អ្នកជំនាញជឿជាក់ថា វិស័យអចលនទ្រព្យ និងសំណង់របស់កម្ពុជា ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ នឹងអាចមានភាពល្អប្រសើរឡើងវិញ ប្រសិនបើទទួលបានការអនុគ្រោះពន្ធលើចំណេញមូលធនពីរឆ្នាំបន្ថែមទៀត។
ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានចាត់ទុកការស្នើសុំពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានបង្ហាញពីការយកចិត្តទុកដាក់លើជីវភាពរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅកម្ពុជា។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះសង្កេតឃើញថា វិស័យសំណង់ អចលនទ្រព្យ និងវិស័យសំខាន់ៗមួយចំនួនរបស់កម្ពុជានៅតែបន្តរងការគំរាមកំហែងពីវិបត្តិកូវីដ-១៩ នៅឡើយ ទោះបីកម្ពុជាបានបើកប្រទេសលើគ្រប់វិស័យឡើងវិញ និងប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក៏ដោយ។
អ្នកជំនាញមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យអចលនទ្រព្យរូបនេះជឿជាក់ថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាបន្តលើកលែងការយកពន្ធលើចំណេញមូលធនពីរឆ្នាំបន្ថែមទៀតមែន វានឹងធ្វើឲ្យវិស័យសំណង់និងទីផ្សារអចលទ្រព្យនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។ លើសពីនេះ វានឹងជួយធ្វើឲ្យឱកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ និងទាក់ទាញបន្ថែមសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។
គួររំលឹកថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់សំណើរមួយទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសុំពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនចំនួនពីរឆ្នាំបន្ថែមទៀត ក្រោយក្រសួងសង្កេតឃើញអាជីវកម្មមួយចំនួនបន្តរងផលប៉ះពាល់នៅឡើយ។
គោលបំណងនៃការស្នើសុំនេះ គឺដើម្បីជំរុញការវិនិយោគ កែលម្អបរិយាកាសធុរកិច្ច និងជួយសម្រួលជីវភាពប្រជាពលរដ្ឋ។ បន្ថែមលើនេះ គឺដើម្បីចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលទើបដាក់ចេញកាលពីអំឡុងខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នុប សុធនវិចិត្រ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាយល់ស្របតាមសំណើររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការយកពន្ធលើចំណេញមូលធន នឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៤តទៅ ខណៈតាមគម្រោងយន្តការពន្ធនេះត្រូវអនុវត្តនៅឆ្នាំ២០២២ នេះ ក្រោយពន្យារពេលជាង១ឆ្នាំកន្លងមកនេះ៕