ដើម្បីជៀសវាងបញ្ហានានា អ្នកជំនាញ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដែលចង់ទិញអចលនទ្រព្យតែគ្មានជំនាញទិញលក់លើវិស័យអចលនទ្រព្យនេះ អ្នកគួរពឹងពាក់អ្នកជំនាញ ឬ ក្រុមហ៊ុន ទីភ្នាក់ងារ និង វាយតម្លៃអចលនទ្រព្យឲ្យបានត្រឹមត្រូវ។ ប៉ុន្តែការពឹងអ្នកជំនាញ ឬ ក្រុមហ៊ុនទីភ្នាក់ងារអចលនទ្រព្យត្រូវតែសិក្សាឲ្យបានល្អិតល្អន់ពាក់ព័ន្ធនឹងប្រវត្តិ និងស្នាដៃដែលពួកគេសម្រេចបាននាពេលកន្លងមកផងដែរ។
ឧកញ៉ា ចេង ខេង
អ្នកជំនាញដែលមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យអចលនទ្រព្យកម្ពុជា
បានលើកទឹកចិត្តឲ្យអ្នកចង់ទិញអចលនទ្រព្យ ប៉ុន្តែគ្មានជំនាញក្នុងវិស័យនេះ
គួរស្វែងរកការពិភាក្សាពីអ្នកជំនាញ ឬ ក្រុមហ៊ុនទីភ្នាក់ងារ និង វាយតម្លៃអចលនវត្ថុ
បើមិនចង់ប្រើប្រាស់ហិរញ្ញវត្ថុក្នុងការទិញអចលនវត្ថុជួបបញ្ហាខាតបង់។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL រូបនេះអះអាងថា
ការពឹងអ្នកជំនាញ ឬក្រុមហ៊ុនអចលនវត្ថុក្នុងការទិញអចលនទ្រព្យ
មិនត្រឹមតែជួយឲ្យការប្រើប្រាស់ហិរញ្ញវត្ថុមានសុវត្ថិភាពនោះទេ
ថែមទាំងអាចផ្តល់ប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លីក៏អាចថាបាន។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះសង្កត់ធ្ងន់ថា ការស្វែងរកការពិភាក្សា ឬពឹងអ្នកជំនាញ ឬក្រុមហ៊ុនទីភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុទៀតសោត ត្រូវសិក្សាពីប្រវត្តិអ្នកជំនាញ ឬក្រុមហ៊ុននោះឲ្យបានល្អិតល្អន់។ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ និងស្នាដៃដែលអ្នកជំនាញ ឬក្រុមហ៊ុននោះសម្រេចបាននាពេលកន្លងមក ដ្បិតការពឹងអ្នកជំនាញ ឬក្រុមហ៊ុនទីភ្នាក់ងារអចលនវត្ថុ ដែលគ្មានការអនុញ្ញាតពីស្ថាប័នរដ្ឋ ឬគ្មានជំនាញច្បាស់លាស់ នឹងអាចនាំហានិភ័យកាន់ខ្ពស់ក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ។
ជាមួយគ្នានេះ ឧកញ៉ា ចេង ខេង បានផ្តល់ជាគំនិតក្នុងការប្រើប្រាស់ហិរញ្ញវត្ថុទៀតថា ប្រសិនបើប្រជាពលរដ្ឋមានដើមទុនតិចតួចគួរទិញដី ឬអចលនវត្ថុនៅជាយក្រុងឬតាមខេត្ត។ តែបើអ្នកមានដើមទុនច្រើន គួរទិញដី ឬអចលនវត្ថុនៅក្នុងក្រុង ដ្បិតវាអាចផ្តល់ប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លី។ ប៉ុន្តែការទិញអចលនទ្រព្យ មិនមែនចេះតែទិញនោះទេ ពោលគឺត្រូវមើល ថាតើនៅតំបន់នោះមានគម្រោងធំៗអ្វីខ្លះ និងមានការអភិវឌ្ឍន៍កម្រិតណាទៅថ្ងៃអនាគត។
បើតាមអ្នកជំនាញនៅក្នុងវិស័យនេះ ដ្បិតថាការនៅអំឡុងពេលកូវីដ-១៩រាតត្បាតខ្លាំងនេះ ចរន្ដនៃការទិញលក់មានការថមថយក៏ពិតមែន ប៉ុន្ដែតម្លៃអចលនទ្រព្យ គឺមិនមានការស្រុតចុះខ្លាំងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺតម្លៃនៅតែមានសភាពទ្រឹង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្រោយពេលរាជរដ្ឋាភិបាលបន្ធូរបន្ថយវិធានការកូវីដ១៩ គេសង្កេតឃើញថា ចរន្ដទិញលក់អចលនទ្រព្យនាពេលថ្មីៗនេះ ហាក់មានការកម្រើកខ្លួនបន្តិចវិញហើយ ហើយវិស័យនេះត្រូវបានរំពឹងថា នឹងបន្ដកំណើនថែមទៀត នៅក្រោយពេលរាជរដ្ឋាភិបាលអាចគ្រប់គ្រងកូវីដ-១៩បានក្នុងពេលឆាប់ៗ៕