ឡើងក្រោយអតិថិជនមួយចំនួនបានទិញផ្ទះ ប៉ុន្តែពុំទាន់ទទួលបានផ្ទះពីម្ចាស់គម្រោង ហើយបញ្ហានេះត្រូវបានដោះស្រាយជាច្រើនលើកច្រើនសារួចមកហើយ តែពុំទទួលបានលទ្ធផល ខណៈម្ចាស់គម្រោងត្រូវបានតុលាចេញដីកាឱ្យចាប់ខ្លួន។
ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា បញ្ហាវិវាទរវាងអតិថិជនជាមួយម្ចាស់គម្រោងបុរី ម៉ន ដានី កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ ក្រោមការជួយសម្របសម្រួលពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ យ៉ាងណាក៏ដោយថ្នាក់ដឹកនាំរូបនេះ បានវាយតម្លៃថា ការដោះស្រាយបញ្ហាវិវាទនេះអាចត្រូវការពេលវេលាយូរ ដោយសារបញ្ហាមួយចំនួនហាក់មានភាពស្មុគស្មាញ និងខ្វះការចូលរូមសហការគ្នា ដែលធ្វើឱ្យអាជ្ញាធរមានការលំបាកក្នុងការរកដំណោះស្រាយ។ ម្យ៉ាងវិញទៀត ដោយសារម្ចាស់គម្រោងត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនទៅហើយ។
សូមបញ្ជាក់ថា ករណីវិវាទរ៉ាំរ៉ៃរបស់បុរី ម៉ន ដានី ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំឱ្យនិយ័តករអចលនវត្ថុ និងបញ្ចាំ រៀបចំយន្តការដោះស្រាយ ដោយគ្រោងអនុវត្តដូចទៅនឹងអ្វីដែលក្រសួងរៀបចំដែនដី កំពុងអនុវត្តដោះស្រាយវិវាទរបស់អតិថិជនជាមួយម្ចាស់បុរី VIP។
បើតាមឯកឧត្តម ជូ វណ្ណៈ យន្តការដែលក្រសួងរៀបចំដែនដី កំពុងអនុវត្តដោះស្រាយបញ្ហានៅបុរី VIP គឺតម្រូវឱ្យម្ចាស់គម្រោងបង់ប្រាក់ឱ្យម្ចាស់ដី បន្ទាប់មកម្ចាស់ដីត្រូវកាត់ដីទៅតាមទំហំទឹកប្រាក់ដែលម្ចាស់គម្រោងបានបង់ រួចបំបែកជាប្លង់តូចៗប្រគល់ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ជូនម្ចាស់គម្រោង។
សូមបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០២៣ មានពាក្យបណ្ដឹងប្រមាណ២ពាន់ករណី ត្រូវបានអ្នកទិញលំនៅឋាននៅក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ដាក់ផ្ញើមកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីឱ្យជួយស្វែងរកដំណោះស្រាយលើវិវាទជូនពួកគេ។ ការដាក់ពាក្យស្នើសុំអន្តរាគមន៍នេះ គឺបន្ទាប់ពីមានគម្រោងអភិវឌ្ឍន៍លំនៅឋាន មួយចំនួនពុំបានសាងសង់ផ្ទះជូនដល់អតិថិជនតាមកិច្ចសន្យានោះទេ ខណៈអតិថិជនមួយចំនួនទៀតអស់លទ្ធភាពបង់រំលស់ប្រាក់ជាមួយក្រុមហ៊ុនផងដែរ៕
អត្ថបទ៖ បូ ដូឡា