ការព្រមានពីផលប៉ះពាល់ នៃការផ្សព្វផ្សាយចំណុចអវិជ្ជមានរបស់កម្ពុជានេះ បានកើតឡើង ក្រោយពេលមានភាពយន្តបរទេស ដែលមានចំណងជើងថា No More Bets ឬភាសាខ្មែរមានន័យថា គ្មានការភ្នាល់តទៅទៀត ត្រូវបានចាក់បញ្ចាំងនៅក្នុងប្រទេសចិន និងនៅប្រទេសមួយចំនួនទៀត ខណៈដែលខ្សែភាពយន្ដនេះ បានបង្ហាញពីសាច់រឿងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មល្បែងអនឡាញ និងការចាប់ជំរិតជាដើម ដោយផ្សាភ្ជាប់ជាមួយប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាផង។
លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានអះអាងថា ទិដ្ឋភាពដែលឆ្លុះបញ្ចាំងពីសង្គមក្រោមរូបភាពអវិជ្ជមាន ចង់ ឬមិនចង់ វានឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា ហើយវានឹងអាចធ្វើឱ្យមានទេសចរណ៍ និងអ្នកវិនិយោគមានការខ្លាចរអាកម្ពុជាទៀតផង។ ការខ្លាចរអានេះ នឹងធ្វើឱ្យកម្ពុជា បាត់បង់ផលប្រយោជន៍ជាច្រើន ដូច្នេះទាមទារឱ្យក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យ និងរកចំណាត់ការណាមួយ ដើម្បីលុបបំបាត់ ព្រមទាំងរកវិធីរក្សាកេរ្តិ៍ឈ្មោះរបស់កម្ពុជាឱ្យបានល្អ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងពាក់ព័ន្ធកំពុងធ្វើការរួមគ្នា ដើម្បីបង្ហាញពីគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងភាពកក់ក្ដៅនៅកម្ពុជា តាមរយៈការប្រែក្លាយផលប៉ះពាល់ពីចំណុចអវិជ្ជមានឱ្យមកជាឱកាសនៃការទាក់ទាញអ្នកទេសចរវិញ។
ទាក់ទងនឹងវិស័យទេសចរណ៍នៅកម្ពុជា ត្រូវបានអ្នកនាំពាក្យក្រសួងទេសចរណ៍ គូសបញ្ជាក់ថា កំពុងស្ថិតក្នុងដំណាក់កាលមួយនៃការងើបឡើងវិញ ខណៈត្រឹមរយៈ៨ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៣លានកន្លះ ហើយរំពឹងថា ឆ្នាំនេះអាចនឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៥លាននាក់ និងភ្ញៀវទេសចរជាតិ ប្រមាណ១៦លាននាក់៕
អត្ថបទ ៖ បូ ដូឡា