ឈូងសមុទ្រកម្ពុជា-ថៃ

ថៃបង្ហើបបំណងចង់ធ្វើអាជីវកម្មរួមគ្នានៅតំបន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃនៅឈូងសមុទ្រ


ថៃ និងកម្ពុជាបានព្រមព្រៀងគ្នាធ្វើកិច្ចពិភាក្សាបន្ថែមលើការធ្វើអាជីវកម្មរួមគ្នានូវធនធានអ៊ីដ្រូកាបូននៅក្នុងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រ។ នេះគឺជាការបង្ហើបរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បន្ទាប់ពីបានពិភាក្សាជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងដំណើរបំពេញទស្សនៈកិច្ចរយៈពេល១ថ្ងៃនៅទីក្រុងបាងកក។
ឈូងសមុទ្រកម្ពុជា-ថៃ
ដោយ

ដូចការគ្រោងទុក ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខថាមពលរវាងកម្ពុជា និងថៃ បានក្លាយជាប្រធានបទមួយនៃជំនួបពិភាក្សាទ្វេភាគីរវាងនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ កាលពីថ្ងៃទី៧ កុម្ភៈ។

តំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្ររវាងប្រទេសទាំងពីរ ដែលគ្របដណ្តប់លើផ្ទៃដី២ម៉ឺន៦ពាន់គីឡូម៉ែត្រការ៉េ ហើយឯកសារខ្លះថា ២ម៉ឺន៧ពាន់គីឡូម៉ែត្រការ៉េ ត្រូវបានគេជឿថា ជាតំបន់ដែលសំបូរទៅដោយប្រភពឥន្ធនៈហ្វូស៊ីល ខណៈដែលកិច្ចចរចាទ្វេភាគីស្តីពីការអភិវឌ្ឍន៍រួមគ្នានៅតំបន់នោះត្រូវបានធ្វើឡើងជាច្រើនលើកច្រើនសា តែមិនទទួលបានលទ្ធផលផ្លែផ្កាជាដុំកំភួននោះទេ។

នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំកម្ពុជា លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា ភាគីទាំងពីរបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខថាមពល និងពិភាក្សាលើការទាញយកប្រយោជន៍រួមគ្នានៃធនធានអ៊ីដ្រូកាបូននៅក្នុងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រ។

បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានយកចិត្តទុកដាក់ចំពោះការកំណត់ព្រំដែនសមុទ្រ ហើយបានយល់ព្រមពិភាក្សាអំពីបញ្ហានេះក្នុងពេលដំណាលគ្នាជាមួយនឹងការធ្វើអាជីវកម្មធនធានថាមពល។ លើសពីនេះ នាយករដ្ឋមន្ត្រីថៃ បានបញ្ជាឱ្យក្រសួងការបរទេសថៃ ពិគ្រោះជាមួយអាជ្ញាធរ រួមទាំងក្រសួងថាមពល និងកងទ័ពជើងទឹកថៃលើបញ្ហានេះ ដើម្បីពិភាក្សាបន្ថែមជាមួយភាគីកម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងគម្រោងការនេះកន្លងមកលោក សេដ្ឋា ថាវីស៊ីន ធ្លាប់បានប្រាប់សភាក្នុងអំឡុងកិច្ចពិភាក្សាលើច្បាប់ថវិកាកាលពីដើមខែមករា ថា ថៃកំពុងចរចាជាមួយកម្ពុជាលើចំណុចនេះ មុននឹងដាក់ត្រូវបញ្ចូលក្នុងរបៀបវារៈពេលលោកជួបជាមួយសម្តេចធិបតី។ នៅពេលនោះ លោកនាយករដ្ឋមន្រ្តីថៃ បាននិយាយថា ធនធាននៅតំបន់នោះ មានតម្លៃរាប់សិបពាន់លានដុល្លារ ដូច្នេះលោករំពឹងថា ថៃអាចពិភាក្សា និងឈានដល់កិច្ចព្រមព្រៀងមួយ។

ថ្នាក់ដឹកនាំរដ្ឋាភិបាលថៃរូបនេះអះអាងថា កិច្ចពិភាក្សាជាមួយនឹងសម្តេចធិបតីមានលក្ខណៈទូលំទូលាយ ហើយប្រជាជាតិទាំងពីរចែករំលែកការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នាទៅវិញទៅមកដោយឈរនៅលើប្រយោជន៍រួមគ្នា។

ក្រៅពីមានបំណងជំរុញការអភិវឌ្ឍរួមគ្នានៅតំបន់សម្បូរធនធានឥន្ធនៈហ្វូស៊ីល ពាណិជ្ជកម្មទ្វេភាគី ការអភិវឌ្ឍន៍ផ្សេងៗ ទេសចរណ៍ និងការបំពុលអាកាសធាតុ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិក កៀរគរដៃគួកាត់បន្ថយការពឹងផ្អែកលើការធ្វើពាណិជ្ជកម្មជាមួយចិន

ព័ត៌មាន
សហរដ្ឋអាម៉េរិក ជប៉ុន និងប្រទេសសម្ព័ន្ធមិត្តមានសេដ្ឋកិច្ចធំៗផ្សេងទៀត បានចាប់ដៃគ្នាទប់ស្កាត់ការពឹងផ្អែកលើការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ចាប…

តើអគារកប់ពពកខ្ពស់បំផុតទាំង១០ក្នុងលោក ដែលគ្រោងសាងសង់បញ្ចប់ជាស្ថារពរនៅឆ្នាំ២០២៤ នេះស្ថិតក្នុងប្រទេសណាខ្លះ?

ព័ត៌មាន
ទោះជាជួបព្យុះវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរយ៉ាងណាក្ដី ក៏មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក នៅតែបន្តឈរនៅកំពូលតារាង ក្នុងចំណោមប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ