លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា កត់សម្គាល់ឃើញថា បើទោះបីស្វាយចន្ទីបានក្លាយជាដំណាំយុទ្ធសាស្រ្ត និងទទួលបានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ពិតមែន ប៉ុន្តែវិស័យនេះនៅជួបបញ្ហាប្រឈមមួយចំនួនដូចជាកង្វះដើមទុន និងកង្វះឃ្លាំងស្តុកសហគមន៍ជាដើម ដែលកត្តានេះបានធ្វើឱ្យការកែច្នៃគ្រាប់ស្វាយចន្ទីមិនអាចឆ្លើយតបទៅតាមតម្រូវការនៃការបញ្ជាទិញរបស់ក្រុមហ៊ុនបរទេស។ បើតាមលោក អួន ស៊ីឡុត បច្ចុប្បន្នកម្ពុជាមិនខ្វះលទ្ធភាពក្នុងការផលិតគ្រាប់ស្វាយចន្ទីនោះទេ ហើយកម្ពុជាក៏មិនខ្វះទីផ្សារបញ្ជាទិញដែរ ប៉ុន្តែបច្ចុប្បន្នវិនិយោគិនក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាហាក់នៅមានកម្រិតនៅឡើយ ទើបធ្វើឲ្យបណ្ដាប្រទេសដទៃមានឱកាសប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ដើម្បីយកទៅកែច្នៃសម្រាប់នាំចេញ។ បញ្ហាប្រឈមទាំងនេះ ក៏បានទាញទម្លាក់ការនាំចេញរបស់កម្ពុជាផងដែរ។ ជាក់ស្តែងនៅពេញមួយឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីររបស់កម្ពុជាសម្រេចបានជាង៦៥ម៉ឺន៦ពាន់តោនថយចុះជាង៧% គិតជាប្រាក់មានទំហំជាង៨០០លានដុល្លារថយចុះជិត១៧% បើធៀបនឹងឆ្នាំ២០២២។
បើតាមលោក អួន ស៊ីឡុត ដ្បិតនៅឆ្នាំ២០២៣កន្លងមកនេះ មានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនពីស្ថាប័នធនាគារលើការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះដល់កសិករ ពាណិជ្ជករ និងអ្នកកែច្នៃក៏ពិតមែន ប៉ុន្តែសម្រាប់លក្ខខណ្ឌកម្ចីហាក់មានភាពសាំញ៉ាំ ដែលធ្វើឲ្យសហគ្រាសកែច្នៃស្វាយចន្ទីក្នុងស្រុកមិនអាចរកទុនបង្វិល ដើម្បីទិញគ្រាប់ស្វាយចន្ទីស្ដុកទុកសម្រាប់កែច្នៃ។ ដូច្នេះកត្តានេះហើយទើបបានធ្វើឲ្យគ្រាប់ស្វាយចន្ទីឆៅប្រមាណ៩៥% ត្រូវបាននាំចេញ។
សម្រាប់ប្រធានសមាគមរូបនេះ បញ្ហាខ្វះឃ្លាំងសហគមន៍ ថ្លៃដើមផលិតក្នុងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីខ្ពស់ ការខ្វះទុនបង្វិល ការខ្វះកម្លាំងពលកម្មជំនាញសម្រាប់វិស័យកែច្នៃក្នុងស្រុក ជាដើម នៅតែជាបញ្ហាប្រឈមនៅឡើយសម្រាប់វិស័យស្វាយចន្ទីកម្ពុជា។ លើសពីនេះ ការខ្វះការវិនិយោគក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក នៅតែបង្កជាក្ដីបារម្ភសម្រាប់ទីផ្សារគ្រាប់ស្វាយចន្ទីដ្បិតវាបានបើកឱកាសសម្រាប់ឈ្មួញកណ្ដាលអាចកំណត់តម្លៃគ្រាប់ស្វាយចន្ទីតាមចិត្តរបស់ពួកគេ។
សូមបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតាប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា៕