នាជំនួបពិភាក្សាទ្វេភាគីនេះ ឯកឧត្ដម វ៉ាង យូបូ (Wang Yubo) អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានគូសបញ្ជាក់ថា ខេត្តយូណាន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរនេះទ្បើង ដ្បិតវាជាការវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបំផុតក្រោម «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» និងជាអាកាសយានដ្ឋានអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសហគ្រាសចិន នៅក្រៅប្រទេសតាមរបៀប«សាងសង់ អាជីវកម្ម និងផ្ទេរ (BOT Project)»។ ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ាង យូបូ ក៏បានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងខេត្តយូណាន និយាយដោយទ្បែក នឹងកាន់តែមានភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែងបន្ថែមទៀត។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមអភិបាលខេត្តយូណាន និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរនេះ ដែលកំពុងប្រព្រឹត្តទៅស្របពេលដែលឆ្នាំ២០២៣នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនរដ្ឋទាំង៣ របស់ខេត្តយូណាន ដែលមានជំនឿទុកចិត្តនៅក្នុងការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះតែម្តង។ ទន្ទឹមនឹងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងប្រទេសកម្ពុជាផងដែរ។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ តែងបានយកចិត្តទុកដាក់លើការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន និងការគាំទ្រចំពោះគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍឱ្យមានការរីកចម្រើន។ ជាក់ស្តែងនៅកម្ពុជាផ្ទាល់នៅក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវនេះ គឺគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនត្រូវបានលេចចេញជារូបរាងឡើង ដោយក្នុងនោះរួមមាន ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះជាដើម៕