រិក នៅជាយទីក្រុង សាំង ផេធើសប៊ើក ប្រទេសរុស្ស៊ី។ បេសកជនអាហ្វ្រិកកំពុងស្វែងរកការផ្សះផ្សាដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដ៏អូសបន្លាយ។ លោក ពូទីន បានបង្ហាញការជំទាស់នឹងសំណើមួយចំនួនក្នុងផែនការសន្តិភាពរបស់ទ្វីបអាហ្វ្រិក និងបានលើកឡើងពីហេតុផលមួយចំនួន។ មុននេះ ផែនការសន្តិភាពរបស់អាហ្វ្រិកក៏ត្រូវបានច្រានចោលពីសំណាក់ទីក្រុងកៀវដែរ ដោយអ៊ុយក្រែននៅតែទទួចឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីរបស់ខ្លួនសិន។
លោក ពូទីន បដិសេធចំណុចខ្លះនៃផែនការសន្តិភាពរបស់ក្រុមប្រទេសអាហ្វ្រិក
ដោយ

នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
មុនជំនួបនៅទីក្រុង សាំង ផេធើសប៊ើក ក្នុងប្រទេសរុស្ស៊ី មេដឹកនាំនិងតំណាងនៃក្រុមប្រទេសអាហ្វ្រិក ដូចជាសេណេហ្គាល់ អេហ្ស៊ីប ហ្សំប៊ី អ៊ូហ្គង់ដា សាធារណរដ្ឋកុងហ្គោ កូម៉ូរ៉ូ និងអាហ្វ្រិកខាងត្បូង បានពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅរដ្ឋធានីកៀវ។ នៅថ្ងៃសៅរ៍នោះ លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនសុខចិត្តចរចាអំពីផែនការសន្តិភាពជាមួយរុស្ស៊ី ប៉ុន្តែតម្រូវជាដាច់ខាតឱ្យរុស្ស៊ីដកទ័ពទាំងអស់ចេញពីទឹកដីអ៊ុយក្រែនដែលខ្លួនកាន់កាប់សិន។ ដូចនេះ គេអាចនិយាយបានថា ដូចសព្វមួយដងដែរ ផែនការសន្តិភាពពីពេលមុន និងឥឡូវនេះ ហាក់មិនមានប្រសិទ្ធភាពឡើយ។
បន្ទាប់មក នៅក្នុងវិមានមួយក្បែរទីក្រុង សាំង ផេធើសបើក លោក ពូទីន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់បេសកជនមកពីទ្វីបអាហ្វ្រិក និងតួនាទីរបស់អាហ្រិកក្នុងការផ្សះផ្សាជម្លោះនៅអ៊ុយក្រែន។ ប៉ុន្តែបន្ទាប់ពីការថ្លែងរបស់មេដឹកនាំកូម៉ូរ៉ូ សេណេហ្គាល់ និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង អំពីធាតុផ្សុំសំខាន់ៗនៃផែនការសន្តិភាព, លោក ពូទីន បាននិយាយកាត់ភ្លាម ដោយរិះគន់រូបមន្តនៃផែនការរបស់ទ្វីបអាហ្វ្រិក។ រូបមន្តនោះចងភ្ជាប់នឹងការទទួលយកព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ។
ប្រធានាធិបតីរុស្ស៊ិបានលើកឡើងជាថ្មីថា៖ «អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានចាប់ផ្ដើមជម្លោះជាយូរមកហើយ មុនពេលដែលរុស្ស៊ីបញ្ជូនទ័ពឆ្លងព្រំដែនអ៊ុយក្រែននៅខែកុម្ភៈឆ្នាំមុនទៅទៀត»។
ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយទៀតថា «គឺលោកខាងលិច មិនមែនរុស្ស៊ីទេ ដែលត្រូវទទួលខុសត្រូវចំពោះការកើនឡើងតម្លៃស្បឿងអាហារក្នុងសកលលោក ជាពិសេសផលប៉ះពាល់ទៅលើប្រទេសនៅទ្វីបងអាហ្រ្វិកតែម្តង»។ លោកបានប្រាប់គណៈប្រតិភូក្នុងអង្គពិភាក្សានោះថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមច្រករបៀងសមុទ្រខ្មៅដែលអនុញ្ញាតដោយរុស្ស៊ីនោះ គឺមិនបានជួយអ្វីទាំងអស់ក្នុងការកាត់បន្ថយវិបត្តិស្បៀងនៅអាហ្វ្រិក និងតម្លៃរបស់វា ដោយលោកថា វាបានហូរចូលទៅកាន់ប្រទេសអ្នកមានទៅវិញ។

ជាមួយគ្នានោះ លោកពូទីនបានបន្តថា រុស្ស៊ីមិនដែលបិទផ្លូវកិច្ចចរចារសន្តិភាពជាមួយអ៊ុយក្រែននោះទេ តែរបបក្រុងកៀវទេដែលបិទខ្លួនឯង។ យោងតាមលោក ពូទីន ទីក្រុងម៉ូស្គូចង់មានសន្តិភាពជាមួយអ៊ុយក្រែន តែក៏តម្រូវឱ្យទីក្រុងកៀវទទួលស្គាល់«តថភាពថ្មី» ពោលគឺការទទួលស្គាលថាជាដែនដីរបស់រុស្ស៊ី ចំពោះខេត្ត៥ដែលរុស្ស៊ុបានភ្ជាប់ទៅនឹងទឹកដីរបស់ខ្លួនតាមរយៈការធ្វើប្រជាមតិ។ នេះជាអ្វីដែលមិនអាចទៅរួចសម្រាប់ភាគីអ៊ុយក្រែន។
យ៉ាងណា ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គៃ ឡាវរ៉ូវ បាននិយាយថា ទីក្រុងមូស្គូ បានឯកភាពលើ«វិធីសាស្ត្រទូទៅ»នៅក្នុងផែនការសន្តិភាពរបស់ទ្វីបអាហ្វ្រិក ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ពេស្កូវ បាននិយាយតាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ីថា «ផែនការសន្តិភាពនោះ«ពិបាកសម្រេចបានណាស់» ។
ទោះជាយ៉ាងនេះក៏ដោយ យោងតាមលោក ពេស្កូវ ដែលជាអ្នកនាំពាក្យ, លោក ពូទីន បានបង្ហាញចំណាប់អារម្មណ៍លើផែនការដែលមាន ១០ ចំណុចរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ហើយរុស្ស៊ីនឹងបន្តការសន្ទនាបែបនេះ ជាមួយបណ្តាប្រទេសអាហ្វ្រិកតទៅទៀត។
រឿងដោយឡែកមួយគឺថា នៅក្រោយកិច្ចប្រជុំទ្វេភាគីរវាងប្រធានាធិបតីអាហ្វ្រិកខាងត្បូង និងប្រធានាធិបតីរុស្ស៊ី គេមិនទាន់ទទួលបានព័ត៌មានអ្វីនៅឡើយទេ។ លោក រ៉ាម៉ាហ្វូសា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ធ្លាប់បាននិយាយថាលោក ពូទីន នឹងទៅចូលរួមកិច្ចប្រជុំកំពូល BRICS ដែលខ្លួនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ។ ប៉ុន្តែ ខណៈដែលមេដឹកនាំរុស្ស៊ី លោក ពូទីន កំពុងជាប់បណ្តឹងចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ វាជាបញ្ហាចម្រូងចម្រាស់មួយសម្រាប់អាហ្វ្រិកខាងត្បូងដែលជាសមាជិកតុលការនេះ និងដែលមានកាតព្វកិច្ចអនុវត្តដីកាចាប់ខ្លួននេះ នៅពេលដែលលោក ពូទីន ទៅជាន់ដីអាហ្វ្រិកខាងត្បូង៕




អត្ថបទបន្ទាប់


គោលនយោបាយជាតិស្ដីពី«ស្វាយចន្ទី» ដែលទើបដាក់ឲ្យប្រើប្រាស់ជាផ្លូវការថ្មីៗនេះ មានសារៈសំខាន់យ៉ាងណាចំពោះសេដ្ឋកិច្ច?

គោលនយោបាយជាតិស្តីពី«ស្វាយចន្ទី»ដែលទើបតែត្រូវបានអនុម័ត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្ន…

ចិនបោះជំហានទៅមុខក្នុងសកលភាវូបនីយកម្មរូបិយប័ណ្ណយ័ន ដោយផ្សារហ៊ុនហុងកុងមួយចំនួនគិតតម្លៃជាប្រាក់យ័ន

ការធ្វើឱ្យរូបិយប័ណ្ណយ័នរបស់ប្រទេសចិនមានការប្រើប្រាស់ជាអន្តរជាតិបន្តិចម្តងៗនោះបានបោះជំហានទៅមុខមួយជំហានទៀតហើយនៅថ្ងៃចន្ទនេះ ជាពេលដែលក្រុមហ៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ