ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង

តើការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទីសាធារណៈ គួរធ្វើក្នុងក្របខណ្ឌទូទាំងប្រទេស ឬយ៉ាងណា?


យុទ្ធនាការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទីសាធារណៈមានសកម្មភាពកាន់តែផុសផុល ដោយមកទល់ពេលនេះមានខេត្តជាច្រើនបានអនុវត្តយុទ្ធនាការនេះ ក្នុងគោលបំណងកាត់បន្ថយការសេពគ្រឿងស្រវឹង និងលើកកម្ពស់សោភណភាពតាមដងផ្លូវ។ តែទោះជាយ៉ាងណាក៏ដោយនៅមានខេត្តមួយចំនួនទៀតនៅមិនទាន់ឃើញបើកយុទ្ធនាការរុះរើនៅឡើយទេ ខណៈថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជំរុញឱ្យរាជធានីខេត្តទាំងអស់ពិនិត្យសើរើឡើងវិញលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការផ្សព្វផ្សាយគ្រឿងស្រវឹង។
ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជាសង្កេតឃើញថា សកម្មភាពរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទីសាធារណៈមានភាពផុសផុលយ៉ាងខ្លាំងនៅតាមបណ្តាខេត្តជាច្រើន។ ភាពផុសផុលនេះ ចង់ឬមិនចង់វានឹងជំរុញឱ្យបណ្ដាខេត្តផ្សេងៗដែលមិនទាន់ធ្វើសកម្មភាព អាចបើកយុទ្ធនាគាររុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងនេះនៅពេលណាមួយជាក់ជាមិនខាន។

ទន្ទឹមនឹងការបង្ហាញក្តីរំពឹងនេះ អ្នកជំនាញរូបនេះ គាំទ្រឱ្យធ្វើយុទ្ធនាការនេះធ្វើឡើងក្នុងក្របខណ្ឌទូទាំងប្រទេស ដ្បិតវាជាផ្នែកជួយកាត់បន្ថយការសេពគ្រឿងស្រវឹង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងបាតុភាពសង្គមផ្សេងៗ។

យ៉ាងណាក៏ដោយដើម្បីធ្វើឱ្យការកាត់បន្ថយការសេពគ្រឿងស្រវឹងកាន់តែមានប្រសិទ្ធភាព លោកបណ្ឌិត ឈត ប៊ុនថង យល់ឃើញថា ក្រៅពីរុះរើផ្ទាំងផ្សព្វផ្សាយ ក្រសួង-ស្ថាប័នពាក់ព័ន្ធគួររួមគ្នាផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងស្រវឹងចំពោះសុខភាព និងការខាតបង់ថវិកា ដ៏ដូចជារឹតបន្តឹងការអនុវត្តវិធានការច្បាប់លើការផ្សព្វផ្សាយអូសទាញក្នុងរូបភាពនានា ហាមឃាត់មន្រ្តីរាជការមិនឱ្យសេពគ្រឿងស្រវឹងក្នុងម៉ោងធ្វើការ និងដំឡើងពន្ធជាដើម។

​ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានចាត់ទុកការរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងរបស់បណ្តាខេត្តជាច្រើននៅមួយរយៈចុងក្រោយ វាបានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរក្នុងការជួយកាត់បន្ថយហានីភ័យក្នុងសង្គម លើកកម្ពស់សុខភាពសាធារណៈ និងជួយគាំទ្រគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

បើតាមប្រធានមជ្ឈមណ្ឌល រូបនេះ វិធានការកាត់បន្ថយផលប៉ះពាល់ដោយសារឥទ្ធិពលនៃគ្រឿងស្រវឹង អាចធ្វើឡើងក្រោមរូបភាពជាច្រើនទៀតដូចជាការដំឡើងពន្ធ ការដាក់កម្រិតលើទីកន្លែងលក់ដូរ ការកំណត់ពេលវេលា និងអាយុអ្នកទិញ និងអ្នកសេពគ្រឿងស្រវឹងជាដើម។

​គួរបញ្ជាក់ថា នៅក្នុងឱកាសប្រកាសចូលកាន់តំណែងរបស់អភិបាលខេត្តកំពង់ធំនៅថ្ងៃទី៨ កក្កដា កន្លងទៅ ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសផ្តល់គោលការណ៍ឱ្យគ្រប់រដ្ឋបាលរាជធានី-ខេត្ត ពិនិត្យសើរើមើលឡើងវិញនូវរាល់ឯកសារ ដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងផ្សព្វផ្សាយ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងលើផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវ និងតាមទីសាធារណៈនៅទូទាំងប្រទេស។

មកទល់ពេលនេះមានខេត្តមួយចំនួនហើយដូចជាកំពង់ស្ពឺ កែប កំពត តាកែវ កណ្ដាល ​និងខេត្តបាត់ដំបងជាដើម ដែលបើកយុទ្ធនាការរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវ និងទីសាធារណៈ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ថៃ រំពឹងការចាយលុយជិត១៤ពាន់លានដុល្លារ ចែកឲ្យពលរដ្ឋ ជួយស្ដារសេដ្ឋកិច្ចខ្លួនឡើងវិញ

រាជរដ្ឋាភិបាលរំពឹងថា ការដាក់ចេញនូវគម្រោងកញ្ចប់សាច់ប្រាក់ជិត ១៤ពាន់លានដុល្លារ ចែកទៅឲ្យពលរដ្ឋ ដែលមានអាយុពេញវ័យ នឹងជួយគាស់សេដ្ឋកិច្ចដែលក…

តើមានកត្តាអ្វីជំរុញឱ្យការនាំចេញផលិតផលកាត់ដេរកម្ពុជា កើនឡើងជាង១៧% នៅឆមាសទី១ឆ្នាំនេះ?

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកម្ពុជា នៅឆមាសទី១ឆ្នាំ២០២៤នេះ នៅតែបន្តងើបឡើងវិញ ដែលគាំទ្រដោយវិស័យចម្បងៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ