
លោក សំ សក្ដា គឺជាសហគ្រិនចូលចិត្តធ្វើ ជាងនិយាយ។ បច្ចុប្បន្ន ជាអ្នកគ្រប់គ្រងនិងស្ថាបនិករបស់ហាងកាហ្វេ Khmer Enterprise (K.E) នៅរាជធានីភ្នំពេញ សហគ្រិនវ័យ ៣៣ឆ្នាំរូបនេះ មានផលិតផល ក្នុងស្រុកពិសេសម្យ៉ាង ដែលហាងកាហ្វេរាប់ពាន់ទៀតមិនមានដូច។ នោះគឺមីក្រហម ដែលជាគំនិតច្នៃប្រឌិតនិងបង្កើតដោយខ្មែរផ្ទាល់។ វាគឺជាមោទនភាពដ៏កម្រ។
មីក្រហមធ្វើចេញពីម្សៅស្រូវសាឡី ផ្សំជាមួយនឹងទឹកចម្រាញ់ចេញពីមើមឆៃថាវក្រហម ដែលសំបូរដោយវីតាមីនច្រើនមុខ។ ស្របពេលដែលភោជនីយដ្ឋាននិងហាងកាហ្វេជាច្រើននាំចូល ផលិតផលវេចខ្ចប់ស្រាប់ពីប្រទេសក្រៅ មីក្រហម នៅ K.E Cafe បាននិងកំពុងក្លាយជាជម្រើសដ៏ប្រសើរដល់អតិថិជន។

ជាគោលគំនិតរបស់លោក សំ សក្ដា មីក្រហម គឺតំណាងឲ្យផលិតផលក្នុងស្រុក ការច្នៃបង្កើតដោយខ្លួនឯងមិនចម្លងពីគេ និងការគិតគូរដល់សុខភាពអ្នកបរិភោគជាចម្បង។
លោក សំ សក្ដា ដែលបានបញ្ចប់ការសិក្សាផ្នែកសហគ្រិនភាពមកពីបរទេស ថ្លែងប្រាប់ ខេមបូណូមីស ដូច្នេះថា៖ «ទម្រាំបានចេញជាមីក្រហមមួយចាន យើងត្រូវចំណាយទាំងកម្លាំងកាយ ចិត្ត និងប្រាជ្ញា មិនរាប់ទាំងថវិកា ដែលវិនិយោគលើគ្រឿងផ្សំនិងរបស់ដើមដែលមានក្នុងស្រុកដែលអាចរកបានផងទេ។»
បើទោះជាការផលិតដោយខ្លួនឯងលំបាកជាងទិញមីកញ្ចប់ស្រាប់ ប្រើថ្លៃដើមច្រើនជាងផលិតផលពីបរទេសក្ដី សហគ្រិនវ័យក្មេង សម សក្កដា ជឿជាក់ថា វាជាចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីអប់រំអតិថិជនអំពីការទទួលទានអាហារផលិតក្នុងស្រុកដែលមានគុណភាពផង និងបង្ហាញនូវជំហរដ៏មាំថា ភាពច្នៃប្រឌិតរបស់សហគ្រិនក្នុងស្រុក គឺមាន និងអាចទៅមុខបាន ផង។

ប៉ុន្មានឆ្នាំកន្លងមកនេះ លោក សក្ដា ក៏បានក្រឡេកមើល និងកោតសរសើរសហគ្រិនខ្មែរលេចធ្លោមួយចំនួន ដែលបាននិងកំពុងដើរលើវិថីនេះរួចហើយ។ ខណៈដែលសហគ្រិនដែលលោកបានស្ញប់ស្ញែងផ្ទាល់បាន បោះបង់ផ្លូវនេះចោល ក៏មានសហគ្រិនផ្សេងទៀតកំពុងព្យាយាមខិតខំពុះពារគ្រប់បែបយ៉ាង ដើម្បីរក្សានូវផលិតផលនិងផ្លាកសញ្ញាដែលបង្កើតឡើងក្នុងស្រុក ឲ្យកាន់តែទទួលបានការគោរពនិងវិវឌ្ឍទៅមុខផងដែរ បើទោះបីជាមានការប្រកួតប្រជែងជាមួយនឹងផលិតផលដែលពាក់ផ្លាកសញ្ញាអន្តរជាតិល្បីៗក៏ដោយ។
ជាមួយនឹងអាហារ មីក្រហម ដែលផ្តោតលើគុណភាពសម្រាប់សុខភាពអ្នកបរិភាគ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាអតិបរមា គោលដៅយូរអង្វែងទៅទៀត គឺលោក សំ សក្ដា ចង់ឲ្យពលរដ្ឋខ្មែរមានជំនឿថា សហគ្រិនក្នុងស្រុកអាចផលិតអាហារដូចជា មីក្រហម ដែលអាចក្លាយជាផលិតផលពាក់ផ្លាកសញ្ញាកម្ពុជា ដោយមានការទទួលស្គាល់ពីមហាជនទូទៅ ទាំងក្នុង និងក្រៅប្រទេស ដែរ៕