ហានិភ័យពិភពលោក

ប្រមុខដឹកនាំសិង្ហបុរី និងអាមេរិកអះអាងថា សង្គ្រាមអ៊ុយក្រែនធ្វើឲ្យពិភពលោកទាំងមូលស្ថិតក្នុងហានិភ័យ


ប្រមុខដឹកនាំកំពូលសិង្ហបុរី និងសហរដ្ឋអាមេរិក បានជួបនិយាយគ្នាទល់មុខនៅ ថ្ងៃអង្គារទី២៩ មីនា ដោយបានគូសបញ្ជាក់ថា ការគំរាមកំហែងដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទបញ្ញត្តិនានារបស់អន្តរជាតិដែលកំពុងកើតមាននៅគ្រប់ទីកន្លែង រួមទាំងការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនផងនោះ កំពុងធ្វើឲ្យសន្តិភាព និងភាពរុងរឿងនៅគ្រប់ទីកន្លែងក្នុងពិភពលោក ធ្លាក់ចូលក្នុងហានិភ័យ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសិង្ហបុរី Channel News Asia។
សិង្ហបុរីនិងអាមេរិកបារម្ភសង្គ្រាមអ៊ុយក្រែនបង្កហានិភ័យពិភពលោក

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ បន្ទាប់​ពី​ជំនួប​ទ្វេភាគី នៅ​សេត​វិមាន​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុ​ង (Lee Hsien Loong) និង​ប្រធានាធិបតី​អា​មេ​រិ​ក ចូ បៃ​រ​ឌិន​និយាយ​ថា គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​នា​ពេល​នេះ ដោយ​រួម​ទាំង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ផង បាន​និង​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ស្មុគស្មាញ​ជា​ច្រើន គួរ​ឲ្យ​ព្រួយបារម្ភ និង​ប្រកបដោយ​ហានិភ័យ​។

សេចក្តីថ្លែងការណ៍​រួម​ដដែល​បាន​រៀបរាប់​ថា​៖ ការ​ចេះ​ចូលរួម​ជាមួយ​គ្នា ក្តោប​យក​ឱកាស និង​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​សតវត្សរ៍​ទី​២១ ទាមទារ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​រវាង​អា​មេ​រិ​ក និង​សិង្ហ​បុរី​។

មេដឹកនាំ​កំពូល​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​បញ្ហា​ជា​ច្រើន​ទៀត​ដូច​ជា ស្ថានភាព​អ៊ុយ​ក្រែ​ន ការ​ចូលរួម​របស់​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​កិច្ចការ​ថ្មី​ៗ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ជាដើម​។

ក្នុង​នោះ លោក លី សៀន​ឡុ​ង បាន​កត់​សម្គាល់ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ពិតជា​មាន​ឥទ្ធិពល​ដល់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។ លោក​ថា ប្រសិនបើ​មិន​មានការ​គ្រប់គ្រង​បាន​ល្អ​ទេ​នោះ អាច​នឹង​ធ្វើ​ឲ្យ​ជម្លោះ​រីក​រាលដាល​កាន់តែ​ធំ​ៗ​ឡើង​។ ប្រទេស​ក្នុង​តំបន់​ដែល​ធ្លាប់តែ​ចែករំលែក​ផលប្រយោជន៍​ជាមួយ​ប្រទេស​ជម្លោះ ត្រូវ​តែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា ដើម្បី​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា តាម​រយៈ​មធ្យោបាយ​ដោះស្រាយ​ដោយ​សន្តិវិធី​។ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​ការ​សន្ទនា​រវាង​ប្រទេស​នានា​។ ការ​ធ្វើ​ដូច្នេះ នឹង​ជួយ​បញ្ចៀស​ជម្លោះ និង​ការពារ​ការ​យល់​ខុស​ពី​ចេតនា​របស់​គ្នា​ទៅ​វិញ​ទៅ​មក​។

ក្រៅ​តែ​ពី​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន សំណុំរឿង​ក្តៅ​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​មេដឹកនាំ​ទាំង​ពីរ​លើកយក​មក​ជជែក​ផង​ដែរ​។ ក្នុង​នោះ​រួម​មាន​បញ្ហា​នៅ​មី​យ៉ា​ន់​ម៉ា និង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​។ ប្រមុខ​ដឹកនាំ​សិង្ហ​បុរី និង អា​មេ​រិ​ក បាន​ជំរុញ​ឱ្យ​របប​ក្រុង​ព្យុ​ង​យ៉ាង​បញ្ឈប់​ការ​បាញ់​មី​ស៊ី​ល​របស់​ខ្លួន ហើយ​ត្រលប់​ទៅ​រក​តុ​ចរចា​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​វិញ​។

ប្រទេស​ទាំង​ពីរ​សម្តែង​ក្តី​បារម្ភ​ទៀត​ថា ការ​បាញ់​បង្ហោះ​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង គឺជា​ការ​បំពាន​យ៉ាង​ច្បាស់​ទៅ​លើ​ការ​ហាមប្រាម​របស់​អង្គការសហប្រជាជាតិ​និង សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​។

សូម​ជម្រាប​ថា នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុ​ង កំពុង​ស្ថិត​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​សម្រាប់​ដំណើរ​ទស្សនកិច្ច​ការងារ​រយៈពេល​ប្រាំពីរ​ថ្ងៃ​របស់​លោក ដែល​វា​ជា​លើក​ដំបូង​ហើយ សម្រាប់​ប្រមុខ​ដឹកនាំ​សិង្ហ​បុរី​រូប​នេះ ក្នុង​បេស​សកម្ម​ទៅ​អា​មេ​រិ​ក ក្រោម​អាណត្តិ​គ្រប់គ្រង​របស់​លោក បៃ​ឌិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយជំនួបចរចាជុំទី៤ តើសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនមានពន្លឺសន្ដិភាពដែរ ឬទេ?

ព័ត៌មាន
ដំណើរការចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនជុំទី៤ ត្រូវបានភាគីទាំងពីរបង្ហាញក្តីកង្វល់សមហេតុផលរៀងៗខ្លួន។ នេះបើតាមការអះអាងពីប្រធានាធិបត…

វិបត្តិសេដ្ឋកិច្ចនៅប្រទេសស្រីលង្កា ជំរុញឲ្យរដ្ឋនឹងកាត់ផ្ដាច់អគ្គិសនី ១០ម៉ោងជារៀងរាល់ថ្ងៃ

ព័ត៌មាន
ប្រទេសស្រីលង្កាកំពុងជួបវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ ដោយនៅថ្ងៃពុធសប្ដាហ៍នេះ រដ្ឋាភិបាលប្រទេសដីកោះមួយនេះ បានចាប់ផ្តើមអនុវត្តវិធានការកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ