វិស័យពាណិជ្ជកម្ម

តើការដាក់ពន្ធគ្នាទៅវិញទៅមករវាងអាម៉េរិក និងចិនអាចជះឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ច និងការពាណិជ្ជកម្មរបស់កម្ពុជា?


លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានប្រកាសដំឡើងពន្ធគយខ្ពស់កប់ពពកលើទំនិញរបស់ប្រទេសចិនរហូតដល់១២៥% បន្ទាប់ពីប្រទេសចិនដាក់ពន្ធលើទំនិញអាម៉េរិក៨៥% ដែលធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែឡើងកម្តៅបន្ថែមទៀត។ តែយ៉ាងណាសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេលអនុវត្តពន្ធ៤៩%លើកម្ពុជារួមទាំងប្រទេសផ្សេងៗលើកលែងចិនរយៈពេល៩០ថ្ងៃ។តើសង្រ្គាមពន្ធរវាងសហរដ្ឋអាម៉េរិកជាមួយចិន អាចជះឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា?
វិស័យពាណិជ្ជកម្ម
ដោយ

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាយល់ឃើញថា ការដំឡើងពន្ធដាក់គ្នារវាងអាម៉េរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចផុតលេខទាំងពីរលើពិភពលោក ចង់ ឬមិនចង់វានឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ពិភពលោករួមទាំងកម្ពុជា។ អាចជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា ក៏ដោយសារតែចិនជាដៃគូដោះដូរពាណិជ្ជកម្ម និងជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមធំបំផុតរបស់កម្ពុជា ខណៈអាម៉េរិកជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាដូចគ្នាដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះអ្នកជំនួញរូបនេះយល់ឃើញថា កម្ពុជាគួរព្យាយាមសម្របខ្លួនទៅតាមស្ថានការណ៍ និងបង្កើនសមត្ថភាពផលិតរបស់ខ្លួន។

ជាមួយគ្នានេះឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អេចប្រេស យល់ឃើញថា សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចពិភពលោកអាចបង្កផលប៉ះពាល់ខ្លះៗមកលើសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាម៉េរិកជាមួយប្រទេសចិន ទំនងជាមិនអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជានោះទេ ដោយសាររដ្ឋាភិបាលបានត្រៀមខ្លួនជានិច្ចក្នុងការបង្ការហានិភ័យដែលអាចកើតឡើងជាយថាហេតុ។

ដោយឡែកលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នគេនៅពុំទាន់អាចវាយតម្លៃពីផលប៉ះពាល់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដែលកើតចេញពីសង្រ្គាមពាណិជ្ជកម្មបាននៅឡើយទេ។ ប៉ុន្តែប្រសិនបើក្នុងករណីកម្ពុជាជាប់ពន្ធ ហើយប្រទេសផ្សេងៗទៀតមិនជាប់ពន្ធទេនោះវិស័យឧស្សាហកម្មរបស់កម្ពុជានឹងត្រូវរងគ្រោះធ្ងន់ធ្ងរ។ សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើសហរដ្ឋអាម៉េរិកដាក់បន្ទុកពន្ធតែលើប្រទេសចិន ហើយប្រទេសផ្សេងៗត្រូវបានបន្ធូរបន្ថយពន្ធវិញនោះនឹងធ្វើឱ្យឧស្សាហកម្មរបស់ចិនងាកមកបណ្ដាប្រទេសនានា ជាពិសេសកម្ពុជាតែម្ដង។ ហើយប្រសិនបើរឿងនេះអាចកើតឡើងមែននោះ គឺទាមទារឱ្យកម្ពុជាត្រូវធ្វើកែទម្រង់មួយចំនួនក្នុងការទាក់ទាញវិនិយោគិនចិន។

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានសម្រេចពន្យារពេល អនុវត្តពន្ធបដិការ ឬពន្ធទៅវិញទៅមកលើប្រទេសផ្សេងៗលើកលែងតែចិនរយៈពេល៩០ថ្ងៃរាប់ចាប់តាំងពីថ្ងៃទី១០ ខែមេសា តទៅ បន្ទាប់ពីមានប្រទេសប្រមាណ៧០បានដាក់សំណើរសុំចរចាជាមួយសហរដ្ឋអាម៉េរិកជុំវិញបញ្ហាពន្ធនេះ។ ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិករូបនេះបានអះអាងផងដែរថា លោកអាចនឹងបញ្ចុះពន្ធនៅត្រឹម១០%ដល់ប្រទេសដែលបានដាក់សំណើសុំចរចាជាមួយសហរដ្ឋអាម៉េរិក៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង ជីអូលីង គ្រុប: ភាពជាដៃគូរយៈពេល ២៥ឆ្នាំដែលជំរុញការច្នៃប្រឌិត សុវត្ថិភាព និងនិរន្តរភាពក្នុងវិស័យភស្តុភារ

ភ្នំពេញ, កម្ពុជា - ភាពជាដៃគូរយៈពេល ២៥ ឆ្នាំរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន ដឹកជញ្ជូន និងភស្តុភារក្នុងស្រុក ជីអូលីង គ្រុប …

តម្លៃប្រាក់ដុល្លារ និងផ្សារភាគហ៊ុនអាម៉េរិក ហក់ឡើងវិញស្រឺតៗ ក្រោយលោក ត្រាំ ប្រកាសពន្យារពេលអនុវត្តពន្ធថ្មី៩០ថ្ងៃ

តម្លៃដុល្លារអាម៉េរិក បានហក់ឡើងថ្លៃមកវិញបន្តិច បើធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត រីឯផ្សារភាគហ៊ុនសហរដ្ឋអាម៉េរិក ក៏បានហក់ឡើងវិញស្រឺតៗដែរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ