សហគ្រិនស្ត្រីស្នើឲ្យធនាគារបន្ធូរបន្ថយលក្ខខណ្ឌកម្ចី

តើសហគ្រិនស្ត្រីជួបបញ្ហាអ្វីខ្លះ ក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ?


សមាគមសហគ្រិនស្ត្រីកម្ពុជាស្នើឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុជួយបន្ធូរបន្ថយលក្ខខណ្ឌកម្ចី និងបញ្ចុះអត្រាការប្រាក់ជូនសហគ្រិនជាស្ត្រី ដើម្បីផ្តល់លទ្ធភាពឲ្យពួកគេក្នុងការពង្រីកអាជីវកម្មក្នុងអំឡុងពេលវិបត្តិកូវីដ១៩ បាននឹងកំពុងបន្តអូសបន្លាយអស់រយៈពេលជិត២ឆ្នាំ និងកំពុងឆ្លងក្នុងសហគមន៍យ៉ាងខ្លាំង។ ការស្នើសុំនេះធ្វើឡើងក្រោយថ្នាក់ដឹកនាំសមាគមសង្កេតឃើញថា លទ្ធភាពទទួលបានប្រាក់កម្ចីរបស់សហគ្រិនជាស្ត្រីនៅមានកម្រិតតិចតួចដោយសារការគ្រប់គ្រង និងការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ពួកគេនៅមានកម្រិត។
លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា

ថ្មី​ៗ នេះ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​(MOU)​ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ ដើម្បី​លើកកម្ពស់​បរិ​យា​បន្ន​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​យល់​ដឹង​លើ​ការ​ទទួល​បាន​ហិរញ្ញប្បទាន​របស់​សហគ្រិន​ជា​ស្ត្រី​។

លោក​ជំទាវ កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​ស្នើ​ឲ្យ​ធនាគារ និង មីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយ​បែបបទ ឬ លក្ខខណ្ឌ​កម្ចី​ដល់​សហគ្រិន​ជា​ស្ត្រី ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ទទួល​បាន​ដើមទុន​ក្នុង​ការ​បើក និង ពង្រីក​អាជីវកម្ម​ក្នុងអំឡុងពេល​វិបត្តិ​កូ​វី​ដ​១៩ បាន​នឹង​កំពុង​បន្ត​អូស​បន្លាយ និង ឆ្លង​ក្នុង​សហគមន៍​យ៉ាង​ខ្លាំង​។ បន្ថែម​ពិ​លើ​នេះ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ស្នើ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ផ្ដល់​កម្ចី ជួយ​បញ្ចុះ​អត្រា​ការ​ប្រាក់​ដល់​សហគ្រិន​ជា​ស្ត្រី ដើម្បី​ជួយ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង ស្ត្រី​ក្នុង​វិស័យ​ជំនួញ​។

ប្រធាន​សមាគម​រូប​នេះ​សង្កេត​ឃើញ​ថា កន្លង​មក​ការ​យល់​ដឹង​ផ្នែក​គ្រប់គ្រង និង​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​របស់​សហគ្រិន​ជា​ស្ត្រី​មួយ​ចំនួន​នៅ​មាន​កម្រិត​នៅឡើយ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​កម្ចី​ពី​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​យក​ទៅ​បើក​អាជីវកម្ម និង​ពង្រីក​មុខរបរ​។ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​របស់​សហគ្រិន​ជា​ស្ត្រី​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២១ បាន​ចុះ MOU ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។ លោក​ជំទាវ កែវ មុំ រំពឹង​ថា តាម​រយៈ​ភាព​ជា​ដៃគូ​នេះ​នឹង​ផ្តល់​ចំណេះ​ផ្នែក​ហិរញ្ញវត្ថុ​ថ្មី​ៗ​ដល់​សហគ្រិន​ជា​ស្ត្រី ដើម្បី​យក​ទៅ​អនុវត្ត​ក្នុង​ការ​ដំណើរការ​អាជីវកម្ម និង​ពង្រីក​មុខរបរ​របស់​ពួក​គេ​កាន់តែ​ធំ​ថែម​ទៀត​។ 

ជាមួយ​គ្នា​នេះ​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​ចាត់​ទុក​ការ​ចុះ MOU រវាង​សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ជា​សក្ខីភាព​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើកកម្ពស់ និង​បញ្ជ្រាប​ការ​យល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​វិញ​ទៅ​មក ជា​ពិសេស លើកកម្ពស់​ការ​យល់​ដឹង​លើ​ការ​ទទួល​បាន​ហិរញ្ញប្បទាន​របស់​សហគ្រិន​ស្ត្រី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ពី​បណ្តា​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។

ជាមួយ​គ្នា​នេះ​ដែរ​លោក សុខ វឿ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល​ស្តីទី​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​បី នឹង​ក្លាយជា​ច​លករ​ក្នុង​ការ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​អាជីវកម្ម ដែល​គ្រប់គ្រង​ដោយ​សហគ្រិន​ជា​ស្ត្រី​ឲ្យ​កាន់តែ​រីក​ចម្រើន និង​រឹង​មាំ​ថែម​ទៀត​។ លោក បាន​គូសបញ្ជាក់​បន្ថែម​ថា ក្នុង​ចំណោម​អតិថិជន​ជិត​២​លាន​នាក់​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​អតិថិជន​ភាគច្រើន​លើសលុប​ជា​ស្ត្រី​។ កត្តា​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ស្ត្រី​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ទាំង​នៅ​ទីក្រុង និង​ជនបទ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហាតម្លៃថ្នាំ-ជីកសិកម្មកើនខ្ពស់ នៅតែជាឆ្អឹងទទឹងក សម្រាប់ជំរុញការអភិវឌ្ឍវិស័យកសិកម្ម

ព័ត៌មាន
វិស័យកសិកម្មនៅកម្ពុជាត្រូវបានគេមើឃើញថា គឺជាវិស័យមួយដែលមានភាពធន់ជាងគេ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា នៅក្នុងអំឡុងពេលនៃការរីករាតត្បាតក…

កូរ៉េខាងជើងផ្ទុះកំហឹងថ្មីទៀតហើយ ក្រោយកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាមួយអាមេរិក

ព័ត៌មាន
ទើបតែតភ្ជាប់ខ្សែទូរស័ព្ទទំនាក់ទំនងគ្នាមិនទាន់បានប៉ុន្មានថ្ងៃផង ឥឡូវនេះ ទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរ កំពុងធុំក្លិនមិនសូវល្អទៀតហើយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ