លោក ម៉ាសាហ៊ីរ៉ូ មូរីណាហ្គា (Masahiro Morinaga) ប្រធានការិយាល័យអង្គការពាណិជ្ជកម្មជប៉ុនក្រៅប្រទេស ប្រចាំនៅទីក្រុង ឆេងឌូ (Chengdu) ប្រទេសចិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនាពេលថ្មីៗនេះថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ដែលហៅកាត់ថា RCEP នឹងជំរុញជាវិជ្ជមានដល់កំណើនរយៈពេលវែងនៃសេដ្ឋកិច្ចពិភពលោកប្រកបដោយស្ថិរភាព។
លោកបានអះអាងថា ប្រទេសដែលទទួលស្គាល់ អាសិប ជាធរមាន មាន ១៥ ប្រទេសហើយ, ក្រោយពេលដែលការផ្ដល់សច្ចាប័នលើកតិកាសញ្ញាពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោកមួយនេះដោយប្រទេសហ្វីលីពីនបានចូលជាធរមានកាលពីថ្ងៃទី ២ ខែមិថុនា។
អ្នកជំនាញជប៉ុនរូបនេះបាននិយាយទៀតថា ជាមួយនឹងការកាត់បន្ថយរបាំងពន្ធគយក្នុងចំណោមរដ្ឋជាសមាជិកទាំង ១៥ និងការគោរពតាមបទប្បញ្ញត្តិដូចៗគ្នាក្នុងវិស័យវិនិយោគ និងពាណិជ្ជកម្ម, អាសិប នឹងជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ស្របពេលដែលពាណិជ្ជកម្មតំបន់នេះមានទំហំ ៣០ ភាគរយនៃពាណិជ្ជកម្មពិភពលោក ។
លោក ម៉ាសាហ៊ីរ៉ូ មូរីណាហ្គា បាននិយាយថា ពាណិជ្ជកម្មអន្តរជាតិបានរងផលប៉ះពាល់យ៉ាងខ្លាំងពីលទ្ធិគាំពារនិយមក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ មួយផ្នែកគឺដោយសារតែការរឹតត្បិតលើអង្គការពាណិជ្ជកម្មពិភពលោក និងស្ថាប័នអន្តរជាតិផ្សេងទៀត មិនឱ្យបំពេញតាមការទទួលខុសត្រូវរបស់ពួកគេ។ មួយផ្នែកទៀតគឺដោយសារតែវិធានការគាំពារពាណិជ្ជកម្មដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត។
លោកបាននិយាយថា នៅក្នុងក្របខ័ណ្ឌ RCEP ពន្ធនឹងត្រូវបានបន្ទាប ឬលុបចេញជាដំណាក់កាល ហើយការចរចារកិច្ចព្រមព្រៀងនឹងមានតួនាទីកាន់តែសំខាន់ឡើងក្នុងការជំរុញពាណិជ្ជកម្មនិងសេដ្ឋកិច្ច។ លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសចិន និងប្រទេសសមាជិក RCEP ផ្សេងទៀត [រួមទាំងប្រទេសសមាជិកអាស៊ានទាំងអស់ ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងកូរ៉េខាងត្បូងផង] នឹងកាន់តែជិតស្និទ្ធ។
អ្នកជំនាញជប៉ុនរូបនេះបាននិយាយថា ពិភពលោកមិនត្រូវការ "ការកាត់ផ្ដាច់ទំនាក់ទំនង" និងការប្រឈមមុខដាក់គ្នាទេ ហើយប្រទេសនានាគួរតែងាកទៅរក RCEP ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ កសាងប្រព័ន្ធពាណិជ្ជកម្មសេរីនិងបើកចំហ ហើយជំរុញសេដ្ឋកិច្ចពិភពលោក។
អ្នកជំនាញដដែលបានអះអាងថា នៅពេលដែល អាសិប មានការអនុវត្តពេញលេញ ប្រទេសសមាជិកទាំងអស់នឹងទទួលបានឱកាសមួយដើម្បីវិលត្រឡប់មកដើរនៅក្នុងគន្លងនៃការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅលើកស្ទួយពាណិជ្ជកម្មសេរីនៅក្នុងតំបន់។
មកដល់ពេលនេះ អាសិប ត្រូវបានគេដឹងថា មានប្រទេសសមាជិកទាំងអស់១៥ ប្រទេស រួមទាំងកម្ពុជា ហើយមាន ប្រជាពលរដ្ឋសរុប ២,២ ពាន់លាននាក់ ព្រមទាំងមានផលិតភាពសេដ្ឋកិច្ចសរុប ២៦,២ ទ្រីលានដុល្លារ៕