តម្លៃថ្នាំ-ជីកសិកម្មកើនខ្ពស់

បញ្ហាតម្លៃថ្នាំ-ជីកសិកម្មកើនខ្ពស់ នៅតែជាឆ្អឹងទទឹងក សម្រាប់ជំរុញការអភិវឌ្ឍវិស័យកសិកម្ម


វិស័យកសិកម្មនៅកម្ពុជាត្រូវបានគេមើឃើញថា គឺជាវិស័យមួយដែលមានភាពធន់ជាងគេ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា នៅក្នុងអំឡុងពេលនៃការរីករាតត្បាតកូវីដ-១៩ ដែលបាននិងកំពុងបន្ដអូសបន្លាយអស់រយៈពេលជិត ២ឆ្នាំមកហើយ។ ទន្ទឹមនឹងភាពធន់ ជាមួយនឹងកំណើននៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ វិស័យកសិកម្មរបស់កម្ពុជា នៅតែបន្ដជួបបញ្ហាប្រឈមធំៗជាច្រើន ជាពិសេសទាំងថ្លៃដើមផលិត និង ការប្រកួតប្រជែងទីផ្សារ។ ក្នុងនោះ បញ្ហាជី-ថ្នាំកសិកម្ម ឡើងថ្លៃខ្ពស់ ក៏ស្ថិតនៅក្នុងចំណោមបញ្ហាប្រឈមធំមួយរបស់វិស័យកសិកម្មកម្ពុជា ដែលតែងតែត្រូវបានលើកឡើងដដែលជាដដែល។
បញ្ហាតម្លៃថ្នាំ-ជីកសិកម្មកើនខ្ពស់ នៅតែជាឆ្អឹងទទឹងក សម្រាប់ជំរុញការអភិវឌ្ឍវិស័យកសិកម្ម

យ៉ាងណាមិញ ក្នុងអំឡុងពេល​កូ​វី​ដ​-១៩​នេះ ថ្លៃ​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម កាន់តែ​មាន​តម្លៃ​ខ្ពស់ ដែល​បាន​ធ្វើ​ឲ្យ​កសិករ​ត្អូញត្អែរ​ថា ការ​ចំណាយ​លើ​ការ​ធ្វើស្រែ​ចម្ការ​របស់​ពួក​គាត់​ត្រូវ​ចំណាយ​ខ្ពស់​ជាង​មុន​។

ប្រជា​កសិករ​ធ្វើស្រែ​ចម្ការ តែងតែ​មានការ​រអ៊ូរទាំ​ជា​រឿយ​ៗ ពី​ការ​ឡើងថ្លៃ​ជី​-​ថ្នាំ​កសិកម្ម ពិសេស​នៅ ក្នុងអំឡុងពេល​វិបត្តិ​កូ​វី​ដ​-១៩ ក៏​ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ផលិតផល​កសិកម្ម​វិញ បែរជា​ធ្លាក់​ថ្លៃ​ទៅ​វិញ ដូច​ជា​ស្រូវ ជា​ឧទាហរណ៍​ស្រាប់​ដែល​តែងតែ​កើតឡើង​រៀង​រាល់​ឆ្នាំ ។ កសិករ​នៅ​ខេត្តព្រៃវែង លោក ហ៊ុន សំណាង បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ ការ​ចំណាយ ក្នុង​ផលិតកម្ម​កសិកម្ម កាន់តែ​ខ្ពស់ រីឯ​តម្លៃ​កសិផល​វិញ ហាក់​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចំណាយ​សោះ ដូច​ជា ចំណាយ​លើ ការ​ភ្ជួរ​រាស់ ជី​-​ថ្នាំ​កសិកម្ម និង ការ​ប្រមូល​ផល​ជាដើម​។ លោក សំណាង បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​ជី​-​ថ្នាំ​កសិកម្ម ដែល​កំពុង​ឡើងថ្លៃ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ផង​។

ទាក់ទិន​បញ្ហា​ជី​-​ថ្នាំ​កសិកម្ម​ឡើងថ្លៃ​ខ្ពស់​នេះ​ដែរ ក្រសួងកសិកម្ម​នៅ​ថ្ងៃ​ទី​៩ ខែសីហា ក៏​បាន​ពន្យល់​ពី​មូលហេតុ​សំខាន់​ៗ មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​តម្លៃ​ថ្នាំ និង​ជី​កសិកម្ម នៅ​កម្ពុជា បន្ត​កើនឡើង​។ ក្នុង​នោះ បណ្ដា​ប្រទេស​ផលិត​ថ្នាំ​-​ជី​កសិកម្ម​នាំ​ចេញ មិន​អាច​ផលិត​ឆ្លើយ​តប​តាម​ការ​បញ្ជា​ទិញ​ពី​កម្ពុជា​ទេ​។ វត្ថុធាតុដើម មានការ​ខ្វះខាត​ក្នុង​ការ​ផ្គត់ផ្គង់ ពី​ប្រទេស​ផលិត​ធំ​ៗ និង​ផលិតកម្ម​ជី​កសិកម្ម ត្រូវ​បាន​កាត់​បន្ថយ​កម្លាំង​ពលកម្ម ដោយ​បញ្ហា​នៃ​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ម្យ៉ាងទៀត បញ្ហា​កូ​វី​ដ​-១៩ ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ត្រូវ​ប្រើ​ពេលវេលា​យូរ​ផង​ដែរ​។

ការ​បញ្ជា​ទិញ​ជី​-​ថ្នាំ​កសិកម្ម ពី​ឈ្មួញកណ្ដាល បូក​ផ្សំ​នឹង ទីផ្សារ​ប្រកួតប្រជែង ជា​បញ្ហា​ធ្វើ​ឱ្យ​តម្លៃ​ជី​-​ថ្នាំ​កសិកម្ម​កើនឡើង​។ អ្នក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​កើន​ច្រើន ធ្វើ​ឱ្យ​តម្រូវការ​ជី​កសិកម្ម ក្នុងស្រុក​កាន់តែ​កើនឡើង​ផង​ដែរ​។ ម្យ៉ាងវិញទៀត កម្ពុជា ក៏​មិន​ទាន់​មាន​លទ្ធភាព​ផលិត​ជី​-​ថ្នាំ​កសិកម្ម បាន​ដោយ​ខ្លួនឯង​គ្រប់គ្រាន់​នោះ​ទេ​។

លោក សុខ ហៀ​ង អ្នកគ្រប់គ្រង​ទូទៅ របស់​ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី បាន​លើក​ឡើង​ថា បញ្ហា​តម្លៃ​ជី​-​ថ្នាំ​កសិកម្ម នា​ពេល​បច្ចុប្បន្ន​នេះ មិន​បាន​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ​សម្រាប់​វិស័យ​កសិកម្ម​។ លោក​បន្ត​ថា ចាប់ពី​វិបត្តិ​កូ​វី​ដ​-១៩ តម្លៃ​ជី​-​ថ្នាំ​កសិកម្ម មានការ​កើនឡើង​តិចតួច​ប៉ុណ្ណោះ ហើយ​ក៏​មាន​ជី និង ថ្នាំ​កសិកម្ម មួយ​ចំនួន​រក្សា​តម្លៃ​ដដែល​ដែរ​។ ដ្បិត មានការ​រអ៊ូរទាំ​ពី​កសិករ អំពី​ការ​ឡើងថ្លៃ​ជី​-​ថ្នាំ​កសិកម្ម និង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​កសិផល​មួយ​ចំនួន ប៉ុន្ដែ អ្នកគ្រប់គ្រង​រូប​នេះ នៅ​តែ​យល់​ថា តម្លៃ​ជី​-​ថ្នាំ​កសិកម្ម នា​ពេល​បច្ចុប្បន្ន នៅ​តែ​អាច​ទទួលយក​បាន​។

បច្ចុប្បន្ន តម្លៃ​ជី ដែល​លក់​ចេញ​ដោយ​ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី មាន​ប្រភេទ​គ្រាប់ ទម្ងន់ ៥០​គីឡូក្រាម លក់​ក្នុង​តម្លៃ ១១​ម៉ឺន​៣​ពាន់​រៀល ទៅ ១១​ម៉ឺន​៥​ពាន់​រៀល​។ រីឯ ជី​ប្រភេទ​ម្សៅ ទម្ងន់ ៥០​គីឡូក្រាម តម្លៃ ១០​ម៉ឺន​៣​ពាន់​រៀល​។ ដោយឡែក ជីអ៊ុយរ៉េ ទម្ងន់ ៥០​គីឡូក្រាម តម្លៃ ៧​ម៉ឺន​៦​ពាន់​រៀល ទៅ ៨​ម៉ឺន​២​ពាន់​រៀល​។

យោង​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ឆ្នាំ​២០២០ កម្ពុជា បាន​នាំ​ចូល​ថ្នាំ​កសិកម្ម ជាង​១០​ម៉ឺន​តោន និង ជី​កសិកម្ម ជាង ៨៥​ម៉ឺន​តោន​។ ដោយឡែក នៅ​ឆ្នាំ​២០២១ គិត​ត្រឹម ខែឧសភា មាន​ថ្នាំ​កសិកម្ម ជាង​៤​ម៉ឺន​តោន និង​ជី​កសិកម្ម​ជាង​១​លាន​តោន ឯណោះ ដែល​បាន​នាំ​ចូល​មក​កម្ពុជា​៕

អត្ថបទ​​៖ ខន ណារី

None



អត្ថបទបន្ទាប់


តើល្បឿននៃការចាក់វ៉ាក់សាំងដូសទី៣របស់កម្ពុជា កើនដល់កម្រិតណាហើយ?

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមឱ្យមានការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ កាលពីថ្ងៃទី៦ ខែសីហ…

តើសហគ្រិនស្ត្រីជួបបញ្ហាអ្វីខ្លះ ក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ?

សមាគមសហគ្រិនស្ត្រីកម្ពុជាស្នើឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុជួយបន្ធូរបន្ថយលក្ខខណ្ឌកម្ចី និងបញ្ចុះអត្រាការប្រាក់ជូនសហគ្រិនជាស្ត្រី ដើម្បីផ្តល់លទ្ធភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ