ជំនាញវិជ្ជាជីវៈ

យុវជនរៀនមិនអស់លុយ បានទាំងជំនាញ បានទាំងប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋាភិបាល


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងប្រកាសជាផ្លូវការនូវគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនចំនួន១លាន៥សែននាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ដោយការបណ្ដុះបណ្ដាលនេះមានមុខជំនាញចំនួន៣៨ នៅក្នុងវិស័យចំនួន១០។ បើតាមការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាល ការចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ នឹងមិនតម្រូវឲ្យបង់ប្រាក់នោះទេ។
7
ដោយ

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាសក្នុងខេត្ត កណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្តេចនឹងប្រកាសចេញជាផ្លូវការនូវគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន១លាន៥សែននាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល បានត្រៀមរួចរាល់អស់ហើយទាំងប្រព័ន្ធការងារ ទាំងគ្រូបង្រៀន និងថវិកាជាតិរាប់រយលានដុល្លារសម្រាប់ប្រើប្រាស់ក្នុងការរៀបចំការបណ្ដុះបណ្ដាលនេះ។

បើតាមសម្ដេច ហ៊ុន ម៉ាណែត ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ គឺផ្ដោតទៅលើយុវជនចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ ដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ហើយចំពោះបងប្អូនកម្មករកម្មការិនីក៏អាចទទួលផលពីការបណ្ដុះបណ្ដាលនេះដែរ។ សម្រាប់សម្តេចធិបតី ការបណ្តុះបណ្តាលនេះនឹងផ្តល់ភាពងាយស្រួលដល់កម្មករកម្មការិនី ដែលកំពុងបំពេញការងារតាមរោងចក្រ សហគ្រាសនានា អាចមានពេលវេលាគ្រប់គ្រាន់ ដើម្បីទទួលបានការបណ្ដុះបណ្ដាលសំដៅបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនបន្ថែម ដើម្បីអាចឡើងតួនាទី និងប្រាក់ខែផងដែរ។

ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះទៀតសោត គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ ហើយសម្រាប់អ្នកចូលរួមបណ្ដុះបណ្ដាលពេញម៉ោង និងមានប័ណ្ណក្រីក្រនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀលបន្ថែមផងដែរ។ នេះបើតាមការអះអាងរបស់សម្តេច ហ៊ុន ម៉ាណែត ដោយបានសង្កត់ធ្ងន់ថា គោលដៅរបស់រាជរដ្ឋាភិបាលនៃការបណ្តុះបណ្តាលនេះ គឺចង់ឃើញប្រជាពលរដ្ឋរៀនចប់ ចេះ និងមានការងារធ្វើ ដ្បិតបើត្រឹមតែរៀនមួយចប់ហើយមិនចេះ គឺយ៉ាប់ហើយ ដូចនេះត្រូវយកចិត្តទុកដាក់លើបញ្ហាគុណភាព និងជំនាញឱ្យចំគោលដៅផងដែរ។

ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមជាមួយរដ្ឋ ក្នុងនាមជាដៃគូ ជួយគិត ជួយធ្វើ តាមរយៈការផ្ដល់ទីតាំងហាត់ការផ្ទាល់ និងការបណ្ដុះបណ្ដាលជំនាញដោយផ្ទាល់នៅតាមក្រុមហ៊ុន ឬរោងចក្រនានាតែម្ដង ដើម្បីជាផលប្រយោជន៍ប្រជាជនទាំងអស់គ្នា។ គួរជម្រាបថា បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការបណ្ដុះបណ្ដាលនេះផ្តោតសំខាន់ទៅក្នុងវិស័យចំនួន១០ និងមានមុខជំនាញចំនួន៣៨ សម្រាប់ឱ្យយុវជនជ្រើសរើស។ ដោយវិស័យទាំង១០នោះ រួមមាន៖ វិស័យ​សំណង់ អគ្គិសនី អេឡិចត្រូនិក មេកានិកទូទៅ ទេសចរណ៍ សេវាកម្ម កសិកម្ម កសិឧស្សាហកម្ម ធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មានជាដើម៕

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលគ្រោងពិចារណាបង្កើតឱ្យមានច្បាប់កំណត់ចំនួនទិញអចលនទ្រព្យរបស់អតិថិជន

នៅកម្ពុជាពុំទាន់មានច្បាប់ណាមួយហាមឃាត់មិនឱ្យនរណាម្នាក់អាចទិញផ្ទះច្រើនល្វែង ឬច្រើនកន្លែងនៅឡើយទេ ដែលកត្តានេះបានបើកផ្លូវឱ្យអ្នកមានធនធានមួយចំន…

អ៊ីស្រាអែលវាយប្រហារលើជំរុំជនភៀសខ្លួននៅហ្កាហ្សា និងបានពង្រាយមីស៊ីលការពារដែនអាកាស

ជនបរទេសកាន់តែច្រើនបានត្រៀមបន្តចាកចេញពីតំបន់ហ្គាហ្សា ដែលត្រូវបានកងទ័ពអ៊ីស្រាអែលហ៊ុំព័ទ្ធគិតមកដល់ថ្ងៃព្រហស្បតិ៍នេះ។អាជ្ញាធរនៅហ្កាហ្សាគ្រប់គ្រង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ