ប៉ុន្ដែ បើមើលទៅលើបរិមាណនាំចេញវិញ ឃើញថា ការនាំចេញស្រូវបានជាង ២លាន៦សែនតោន កើនជាង ៨៦% ខណៈដែលការនាំចេញអង្ករវិញមានជាង ៤៦ម៉ឺនតោន ថយចុះជា១៤% ខណៈដែលប្រទេសចិន នៅតែជាទីផ្សារធំសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ហើយវៀតណាម គឺជាទីផ្សារនាំចេញស្រូវ។ នេះបើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា និងពីក្រសួងកសិកម្មកម្ពុជា។
នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញអង្ករជាង ៤៦ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណ ៣២៣លានដុល្លារ ខណៈប្រទេសចិន គឺជាទីផ្សារធំជាងគេ ខណៈដែលការនាំចេញស្រូវវិញ មានជាង២លាន៦សែនតោន ជាមួយនឹងទឹកប្រាក់នាំចេញជាង ៦៣៣លានដុល្លារអាមេរិក។ ដូច្នេះ បើយើងប្រៀបធៀបនឹងទឹកប្រាក់នាំចេញអង្ករ និងទឹកប្រាក់នាំចេញស្រូវនៅ១០ខែឆ្នាំនេះ បង្ហាញថា ទឹកប្រាក់នាំចេញស្រូវគឺមានលើសទឹកប្រាក់នាំចេញអង្ករដល់ទៅជិត២ដងឯណោះ។
ទីផ្សារចម្បងមាន៥ ដែលគ្របបណ្ដប់ ៧៩% លើបរិមាណអង្ករនាំចេញសរុបកម្ពុជា រួមមាន ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ ជាង៤៩%,ប្រទេសបារាំង១១%,ប្រទេសហ្គាប៊ុង ជិត៨%,ម៉ាឡេស៊ី ជាង៦% និងប្រទេសហូឡង់ ជិត៤%។
តើមានកត្តាអ្វីខ្លះ ដែលធ្វើឱ្យប្រទេសចិន ជាទីផ្សារធំជាងគេ ក្នុងការនាំចេញអង្កររបស់កម្ពុជា?
បើតាមការអះអាងរបស់ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា ប្រទេសចិន គឺជាអ្នកនាំចូលធំមួយក្នុងពិភពលោក គួបផ្សំទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសកម្ពុជា-ចិន បានជួយជំរុញឱ្យការនាំចេញអង្ករកាន់តែច្រើនទៅកាន់ប្រទេសចិន។ លោក លន់ យ៉េង បានបញ្ជាក់បន្ថែមថា កត្តាដែលជំរុញឱ្យការនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារចិនកាន់តែច្រើន ព្រោះតែ កម្ពុជា-ចិន ក៏មានការចុះអនុស្សណៈនៃការនាំចេញអង្ករ ពីកម្ពុជាចំនួន ៤០ម៉ឺនតោន គួបផ្សំនឹងអង្ករកម្ពុជា មានគុណភាពល្អផងដែរ។
យ៉ាងណាក៏ដោយ ការនាំចេញអង្ករ កម្ពុជា ក៏បានជួបបញ្ហាខ្លះៗ ដែរ អំឡុងវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យការនាំចេញអង្ករនាឆ្នាំនេះ បានថយចុះប្រមាណ១៤% បើធ្រៀបនឹងរយៈពេល ១០ខែ កាលពីឆ្នាំ២០២០។ លោក លន់ យ៉េង បានបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យការនាំចេញអង្ករ ឆ្នាំនេះថយចុះ ព្រោះកម្ពុជា ខ្វះទូកុងតឺន័រ និងតម្លៃដឹកជញ្ជូនខ្ពស់ ដោយលោកបានសង្កត់ធ្ងន់ថា បើសិនមិនមានបញ្ហាទាំងនេះទេ ការនាំចេញអង្ករកម្ពុជា នឹងកើនទ្វេដង។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល ១០ខែ ឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលជាង ៤ពាន់លានដុល្លារពីការនាំចេញផលិតផលកសិកម្ម ខណៈដែលវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចនៅក្នុងអំឡុងវិបត្តិកូវីដ១៩នេះ៕