ក្រុមការងារស្រាវជ្រាវសត្វព្រៃ នៃក្រសួងបរិស្ថាន និងអង្គការ WWF បានឲ្យដឹងថា ពួកគេបានកត់ត្រានូវវត្តមាននៃសត្វត្មាតត្នោតចំនួនពីរក្បាលនិងត្មាតផេះចំនួនមួយក្បាលនៅសំបុកព្រៃធម្មជាតិរបស់ពួកវាក្នុងដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី ។
ក្រុមការងារស្រាវជ្រាវបានបញ្ជាក់ថាលទ្ធផលជាច្រើនដែលគេសម្រេចបានក្នុងរយៈពេលកន្លងមកដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការវិលត្រលប់មកកាន់ទ្រនំវិញរបស់សត្វស្លាបទាំងពីរប្រភេទនេះ ដែលសុទ្ធសឹងជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្រោយពីអវត្តមានក្នុងរយៈពេលដ៏យូរ។ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវក្នុងតំបន់នេះ សត្វត្មាតត្នោតធ្លាប់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនបួនក្បាល ហើយឃើញវត្តមានរបស់វាចុងក្រោយបង្អស់នៅចុងឆ្នាំ២០១៥ រីឯសត្វត្មាតផេះវិញ ត្រូវបានគេកត់ត្រាចុងក្រោយបំផុតនៅក្នុងឆ្នាំ២០១៧ រហូតមកទល់ពេលបច្ចុប្បន្ន។
យោងតាមការសន្និដ្ឋានមួយរបស់កញ្ញា Milou Groenenberg ប្រធានក្រុមស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការWWF មូលហេតុដែលបណ្តាលឲ្យបាត់វត្តមានរបស់ពួកវាពីក្នុងតំបន់ក្នុងរយៈពេលដ៏យូរនេះគឺភាគច្រើនដោយសារពួកវាបានទទួលរងនូវការពុលដោយប្រយោលនឹងសារធាតុគីមីដែលគេបានប្រើប្រាស់សម្រាប់គោលបំណងផ្សេង។ សូមបញ្ជាក់ដែរថាសត្វត្មាតភ្លើងក៏ជាសត្វស្លាបមួយប្រភេទទៀតដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពកផងដែរ។
ទន្ទឹមនឹងនេះដែរ កំណត់ត្រាថ្មីបំផុតនៃការរាប់ចំនួនសត្វត្មាតទាំងបីប្រភេទដោយក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការWWF បានបង្ហាញវត្តមានសត្វត្មាតត្នោតចំនួនបួនក្បាល សត្វត្មាតផេះចំនួន១១ក្បាល និងសត្វត្មាតភ្លើងចំនួនប្រាំក្បាល កំពុងរស់នៅក្នុងទ្រនំធម្មជាតិរបស់ពួកវាដែលស្ថិតក្នុងទីតាំងជាប់ដែនជម្រកសត្វព្រៃសំបូរតាមបណ្តោយដងទន្លេមេគង្គនៃខេត្តក្រេចះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបាននិយាយថា នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះ ។
លោក នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា ៖ «ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាននិងអង្គការ WWF ក៏ដូចជាមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកដែលបានខិតខំការពារនិងអភិរក្សតំបន់ព្រៃល្បោះដ៏ធំជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍ និងបានកំពុងធ្វើឱ្យតំបន់នេះកាន់តែមានសុវត្ថិភាពកាន់តែខ្លាំងថែមទៀតសម្រាប់សត្វព្រៃ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹក សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទរស់ នៅ។ សូមស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការការពារនិងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វ កម្រនេះបន្ថែមនេះដើម្បីផលប្រយោជន៍ជីវៈចម្រុះ និងរក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ ក្រោយបន្តទៀត»។
លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា ៖ «ដំណឹងដ៏ល្អនេះពិតជាបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ជាពិសេសក្រុមការងារនៃកម្មវិធីអភិរក្សតំបន់ព្រៃទេសភាពភាគខាងកើតនៃកម្ពុជាលើការបង្កើនកិច្ចខិតខំប្រឹងប្រែងជាប្រចាំសំដៅជម្រុញឱ្យចំនួនសត្វបក្សីទាំងនេះមានកំណើនចំនួនពួកវាឡើងវិញនៅថ្ងៃខាងមុខ» ។
នៅក្នុងប្រទេសកម្ពុជា ចំនួនសត្វត្មាតទាំងបីប្រភេទត្រូវបានអ្នកវិទ្យាសាស្រ្តកត់ត្រាថាបានធ្លាក់ចុះគួរឲ្យបារម្ភក្នុងរយៈពេលជាង១៥ ឆ្នាំចុងក្រោយនេះ។ ការគំរាមកំហែងចំបងៗដល់ការរស់នៅរបស់ប្រភេទសត្វស្លាបដ៏សំខាន់ជាសកលទាំងនេះរួមមានការពុលនឹងសារធាតុគីមីដែលគេប្រើប្រាស់សម្រាប់គោលដៅ ផ្សេង កង្វះចំណីអាហារ ការបាត់បង់ជម្រក និងសកម្មភាពរំខានដោយមនុស្ស។
សូមបញ្ជាក់ផងដែរថាលទ្ធផលនៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិដោយក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា គិតត្រឹម ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថាមានសត្វត្មាតសរុបទាំងអស់ចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង២០ក្បាល ត្មាតផេះ៦៦ក្បាល និងត្មាតត្នោត៣៥ក្បាល ។
ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាមានសមាសភាពចម្រុះពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ(BirdLife) អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ(ACCB) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការជីវិតធម្មជាតិកម្ពុជា(NLC) ក្រុមហ៊ុន Rising Phoenix អង្គការCBGA ក្រុមហ៊ុនSVC Tour និង មជ្ឈមណ្ឌលអភិរក្សជីវចម្រុះ(CBC) ៕