ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់រដ្ឋាករទឹកស្វយ័តភ្នំពេញ ក៏បានគូសបញ្ជាក់ទៀតថា ការអនុវត្តវិធានការបិទខ្ទប់នាពេលកន្លងមកនេះ វាបានធ្វើឲ្យរាំងស្ទះបន្តិចបន្តួចដល់ប្រមូលថ្លៃសេវា តែវាមិនបានធ្វើឲ្យប៉ះពាល់ធំដុំដល់ប្រាក់ចំណួលរបស់រដ្ឋាករទឹកនោះទេ។ទន្ទឹមនឹងការប្រើប្រាស់ទឹកមានការកើនឡើងខ្លាំង ការប្រើប្រាស់អគ្គិសនីនៅក្នុងភូមិសាស្ត្របិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដោយសារតែការរីករាលឆ្លងកូវីដ១៩ ក៏មានការកើនឡើងខ្លាំងដូចគ្នាដែរ។
ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ការប្រើប្រាស់ទឹករបស់ពលរដ្ឋទូទៅក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលមានការកើនឡើងជាងថ្ងៃធម្មតា។ ប៉ុន្តែបើយើងងាកទៅមើលការប្រើប្រាស់សម្រាប់ទីតាំងអាជីវកម្មគឺមានការថយចុះ ដ្បិតអាជីវកម្មភាគច្រើននៅពេលនោះ ត្រូវបានបិទទ្វារ និងផ្អាកដំណើរការជាបណ្តោះអាសន្ន។
ឯកឧត្តម ស៊ឹម ស៊ីថា បានលើកឡើងថា ក្នុងអំឡុងពេលបិទខ្ទប់ ការប្រើប្រាស់ទឹកស្អាតជាមធ្យមសម្រាប់ការប្រើប្រាស់លក្ខណៈជីវភាពរស់នៅមានការកើនឡើង៣,៥% ខណៈដែលការប្រើប្រាស់ទឹកតាមបន្ទប់ជួលកើនឡើង២០%។ រីឯ ការប្រើប្រាស់ទឹកនៅតាមអាជីវកម្មមានការថយចុះ២,៣%។
យ៉ាងណាក៏ដោយចុះ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានអះអាងទៀតថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងវិធានការបិទខ្ទប់ មិនបានធ្វើឲ្យប៉ះពាល់ធំដុំដល់ប្រាក់ចំណូលរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញនោះដែរ គ្រាន់តែមានភាពយឺតយ៉ាងក្នុងការប្រមូលចំណូល និងផ្តល់សេវាកម្មបន្តិចបន្តួចតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ការបិទខ្ទប់នេះ វាបានធ្វើឲ្យមានការពន្យារពេលក្នុងការដាក់បណ្តាញចែកចាយទឹកស្អាត និងជួយជុលថែទាំបណ្តាញផងដែរ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០កន្លងទៅនេះ ប្រាក់ចំណូលរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញសម្រេចបានដល់ទៅប្រមាណ ៨០លានដុល្លារអាមេរិក កើនឡើងប្រមាណ៥០% ធៀបនឹងឆ្នាំ២០១៩។ ក្រុមប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ បានអះអាងប្រាប់ខេមបូណូមីសដែរថា ទន្ទឹមនឹងការប្រើប្រាស់ទឹកមានការកើនឡើងខ្លាំង ការប្រើប្រាស់អគ្គិសនីនៅក្នុងភូមិសាស្ត្របិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដោយសារតែការរីករាលឆ្លងកូវីដ១៩ ក៏មានការកើនឡើងខ្លាំងដូចគ្នាដែរ។ សារព័ត៌មាន ខេមបូណូមីស មិនអាចសុំការឆ្លើយតប ពីអាជ្ញាធរអគ្គិសនីកម្ពុជា EDC បានទេកាលពីម្សិលមិញនេះ៕