ទីក្រុងសៀងហៃមានករណីស្លាប់

ទីក្រុងសៀងហៃមានករណីស្លាប់ដោយសារកូវីដ១៩កាន់តែច្រើន ខណៈចំនួនអ្នកឆ្លងថ្មីបន្ដកើនខ្ពស់


បើទោះបីជា ទីក្រុងសៀងហៃកំពុងមានការរឹតបន្ដឹង ក៏ដូចជាការបិទខ្ទប់ក៏ដោយ ប៉ុន្ដែ រលកឆ្លងកូវីដ១៩អូមីក្រុង នៅតែបន្ដអុកឡុកខ្លាំងនៅក្នុងទីក្រុងដ៏សំខាន់របស់ចិនមួយនេះ។ ចំនួនអ្នកស្លាប់ថ្មីដោយសារកូវីដ១៩ នៅថ្ងៃចន្ទ ទី ២៥ ខែមេសានេះ មានដល់ទៅ ៥១ នាក់ ជាកំណត់ត្រាថ្មីខ្ពស់បំផុតមិនធ្លាប់ ខណៈដែលករណីឆ្លងថ្មីប្រចាំថ្ងៃក៏បានកើនឡើងជិត ២៥០០ នាក់ក្នុងមួយថ្ងៃ កើនឡើងជាង៧៦% បើធៀបនឹងតួលេខកាលពីថ្ងៃអាទិត្យ ទី២៤មេសា ដែលមានត្រឹមតែជាង១ពាន់៤រយនាក់ប៉ុណ្ណោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន South China Morning Post។
ទិដ្ឋភាពក្រុងសៀងហៃអំឡុងពេលបិទខ្ទប់ រូបភាព៖ ស៊ិន​ ហួ​

ទីក្រុង​សៀង​ហៃ បច្ចុប្បន្ន​នេះ គឺជា​កន្លែង​ដែល​កំពុង​មានការ​រាតត្បាត​កូ​វី​ដ​១៩​ខ្លាំងក្លា​ជាងគេ ធៀប​នឹង​ទីក្រុង​ផ្សេង​ៗ​ទៀត​របស់​ចិន ហើយ​ក៏​កំពុង​រង​នូវ​វិធានការ​កូ​វី​ដ​១៩​ដ៏​តឹងរ៉ឹង​ជាងគេ​ផង​ដែរ​។ សរុប​មក​ទល់​ពេល​នេះ ទីក្រុង​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​ប្រទេស​ចិន​នេះ មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប​ជាង​៥០​ម៉ឺន​នាក់ និង​អ្នក​ស្លាប់​សរុប ១៣៨ នាក់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន South China Morning Post​។

ទីក្រុង​សៀង​ហៃ​ហាក់​មិន​មា​នទី​បញ្ចប់​ចំពោះ​ការ​បិទ​ទីក្រុង​របស់​ខ្លួន​ឡើយ​ទេ ខណៈ​ដែល​ករណី​ស្លាប់​បាន​កើន​ឡើងជា​បន្ដបន្ទាប់ ហើយ​អ្នក​ស្លាប់​ភាគច្រើន​ជា​មនុស្ស​ចាស់​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​។

ឧបនាយករដ្ឋមន្ត្រី​ចិន​លោកស្រី ស៊ុន ឈុ​ន​ឡាន (Sun Chunlan) ដែល​ចុះ​ទៅ​ទីក្រុង​សៀង​ហៃ ដើម្បី​ត្រួតពិនិត្យ​ការងារ​ប្រឆាំង​ការ​រាតត្បាត​កូ​វីត ១៩ បាន​និយាយ​ថា ទីក្រុង​សៀង​ហៃ​ត្រូវ​តែ​មានការ​តាំងចិត្ត​ក្នុង​ការ​ចាត់វិធានការ​យ៉ាង​ខ្លាំងក្លា ដើម្បី​សម្រេច​បាន​គោលនយោបាយ​គ្មាន​កូ​វី​ដ ១៩ របស់​រដ្ឋអំណាច​ទីក្រុង​ប៉េ​កាំ​ង​។ លោកស្រី​បន្ថែម​ថា វិធានការ​ដ៏​តឹង​រឹង​ត្រូវ​តែ​ធ្វើ​ឡើង​ដើម្បី​បញ្ឈប់​ការ​ឆ្លង​នេះ​ឲ្យ​បាន​ឆាប់រហ័ស ខណៈ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ឆ្លង​កូ​វីត ១៩ ដែល​អូស​បន្លាយ​រយៈពេល​យូរ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង ប្រសិនបើ​មិន​មានការ​បញ្ចប់​ការ​រាតត្បាត​ឲ្យ​បាន​ក្នុង​ពេល​ឆាប់​ៗ​ទេ​នោះ​។

គួរ​កត់​សម្គាល់ថា នៅ​ទូ​ទាំង​ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ទូ​ទាំង​ប្រទេស​ចំនួន​សរុប​ជាង ២​ម៉ឺន​នាក់ នៅ​ថ្ងៃ​ទី ២៥​មេ​សា ដែល​កើនឡើង ៤%​ធៀប​នឹង​ទី​២៤​មេ​សា ហើយ​ភាគច្រើន នៃ​ការ​ឆ្លង​ថ្មែ​ដែល​បាន​រក​ឃើញ គឺ​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ​។ ក្នុង​នោះ ខេត្ត ជី​លី​ន ភាគ​ឦសាន​ក៏​បាន​កត់ត្រា​ការ​ឆ្លង​ថ្មី​នៃ​កូ​វី​ដ ១៩ ចំនួន​ជិត ៧ រយ នាក់​ក្នុង ១ ថ្ងៃ​ផង​ដែរ​។

តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​ចិន​ថ្មី​ៗ​នេះ​ក៏​បាន​ប្រកាស​ដាក់​ចេញ​វិធានការ​ធ្វើតេស្ដ​កូ​វី​ដ​១៩​ទ្រង់​ទ្រា​ញ​ធំ​លើ​ពលរដ្ឋ​រាប់​លាន​នាក់​នៅ​ទីក្រុង​ឆៅ​យ៉ាង បន្ទាប់​ពី​មានការ​រក​ឃើញ​ថា​ករណី​ឆ្លង​កំពុង​មានការ​កើនឡើង​នៅ​ក្នុង​ទីក្រុង​នេះ​។ ការ​ធ្វើតេស្ដ​លើ​ប្រជាជន​នៅ​ក្នុង​ទិ​ក្រុង​នេះ កំពុង​បានការ​បារម្ភ​ថា រដ្ឋាភិបាល​ចិន អាច​នឹង​អនុវត្ត​វិធានការ​តឹងរ៉ឹង ដូចដែល​ខ្លួន​បាន​ធ្វើ​នៅ​ទីក្រុង​សៀង​ហៃ​ដែរ ដោយ​មានការ​បិទ​ខ្ទប់​ទីក្រុង​ជាដើម​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកម៉ាក្រុងក្លាយជាប្រធានាធិបតីបារាំងដំបូងគេក្នុង២០ឆ្នាំចុងក្រោយនេះ ដែលបានជាប់ឆ្នោតពីរអាណត្តិជាប់គ្នា

ព័ត៌មាន
លោកអេម៉ានូអេល ម៉ាក្រុង បានជាប់ឆ្នោតជាប្រធានាធិបតីបារាំងសម្រាប់អាណត្តិទី២របស់លោក ក្រោយយកឈ្នះលើគូប្រជែងគឺលោកស្រី ម៉ារីន ឡឺផេន ក្នុងសម្លេង…

ធ្លាប់ឆ្ងល់ទេថា ហ្សបហោស៍ និងគេហដ្ឋានសម្រាប់រស់នៅខុសគ្នាដូចម្ដេចខ្លះ?

ព័ត៌មាន
ទន្ទឹមគ្នានឹងតម្រូវការផ្នែកលំនៅដ្ឋានមានការកើនឡើងគួរឱ្យកត់សម្គាល់ គេសង្កេតឃើញក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជាច្រើនកំពុងបង្កើនការសាងសង់គេហដ្ឋានទំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ