ការ​នាំ​ចេញ​អង្ករ

អង្ករ​ជាង​២,៤​លាន​តោន​ត្រូវ​បាន​កម្ពុជា​នាំ​ចេញ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ


គិត​​ត្រឹម​​៥ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស​ប្រមាណ​ជាង ២,៤​លាន​តោន ក្នុង​នោះ មាន​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ ដែល​ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ថា បាន​នាំ​អង្ករ​ចេញ​ច្រើន​ជាង​គេ ពោល​គឺ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ទាំង​១០​នោះ បាន​នាំចេញ​អង្ករ​រហូត​ដល់​ជាង ១​លាន​៦​សែន​តោន ដែល​ស្មើ​នឹង​ប្រមាណ​ជាង ៦៥% នៃ​ចំនួន​អង្ករ​នាំ​ចេញ​សរុប។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​អគ្គនាយដ្ឋាន​កសិកម្ម។
អង្ករ​កម្ពុជា នៅឆ្នាំ​២០១៧​នេះ រក្សា​តំណែង​លេខ​២​ជា​អង្ករ​ល្អ​បំផុត​នៅ​លើ​ពិភព​លោក បន្ទាប់​ពី​អង្ករ​ថៃ​ដែល​ជាប់​លេខ​១។
ដោយ

ក្រុមហ៊ុន​ធំៗ​ទាំង​១០ ដែល​បាន​នាំ​អង្ករ​ចេញ​ច្រើន​ជាង​គេ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ រួមមាន៖

  • ១, ក្រុមហ៊ុន Khmer Food Group នាំ​ចេញ​បាន ២៤៣៣៧១​ តោន
  • ២, ក្រុមហ៊ុន Amru Rice (Cambodia) នាំចេញបាន ២៣២២៤៤ តោន
  • ៣, ក្រុមហ៊ុន Baitang (Kampuchea) នាំចេញបាន ១៩៧៩៤១ តោន
  • ៤, ក្រុមហ៊ុន Golden Rice (Cambodia) នាំចេញបាន ១៨៧១១១ តោន
  • ៥, ក្រុមហ៊ុន Cristal Rice (Kampuchea) នាំចេញបាន ១៤៧០៣២ តោន
  • ៦, ក្រុមហ៊ុន International Rice trading (Cambodia) នាំចេញបាន ១២៤១៩០ តោន
  • ៧, ក្រុមហ៊ុន City Rice Import Export នាំចេញបាន ១០៥៧៩១ តោន
  • ៨, ក្រុមហ៊ុន Nicoline Investment នាំចេញបាន ៨៩៣១០ តោន
  • ៩, ក្រុមហ៊ុន TOT (Trust Our Trade) នាំចេញបាន ៨៧៣៨៤ តោន
  • ១០, ក្រុមហ៊ុន Apsara Raice (Cambodia) នាំចេញបាន ៧១៨៥១ តោន។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice ដែល​បាន​ជាប់​ជា​លំដាប់​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​ទី២ បន្ទាប់​ពី​ក្រុមហ៊ុន Khmer Food Group បាន​លើក​ឡើង​ថា មាន​កត្តា​សំខាន់ៗ​មួយ​ចំនួន ដែល​បាន​ជំរុញ​ឲ្យ​កំណើន​នៃការ​នាំចេញ​អង្ករ​របស់​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ គឺ​ទី១ ដោយសារ​មាន​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាក់​លាក់​ពី​រាជ​រដ្ឋាភិបាល។ 

កត្តា​ទី២ គឺ​ទីផ្សារ​ពិភពលោក​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើងៗ ពី​គុណភាព​អង្ករ​របស់​កម្ពុជា ដែល​អាច​ជំនួស​ឲ្យ​អង្ករ​របស់​ថៃ​បាន។ កត្តា​ទី​៣ គឺ​ការ​អនុគ្រោះ​ពន្ធ ពី​បណ្ដា​ប្រទេស​នៃ​សហគមអឺរ៉ុប ក៏​ដូចជា​ប្រទេស​មហាមិត្ត​ចិន ដែល​បាន​ផ្ដល់​នូវ​កូតា​ទិញ​អង្ករ​កម្ពុជា​ជា​បន្ត​បន្ទាប់។ និង​កត្តា​ទី៤ គឺ​ការ​ចូលរួម​ចំណែក​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​អ្នក​នាំចេញ​អង្ករ​ទាំង​អស់ ពិសេស គឺ​ការ​ធ្វើ​ការងារ​យ៉ាង​សកម្ម​របស់​កសិករ ដើម្បី​ផលិត​អង្ករ​ទៅ​តាម​តម្រូវការ​ទីផ្សារ។

យ៉ាងណាក៏​ដោយចុះ មហិច្ឆតា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​នាំចេញ​អង្ករ​ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ ដែល​បាន​ប្រកាស​ឡើង​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ មក​ទល់​នឹង​ពេល​នេះ នៅតែ​មិនទាន់​បាន​សម្រេច​គោលដៅ​នៅ​ឡើយ តួយ៉ាង នៅឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ប្រមាណ​ជាង ៦៣​ម៉ឺន​តោន​ប៉ុណ្ណោះ។

ជុំវិញ​នឹង​បញ្ហា​នេះ លោក​ឧកញ៉ា សុង សារ៉ន បាន​គូស​បញ្ជាក់​ដែរ​ថា បើ​ពិនិត្យ​មើល​របាយការណ៍​នាំ​ចេញ​អង្ករ​ផ្លូវ​ការ ពិត​ណាស់ គឺ​កម្ពុជា​នៅ​តែ​មិន​ទាន់​គ្រប់​គោលដៅ​នាំ​ចេញ​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​មែន ប៉ុន្ដែ បើ​គិត​រួម​បញ្ចូល​ទាំង​ការ​នាំចេញ​មិន​ផ្លូវការ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​លើស ១​លាន​តោន​ទៅ​ទៀត។ ហើយ​បើ​តាម​ការ​អះអាង​ពី​លោក​ឧកញ៉ា សុង សារ៉ន នៅ​ប្រមាណ​តែ​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ កម្ពុជា​ពិត​ជា​អាច​នាំ​ចេញ​អង្ករ​ផ្លូវការ​បាន​គ្រប់ ឬ​លើស​គោលដៅ​១​លាន​តោន​ទៅ​ទៀត។

លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា វិស័យ​ស្រូវ​អង្ករ​កម្ពុជា ចាំបាច់​បំផុត​ត្រូវ​ពង្រឹង​បន្ថែម​ទៀត លើ​ការ​ផលិត​តាម​បែប​បច្ចេកទេស​ទំនើប ទើប​អាច​មាន​ភាព​ប្រកួត​ប្រជែង​ក្នុង​ផ្សារ​បាន​កាន់​តែ​ប្រសើរ ហើយ​បច្ចុប្បន្ន កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​នេះ​ហើយ។ លោក​ឧកញ៉ា បាន​គូស​បញ្ជាក់​ទៀត​ថា នៅ​ឆ្នាំ​ក្រោយៗ​នេះ ទីផ្សារ​អង្ករ​ធំ​បំផុត​របស់​កម្ពុជា នឹង​ត្រូវ​បង្វែរ​មុខ​ព្រួញ​ទៅ​អាស៊ី​វិញ​ម្ដង ពិសេស​គឺ​ប្រទេស​ចិន ខណៈ​ដែល​ឆ្នាំ​២០១៧​នេះ ចិន​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើន​ជាង​គេ។ 

ដោយឡែក ទីផ្សារ​អឺរ៉ុប​ដែល​ធ្លាប់​ជា​ទីផ្សារ​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​នោះ អាច​នឹង​នៅ​មាន​កំណើន​តិចតួច។ សូម​ជ្រាប​ដែរ​ថា ការ​នាំអង្ករ​ចេញ​ពេញ​១​ខែ​មករា ឆ្នាំ​២០១៨​នេះ មាន​ប្រមាណ​ជាង ៦២​ពាន់​តោន ខណៈ​ដែល​ការ​នាំចេញ​អង្ករ​ពេញ​១​ឆ្នាំ​២០១៧ កន្លង​ទៅ មាន​ជាង ៦៣​ម៉ឺន​តោន ពោល​គឺ​កើន​ឡើង​ជាង ១១​ម៉ឺន​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៦៕

None



អត្ថបទបន្ទាប់


វិស័យ​ឯកជន​ត្អូញ​ត្អែរ​ពី​ការ​បាត់​ចំណូល​រាប់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ ពី​ការ​នាំ​ចូល​ផលិតផល​ខុស​ច្បាប់​និង​ក្លែងក្លាយ

វិស័យឯកជនត្អូញត្អែថា ការដែលនាំចូលផលិតផលក្លែងខុសច្បាស់ វាពិតជាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ ក្រុមហ៊ុនដែលនាំចូលផលិតផល និង ចែកចាយផលិតផលផ្សេ…

មហោស្រពសិល្បៈ​អាស៊ី​ប៉ាស៊ីហ្វិក ប្រមូលផ្តុំសិល្បករវ័យក្មេង១០ប្រទេស មកប្រកួតនៅសៀមរាប

មហោស្រពសិល្បអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Arts Festival) ដែលបង្កើតឡើងដោយប្រទេសសិង្ហបុរី បានប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃទី៩ ខែកុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ