នៅក្នុងឱកាសដឹកនាំវិបស្សនា ដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥ នៅខេត្តកំពត នាពេលថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងបរិការណ៍ ដែលពិភពលោកកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ កម្ពុជាចាំបាច់ត្រូវតែបន្តកសាងសមត្ថភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ។ ឯកឧត្តមបានគូសបញ្ជាក់ថា វិវាទព្រំដែនកម្ពុជា-ថៃ និងវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់កំពុងបង្កផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ការណ៍នេះទាមទារឱ្យមានការបន្តកសាងសមត្ថភាពផ្ទៃក្នុង និងដាក់ចេញគោលនយោបាយសមស្រប ព្រមទាំងពង្រឹងការអនុវត្តវិធានការគន្លឹះ ក្នុងន័យអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលមានភាពធន់នឹងសម្ពាធខាងក្រៅ និងទប់ទល់នឹងភាពមិនប្រាកដប្រជាទាំងក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា របាយការណ៍តាមដានសមិទ្ធកម្មនេះមិនមែនគ្រាន់តែជាឯកសាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពពិតនៃលទ្ធផលការងារ ហានិភ័យ និងបញ្ហាប្រឈមសេសសល់ ដែលត្រូវដោះស្រាយជាបន្ទាន់។ ជាមួយគ្នានេះ ឯកឧត្តម បានណែនាំឱ្យមានការពិនិត្យឡើងវិញលើសូចនាករសមិទ្ធកម្មគន្លឹះ (KPIs) ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៦ នេះ ទោះបីជាមានសូចនាករខ្លះសម្រេចបានខ្ពស់ក៏ដោយ ដើម្បីធានាបាននូវតុល្យភាព និងភាពត្រឹមត្រូវ នៃទិន្នន័យសង្គម-សេដ្ឋកិច្ច។
ទាក់ទងនឹងបញ្ហាទិន្នន័យដែលនៅខ្វះចន្លោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធរួមមានដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញឱ្យចូលរួមសម្អាតទិន្នន័យ និងកំណត់បន្ទាត់មូលដ្ឋានឱ្យបានច្បាស់លាស់។ ការធ្វើបែបនេះ គឺដើម្បីផ្ដល់ជាអនុសាសន៍តម្រង់ទិសដ៏មានតម្លៃ ជូនប្រមុខរាជរដ្ឋាភិបាល ក្នុងការកំណត់ទិសដៅអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ឆ្នាំបន្តបន្ទាប់ ពិសេសឆ្ពោះទៅឆ្នាំ២០២៧ និង២០២៨។
ក្នុងបរិការណ៍សកល ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ព្រមទាំងមានភាពមិនប្រាកដប្រជា ដែលអាចជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៦ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានកត់សម្គាល់ថា ទោះបីអត្រាសម្រេចបាននៃសូចនាករសមិទ្ធកម្មគន្លឹះមួយចំនួនក្នុងឆ្នាំ២០២៥ មានកម្រិតខ្ពស់ តែត្រូវធ្វើការពិនិត្យ និងវាយតម្លៃឱ្យបានម៉ត់ចត់ ដើម្បីធានាថា ការវាស់វែងសមិទ្ធផលមានភាពត្រឹមត្រូវ តុល្យភាព និងឆ្លុះបញ្ចាំងតថភាពពិតនៃការវិវត្តសង្គម-សេដ្ឋកិច្ចនាពេលថ្មីៗនេះ។
ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន បន្តសហការជាមួយក្រសួង ស្ថាប័ន និងសម្អាតរបាយការណ៍តាមដាន និងត្រួតពិនិត្យ ការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៥ ដោយផ្អែកលើស្មារតីនៃកិច្ចប្រជុំ និងប្រមូលទិន្នន័យបន្ថែមដែលខ្វះចន្លោះ ក្នុងន័យគាំទ្រដល់ការតាមដានវឌ្ឍនភាពជាក់ស្ដែងនៃសូចនាករសមិទ្ធកម្មគន្លឹះនីមួយៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងតម្រង់ទិស ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាពេលខាងមុខ៕