របាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញថា នៅត្រីមាសទី៤ឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជាង២៤លានដុល្លារ កើនឡើងជាង៤លាន៦សែនដុល្លារ ឬស្មើនឹងជិត៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០២២។
ឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា កំណើនប្រាក់ចំណូលរបស់កំពង់ផែនេះ ត្រូវបានជំរុញដោយកំណើនចំនួននាវា និងទំនិញឆ្លងកាត់កំពង់ផែនេះ ជាពិសេសទំនិញកុងតឺន័រដែលជាប្រភពចំណូលដ៏សំខាន់តែម្តង។ ការលូតលាស់ក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម សំណង់ និងវិស័យឧស្សាហកម្ម គឺបានឆ្លុះបញ្ចាំងនូវស្ថានភាពសេដ្ឋកិច្ចជាតិរបស់កម្ពុជា ហើយក៏មានឥទ្ធិពលជាផលវិជ្ជមានលើអាជីវកម្ម សេវាកម្ម និងផលចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។
បើតាមថ្នាក់ដឹកនាំរូបនេះ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣កន្លងទៅ កុងតែន័រដែលបានឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនជាង២០ម៉ឺនTEUs ពោលគឺបានកើនឡើងចំនួនជាង៥ម៉ឺន TEUs ដែលស្មើនឹងប្រមាណជិត ៣២% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២២។
ជុំវិញបញ្ហានេះឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា យល់ឃើញថា ការកើនឡើងប្រាក់ចំណេញ និងប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ក៏ដោយសារសកម្មភាពដឹកជញ្ចូនទំនិញចេញចូលរបស់កំពង់ផែនេះមានចំនួនច្រើន បើធៀបជាមួយផ្លូវដឹកជញ្ជូនទំនិញផ្សេងៗទៀតរបស់កម្ពុជា ជាពិសេសសកម្មភាពដឹកទំនិញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារ RCEP ជាដើម។
សូមជម្រាបថា នៅពេញមួយឆ្នាំ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលជាង៨៩លានដុល្លារ កើនឡើងជាង៥លានដុល្លារ ឬស្មើនឹងជាង៦% បើធៀបនឹងឆ្នាំ២០២២។ តាមរយៈប្រាក់ចំណូលនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបានប្រាក់ចំណេញសុទ្ធជិត៣០លានដុល្លារ កើនឡើងជាង៩លានដុល្លារ ឬស្មើនឹងជិត៤៥% បើធៀបនឹងឆ្នាំ២០២២៕