ឯកឧត្ដម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ចេញនូវវិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់ស្ថាប័នគយ គឺជាកិច្ចការចាំបាច់បំផុតនៅពេលដែលកម្ពុជា កំពុងរងឥទ្ធិពលធ្ងន់ធ្ងរពីវិបត្តិផ្ទួនៗគ្នាដូចជាបញ្ហាសង្រ្គាមឈ្លានពានទឹកដីដោយប្រទេសថៃ យុទ្ធនាការយ៉ាងក្តៅគគុកក្នុងការបង្ក្រាប Online Scam និងបញ្ហាវិបត្តិប្រេងឥន្ធនៈសកល ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា គោលបំណងសំខាន់ នៃការដាក់ចេញវិធានការនេះ គឺដើម្បីបង្កើនចំណូលពន្ធ និងអាករ ដែលប្រមូលដោយស្ថាប័នគយ និងបង្កជាបរិយាកាសស្មើភាពនៅក្នុងការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា បន្ថែមលើវិធានការសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនាពេលកន្លងមក ក្នុងទិសដៅជួយជំរុញ និងស្តារសេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិបទ នៃវិបត្តិដែលកម្ពុជា កំពុងជួបប្រទះនេះ រាជរដ្ឋាភិបាល ក៏គួរធ្វើកំណែទម្រង់ផ្ទៃក្នុងមួយចំនួនបន្ថែមទៀត។ ក្នុងនោះរាជរដ្ឋាភិបាលត្រូវលុបបំបាត់ការិយាធិបតេយ្យ ការធ្វើពាណិជ្ជកម្មមិនស្មើភាព និងកាត់បន្ថយស្ថាប័ន ដែលមិនចាំបាច់មួយចំនួន ដ្បិតបញ្ហាទាំងនេះជាកត្តារាំងស្ទះដល់ការធ្វើអាជីវកម្ម និងការវិនិយោគនៅកម្ពុជា។ អ្នកជំនាញរូបនេះ ក៏បានជំរុញឱ្យរាជរដ្ឋាភិបាលអភិវឌ្ឍបន្ថែមលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលនៅក្នុងស្រុកផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ស្ថិតក្នុងបរិបទ នៃវិបត្តិ ដែលកើតមានជាបន្តបន្ទាប់នេះ កម្ពុជា គួរបន្តពង្រឹង និងពង្រីកទីផ្សារនាំចេញ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមឱ្យបានច្រើន ព្រមជាមួយការទាក់ទាញការវិនិយោគថ្មីៗ។ ទន្ទឹមនេះ ការជំរុញផលិតកម្មក្នុងស្រុកឱ្យបានកាន់តែច្រើន ក៏ជាកត្តាសំខាន់ផងដែរ ដើម្បីបង្កើនចំណូលសេដ្ឋកិច្ច។ បន្ថែមលើនេះ កម្ពុជា គួរបន្តពង្រឹងទំនុកចិត្តរបស់វិស័យឯកជនតាមរយៈការក្សាស្ថិរភាពហិរញ្ញវត្ថុ និងលំនឹងម៉ាក្រូសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។
គួរជម្រាបថា ស្ថិតក្នុងស្ថានភាព នៃការកើនឡើងខ្ពស់ នៃតម្លៃប្រេងឥន្ធនៈជាសកល ក្នុងគោលបំណងជួយសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះពន្ធ និងការនាំចូលផលិតផលអគ្គិសនី និងបរិក្ខារចាំបាច់សំខាន់ៗមួយចំនួន ព្រមទាំងបានដាក់ពន្ធ និងអាករជាបន្ទុករបស់រដ្ឋលើការនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ដែលបានជំរុញឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណជិត៥០លានដុល្លារក្នុងមួយខែ។ បន្ថែមលើនេះ ជាផ្នែកមួយនៃកិច្ចសម្រួលពាណិជ្ជកម្ម និងការចូលរួមចំណែកក្នុងការកាត់បន្ថយបន្ទុកថ្លៃឡូជីស្ទីក រាជរដ្ឋាភិបាលក៏បានសម្រេចអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា តទៅ គឺលុបចោលកម្រៃត្រួតពិនិត្យកុងតឺន័រទំនិញដោយម៉ាស៊ីនស្គែនទាំងស្រុងតែម្តងផងដែរ៕