វិបត្តិមីយ៉ាន់ម៉ា

UN ថា ចំនួនអ្នករត់ចេញពីផ្ទះរបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងខ្ពស់ដល់ជាង ១ លាននាក់ជាលើកដំបូង


អង្គការសហប្រជាជាតិបាននិយាយថា អំពើហិង្សាក្រោយរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ាបានរុញច្រានចំនួនអ្នករត់ចេញពីផ្ទះសម្បែងរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាកើនឡើងដល់ជាង ១លាននាក់ ដែលជាចំនួនខ្ពស់បំផុតជាលើកដំបូងសម្រាប់ប្រទេសនេះ ហើយអង្គការសហប្រជាជាតិបានព្រមានឱ្យមានការប្រយ័ត្នប្រយែងអំពីស្ថានភាព«ដ៏គ្រោះថ្នាក់»នៃបញ្ហានេះ ខណៈដែលរដូវវស្សាខិតចូលមកដល់ និងការប្រយុទ្ធគ្នាបន្តធ្វើឡើងយ៉ាងខ្លាំងក្លានៅតាមតំបន់មួយចំនួន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
UN: អ្នករត់ចេញពីផ្ទះរបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា កើនឡើងខ្ពស់ដល់ជាង ១ លាននាក់ជាលើកដំបូង
ដោយ

ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​ការ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ (UNOCHA) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​ជិត ៧០ ម៉ឺន​នាក់​បាន​បង្ខំចិត្ត​រត់​ចេញពីផ្ទះ​សម្បែង​របស់​ពួក​គេ​ចាប់តាំងពី​ការ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី កាលពី​ឆ្នាំ​មុន​។

កងជីវពល​ស៊ី​វិល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​តទល់​នឹង​រដ្ឋប្រហារ​នៅ​ទូ​ទាំង​ប្រទេស​នេះ ហើយ​របប​យោធា​បាន​ឆ្លើយ​តប​ដោយ​ធ្វើការ​វាយលុក​គ្រប់​បែប​យ៉ាង ដែល​ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា រួម​មានការ​បំផ្លិចបំផ្លាញ​ភូមិ ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​ជន​ស៊ី​វិល​ជាដើម​។

សូម​បញ្ជាក់​ថា នៅ​មុន​ពេល​មាន​រដ្ឋប្រហារ​យោធា​កាលពីដើម​ខែកុម្ភៈ​ឆ្នាំ​មុន គឺ​មាន​អ្នក​រត់​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​របស់​ពួក​គេ​ប្រមាណ​ជាង ៣៤​ម៉ឺន​នាក់​រួច​ទៅ​ហើយ ដែល​ក្នុង​នោះ​បាន​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​នៅ​តាម​ព្រំដែន​ថៃ និង​ចិន និង​ទាំង​ពលរដ្ឋ​មូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​របស់​ពួក​គេ​ក្នុងអំឡុងពេល​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​ឆ្នាំ​២០១៧​ផង​ដែរ​។

ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ដដែល​នេះ​បាន​និយាយ​ថា តាម​ការ​ប៉ាន់ស្មាន​មាន​អចលនទ្រព្យ​របស់​ជន​ស៊ី​វិល​ជាង​១​ម៉ឺន​២​ពាន់​កន្លែង​ត្រូវ​បាន​បំផ្លាញ​ចាប់តាំងពី​មាន​រដ្ឋប្រហារ ហើយ​ទីភ្នាក់ងារ​នេះ​បាន​ព្រមាន​ថា ការ​ខិតចូល​មក​ដល់​នៃ​រដូវភ្លៀង​បាន​គំរាមកំហែង​ដល់​ទុក្ខវេទនា​កាន់តែ​ច្រើន​សម្រាប់​អ្នក​រស់នៅ​ក្នុង​ជំរុំ​ភៀសខ្លួន​។

ទីភ្នាក់ងារ​នេះ​បាន​បន្ថែម​ទៀត​ថា មាន​ចំនួន​ជាង ៣០ ម៉ឺន​នាក់​នៃ​អ្នក​ដែល​បាន​ផ្លាស់​ទីលំនៅ​ចាប់តាំងពី​ការ​ធ្វើ​រដ្ឋប្រហារ​នោះ​មក គឺ​ពួក​គេ​មក​ពី​ទីក្រុង​សា​ហ្កែ​ង (Sagaing) ភាគ​ពាយ័ព្យ​ប្រទេស មី​យ៉ា​ន់​ម៉ា​ជាទី​ដែល​ក្រុម​យុទ្ធ​ជន​តែង​ប៉ះទង្គិច​គ្នា​រឿយ​ៗ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​។

ទីភ្នាក់ងារ​នេះ​បាន​កត់​សម្គាល់ថា អាជ្ញាធរ​បាន​កាត់​បន្ថយ​សេវា​អ៊ីនធឺណិត​ចល័ត​នៅ​ផ្នែក​ភាគច្រើន​នៃ​ទីក្រុង Sagaing និង​ទីក្រុង ម៉ាក​វ៉េ​យ៍ (Magway) ដែល​ជា​ចំណុចក្តៅ​មួយ​ផ្សេង​ទៀត ព្រម​ជាមួយនឹង "​ការ​រឹត​បន្តឹង​" ដែល​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​អង្ករ ថ្នាំពេទ្យ និង​ប្រេងឥន្ធនៈ​។

កិច្ច​ខិតខំ​ប្រឹងប្រែង​ការទូត​ដើម្បី​បញ្ចប់វិបត្តិ​នេះ ក៏​មាន​ភាព​យឺតយ៉ាវ​ដែរ​។ កិច្ច​ប្រឹងប្រែង​ស្វែងរក "​ការ​ស្រុះស្រួល​គ្នា ឬ​ហៅ​ថា​កង់​សង់​ស៊ី​ស​" ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​មុន​ដោយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) ក្នុង​គោលបំណង​សម្រួល​ឱ្យ​មាន​កិច្ច​សន្ទនា​រវាង​យោធា និង​គូប្រជែង​របស់​ខ្លួន​ព្រមទាំង​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ដែរ​នោះ ត្រូវ​បាន​រដ្ឋាភិបាលយោធា​មី​យ៉ា​ន់​ម៉ា​មិន​អើពើ​ទាល់តែ​សោះ​។

កាលពី​ខែមីនា មេដឹកនាំ​របប​យោធា​លោក មីន អុង ឡាំង (Min Aung Hlaing) បាន​និយាយ​ថា យោធា​នឹង​តាម​កម្ចាត់​ដល់ទី​បញ្ចប់​ចំពោះ​គូសត្រូវ​របស់​ខ្លួន​។

យោង​តាម​ក្រុម​ឃ្លាំមើល​ស្ថានការណ៍​ក្នុង​តំបន់​បានឱ្យ​ដឹង​ថា មនុស្ស​ជាង​១​ពាន់​៨​រយ​នាក់​ហើយ ត្រូវ​បាន​សម្លាប់ និង​ជាង​១​ម៉ឺន​៣​ពាន់​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​បង្ក្រាប​របស់​របប​យោធា​ទៅ​លើ​ក្រុម​អ្នកប្រឆាំង​ចាប់តាំងពី​មាន​រដ្ឋប្រហារ​នោះ​មក​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសស្រីលង្កាស្វែងរកថវិកាកម្ចី ៣ពាន់លានដុល្លារបន្ថែមពី IMF ខណៈវិបត្តិសេដ្ឋកិច្ចបន្តជាប់គាំង

ព័ត៌មាន
ប្រទេសស្រីលង្កាកំពុងពិភាក្សាជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីខ្ចីប្រាក់យ៉ាងហ៉ោចណាស់ ៣ពាន់លានដុល្លារ តាមរយៈកម្មវិធីផ្តល់…

រុស្ស៊ីចេញមកព្រមានអាមេរិកខ្លាំងៗ ជុំវិញរឿងផ្ដល់ប្រព័ន្ធរ៉ុកែ្កតបាញ់បានឆ្ងាយទៅឲ្យអ៊ុយក្រែន

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចេញមកព្រមានសហរដ្ឋអាមេរិកខ្លាំងៗថា ការផ្គត់ផ្គង់គ្រាប់រ៉ុក្កែតដ៏ទំនើបរបស់សហរដ្ឋអាមេរិកទៅឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ