យ៉ាងណាក៏ដោយ ការបញ្ជាឲ្យរើសទ័ពថ្មីក្នុងចំនួនដ៏ច្រើននេះ បានធ្វើឡើងស្របពេលសង្គ្រាមនៅអ៊ុយក្រែន បានឈានចូលដល់សប្តាហ៍ទី៥ ហើយដែលកំពុងមានការតស៊ូទប់ទល់ដ៏ខ្លាំងក្លារបស់ទ័ពអ៊ុយក្រែនផងដែរ។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិរុស្សី លោក សេរហ្កី ស៉ូវហ្គូ (Sergei Shoigu) បាននិយាយកាលពេលថ្មីៗនេះថា ទាហានថ្មីទាំងនេះ គ្មាននរណាម្នាក់ត្រូវបានគេកោះហៅបញ្ជូនទៅសមរភូមិក្តៅនៅអ៊ុយក្រែនឡើយ។
ទោះបីជាមានការបដិសេធបែបនេះក្តី ការប្រកាសរើសទាហានថ្មីភ្លាមៗ និងក្នុងចំនួនច្រើនបែបនេះ គឺជារឿងរស៊ើបមែនទែន សម្រាប់ទីក្រុងម៉ូស្កូ ពិសេសនៅក្នុងភាពមន្ទិលសង្ស័យដែលថា រុស្ស៊ីបានបញ្ជូនទ័ពដែល គ្មានបទពិសោធន៍ឲ្យទៅស្លាប់ក្នុងសមរភូមិ។ គេនៅចាំបានថា កាលពីដើមខែមីនា ក្រសួងការពារជាតិរុស្ស៊ីធ្លាប់បានទទួលស្គាល់ថា មួយចំនួននៃទាហានរបស់រុស្ស៊ីដែលបញ្ជូនទៅអ៊ុយក្រែន ជាទាហានថ្មី។ ប៉ុន្តែលោកពូទីនបានបដិសេធរឿងនេះ ដោយបកស្រាយថា មានតែទាហានជំនាញ និងមន្ត្រីជំនាញប៉ុណ្ណោះដែលត្រូវបានបញ្ជូនចូលក្នុងសមរភូមិ។
ទីក្រុងម៉ូស្កូអះអាងថា វាគឺជារដូវកាលប្រចាំឆ្នាំ ដែលរុស្ស៊ីតែងតែរើសទ័ពថ្មីៗ។ ជាក់ស្តែង នៅរៀងរាល់ឆ្នាំក្នុងនិទាឃរដូវ ចាប់ផ្តើមពីថ្ងៃទី ០១ខែមេសា ដល់ថ្ងៃទី១៥ខែកក្កដា រុស្ស៊ីនឹងផ្តើមជ្រើសរើសកងទ័ព ដោយមើលលើបុរសរុស្ស៊ីណា ដែលមានអាយុចន្លោះពី ១៨ ទៅ ២៧ឆ្នាំ។ បន្ទាប់មក អ្នកដែលត្រូវបានកោះហៅនឹងចាប់ផ្តើមបញ្ជូនទៅកាន់មូលដ្ឋានដែលបានកំណត់របស់ពួកគេនៅចុងខែឧសភា។
សូមជម្រាបថា នៅក្រោមច្បាប់របស់រុស្ស៊ី ទាហានអាចនឹងត្រូវគេបញ្ជូនទៅប្រយុទ្ធនៅសមរភូមិបាន បន្ទាប់ពីការហ្វឹកហ្វឺនតែប៉ុន្មានខែប៉ុណ្ណោះ៕