វិបត្តិសេដ្ឋកិច្ចស្រីលង្កា

វិបត្តិសេដ្ឋកិច្ចនៅប្រទេសស្រីលង្កា ជំរុញឲ្យរដ្ឋនឹងកាត់ផ្ដាច់អគ្គិសនី ១០ម៉ោងជារៀងរាល់ថ្ងៃ


ប្រទេសស្រីលង្កាកំពុងជួបវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ ដោយនៅថ្ងៃពុធសប្ដាហ៍នេះ រដ្ឋាភិបាលប្រទេសដីកោះមួយនេះ បានចាប់ផ្តើមអនុវត្តវិធានការកាត់ដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃរយៈពេល ១០ ម៉ោងនៅទូទាំងប្រទេស ខណៈដែលស្រីលង្កាបច្ចុប្បន្ន អស់ថាមពលវារីអគ្គិសនីប្រើប្រាស់ ស្របពេលដែលប្រេងឥន្ធនៈក៏មានការខ្វះខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានAFP។
ប្រទេសស្រីលង្កាជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ខ្លាំង

ស្រី​លង្កា ជា​ប្រទេស​មួយ​ស្ថិត​នៅ​តំបន់​អាស៊ី​ខាងត្បូង ដែល​មាន​ប្រជាជន​ចំនួន ២២ លាន​នាក់ កំពុង​ស្ថិត​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៨​មក ដោយសារ​តែ​ខ្វះខាត​រូបិយ​បណ្ណ​បរទេស​យ៉ាងច្រើន​ដើម្បី​ទូទាត់​សម្រាប់​ការ​នាំ​ចូល​ទំនិញ​ពី​ក្រៅប្រទេស​។

ក្រុមហ៊ុន​អគ្គិសនី​ផ្តាច់មុខ​របស់​រដ្ឋ​បាន​និយាយ​ថា ខ្លួន​បាន​បង្កើន​ចំនួន​ម៉ោង​នៃ​ការ​ផ្ដាច់​ចរន្តអគ្គិសនី​ពី​រយៈពេល ៧ ម៉ោង​ឡើង​ទៅ​ដល់ ១០ ម៉ោង​ជា​រៀងរាល់ថ្ងៃ ចាប់តាំងពី​ដើមខែ​មីនា​នេះ​មក ដោយសារ​មិន​មាន​ប្រេង​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ម៉ាស៊ីនភ្លើង​។

ក្រុម​មន្ត្រី​ស្រី​លង្កា​បាន​និយាយ​ថា ការ​ផ្គត់ផ្គង់​អគ្គិសនី​ជាង ៤០ ភាគរយ​នៅ​ប្រទេស​ស្រី​លង្កា គឺ​ពឹងផ្អែក​ទៅ​លើ​ថាមពលវារីអគ្គីសនី ប៉ុន្តែ​ទឹក​នៅ​ក្នុង​អាង​ស្តុក​ទឹក​សម្រាប់​ផលិត​ថាមពល​វា​រី​អគ្គិសនី​មាន​កម្រិត​ទាប​ពេក មិន​អាច​ផលិត​អគ្គិសនី​បាន​ទេ ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់​ជា​យូរ​ខែ​មក​ហើយ​បង្ក​ជា​គ្រោះ​រាំង​ស្ងួត​យ៉ាង​ខ្លាំង​។

ការ​ផលិត​ថាមពល​អគ្គិសនី​ភាគច្រើន គឺ​ពឹង​លើ​ការ​ដុត​ធ្យូងថ្ម និង​ប្រេងឥន្ធនៈ​ដែល​ជា​កត្តា​សំខាន់​បំផុត​ប៉ុន្តែ​ពេល​នេះ​វា​កំពុង​ខ្វះខាត​ការ​ផ្គត់ផ្គង់​យ៉ាង​ខ្លាំង​ដោយសារ​ប្រទេស​នេះ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទូទាត់​សម្រាប់​ការ​នាំ​ចូល ឬ​ការ​ផ្គត់ផ្គង់​ថាមពល​ទាំង​២​នេះ​។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន​សារ​ជីវ​កម្ម​លក់​ប្រេង​ឥ​ន្ធៈ​ដ៏​សំខាន់​គឺ​ក្រុមហ៊ុន Ceylon Petroleum Corporation (CPC) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ប្រកាស​ថា ក្រុមហ៊ុន​នេះ​នឹង​ដាច់​ស្តុក​ប្រេងម៉ាស៊ូត​នៅ​ក្នុង​ប្រទេស​នេះ សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់​២​ថ្ងៃ ហើយ​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​ម្ចាស់​យានយន្ត​ដែល​កំពុង​រង់ចាំ​ទិញ​ប្រេង​នៅ​ស្ថានីយ​របស់​ខ្លួន​ឱ្យ​បំបែកជួរ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​។

តម្លៃ​ប្រេងឥន្ធនៈ​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ដោយ​តម្លៃ​ប្រេងសាំង​កើនឡើង ៩២ % និង​ប្រេងម៉ាស៊ូត​កើនឡើង ៧៦ % ចាប់តាំងពី​ដើមឆ្នាំ​មក​ទល់​ពេល​នេះ​។ ក្រុម​មន្ត្រី​ស្រី​លង្ការ បាន​និយាយ​ថា រដ្ឋាភិបាល​បាន​ចំណាយពេល ១២ ថ្ងៃ ដើម្បី​ស្វែងរក​ប្រាក់​ចំនួន ៤៤ លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​ចុង​ក្រោយបង្អស់​នូវ​ឧស្ម័ន LP និង​ប្រេងកាត​។

រដ្ឋាភិបាល​ទីក្រុង​កូ​ឡុំ​បូ​បាន​ដាក់​បម្រាម​នាំ​ចូល​យ៉ាងច្រើន​កាលពី​ខែមីនា ឆ្នាំ​២០២០​ដើម្បី​សន្សំ​រូបិយ​បណ្ណ​បរទេស ដែល​កំពុង​តែ​ត្រូវការ​ចាំបាច់​សម្រាប់​ទូទាត់​បំណុល​បរទេស​ចំនួន ៥១ ពាន់​លាន​ដុល្លារ​របស់​ខ្លួន​។ ប៉ុន្តែ​ទ​ង្វើ​នេះ​បាន​បង្ក​ឱ្យ​មាន​កង្វះខាត​យ៉ាង​ខ្លាំង​នូវ​ទំនិញប្រើប្រាស់​សំខាន់​ៗ​ជា​ហេតុ​ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​កើនឡើង​យ៉ាង​ខ្លាំង​រហូត​មក​ដល់​ពេល​នេះ​។

ការ​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​អគ្គិសនី​រយៈពេល​ច្រើន​ម៉ោង​នេះ បាន​បង្ខំ​ឱ្យ​មន្ទីរពេទ្យ​ជា​ច្រើន​សម្រេចចិត្ត​បញ្ឈប់​ការ​វះកាត់​តាម​ទម្លាប់​របស់​ខ្លួន ហើយ​ផ្សារ​ទំនើប​ជា​ច្រើន​ទៀត​ក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​មានការ​កម្រិត​លើ​ការ​លក់​ចំណីអាហារ​ទៅ​តាម​ចំនួន​សមរម្យ​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា

None



អត្ថបទបន្ទាប់


ប្រមុខដឹកនាំសិង្ហបុរី និងអាមេរិកអះអាងថា សង្គ្រាមអ៊ុយក្រែនធ្វើឲ្យពិភពលោកទាំងមូលស្ថិតក្នុងហានិភ័យ

ប្រមុខដឹកនាំកំពូលសិង្ហបុរី និងសហរដ្ឋអាមេរិក បានជួបនិយាយគ្នាទល់មុខនៅ ថ្ងៃអង្គារទី២៩ មីនា ដោយបានគូសបញ្ជាក់ថា ការគំរាមកំហែងដល់ធម្មនុញ្ញអ…

វៀតណាមនឹងបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ២ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក

ក្រុមហ៊ុនផលិតរថយន្តប្រើថាមពលអគ្គិសនីដ៏ធំបំផុតរបស់វៀតណាម VinFast បាននិយាយថា ខ្លួននឹងចាប់ផ្ដើមបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងរដ្ឋ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ