ប្រព័ន្ធទូទាត់សកល SWIFT

រុស៊ីត្រូវបានដកចេញពីប្រព័ន្ធទូទាត់សកល SWIFT តើនឹងមានប៉ះពាល់អ្វីខ្លះ?


ស្របពេលដែលសកម្មភាពឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៅតែធ្វើឡើងកាន់តែក្ដៅគគុក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានអះអាង ថា ពួកគេនឹងបន្ដដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀតទៅលើធនាគារកណ្ដាលរបស់រុស្ស៊ី និងដកធនាគារមួយចំនួនរបស់រុស្ស៊ីចេញពីប្រព័ន្ធទូទាត់សកល ស្វីវ (SWIFT) ផងដែរ។ តើ Swift ជាអ្វី? ហើយការដករុស្ស៊ីចេញពីប្រព័ន្ធនេះ វាមានឥទ្ធិប៉ះពាល់យ៉ាងណាខ្លះ?
រូបតំណាង

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ របស់មេដឹកនាំនៃគណៈកម្មកាអឺរ៉ុប, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, អង់គ្លេស, កាណាដា និងសហរដ្ឋអាមេរិក បានអះអាងថា ពួកគេនឹងចាត់វិធានការសេដ្ឋកិច្ច ដើម្បីឲ្យរុស្ស៊ីទទួលខុសត្រូវ និងធ្វើយ៉ាងណាឲ្យលោកពូទីនបានដឹងថា យុទ្ធសាស្ត្រសង្គ្រាមរបស់លោកពូទីន ដែលបានធ្វើនេះ គឺជាការបរាជ័យ។

លោកស្រី អ៊ួសុឡា វ៉នឌ័រ លីយិន  ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយថា ការកាត់ធនាគាររបស់រុស្ស៊ីចេញពីប្រព័ន្ធ SWIFT នឹងបញ្ឈប់ពួកគេមិនឲ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុភាគច្រើនរបស់ពួកគេនៅទូទាំងពិភពលោកនោះឡើយ ហើយវាក៏ជាការទប់ស្កាត់ការនាំចេញ និងការនាំចូលរបស់រុស្ស៊ីប្រកបដោយប្រសិទ្ធភាពផងដែរ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានចាត់ទុកការដកធនាគាររុស្ស៊ីចេញពីប្រព័ន្ធនេះថា ជាអាវុធនុយក្លែអ៊ែហិរញ្ញវត្ថុមួយ។

តើអ្វីទៅជាប្រព័ន្ធ ស្វីវ SWIFT?

 SWIFT មកពីពាក្យពេញថា Society of Worldwide Interbank Financial Telecommunications មានន័យជាភាសាខ្មែរថា សង្គមនៃទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារទូទាំងពិភពលោក។ ប្រព័ន្ធ SWIFT ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៣ ហើយវាជាប្រព័ន្ធសារមួយ ដែលអនុញ្ញាតឲ្យធនាគារផ្ញើប្រាក់ទៅកាន់គ្នាទៅវិញទៅមក។ ប្រព័ន្ធនេះ បច្ចុប្បន្ន មានស្ថាប័នហិរញ្ញវត្ថុជាង១ម៉ឺនស្ថាប័នកំពុងប្រើប្រាស់ នៅជាង២០០ប្រទេស។

តើនឹងមានអ្វីកើតឡើងពេលរុស្ស៊ីត្រូវបានដកចេញពីប្រព័ន្ធ SWIFT?

ធនាគាររុស្ស៊ីនឹងមិនអាចធ្វើការទូទាត់សម្រាប់សកម្មភាពពាណិជ្ជកម្ម និងហិរញ្ញវត្ថុតទៅទៀតបានទេ ហើយវានឹងរារាំងដល់ការនាំចេញទំនិញរបស់រុស្ស៊ី ដូចជាប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិជាដើម។ ទន្ទឹមនឹងនេះ វាក៏នឹងរារាំងរុស្ស៊ីពីការនាំចូលផលិតផលបច្ចេកវិទ្យាសំខាន់ៗ ដូចជាបន្ទះឈីប និងគ្រឿងម៉ាស៊ីនសម្រាប់ឧស្សាហកម្មរបស់ខ្លួនផងដែរ។

ស្ថាប័នហិរញ្ញវត្ថុរុស្ស៊ីគ្រប់គ្រងប្រហែល៤៦ពាន់លានដុល្លារនៃប្រតិបត្តិការអត្រាប្ដូរប្រាក់បរទេស ក្នុងមួយថ្ងៃ ហើយមានប្រមាណ ៨០% គឺជាប្រាក់ដុល្លារអាមេរិក។

តើវានឹងប៉ះពាល់ដល់ប្រទេសដទៃទៀតទេ?

ច្បាស់ណាស់ចង់ ឬមិនចង់ វានឹងអាចមានផលប៉ះពាល់ទៅលើប្រទេសដទៃទៀតដូចគ្នាដែរ ព្រោះថាការដករុស្ស៊ីចេញពីប្រព័ន្ធ SWIFT នឹងរំខានដល់លំហូរនាំចេញប្រេង និងឧស្ម័នពីរុស្ស៊ី ទៅកាន់ប្រទេសដទៃទៀត។ សហភាពអឺរ៉ុប ជាឧទាហរណ៍ គឺមានការពឹងផ្អែកប្រេង និងឧស្ម័ននាំចូលពីរុស្ស៊ីប្រហែល ៤០%ឯណោះ។

ធនាគារអឺរ៉ុប ក៏ស្ថិតនៅក្នុងចំណោមម្ចាស់បំណុលធំរបស់រុស្ស៊ីផងដែរ នៃទំហំបំណុលសរុប១២១ពាន់លានដុល្លារ ដែលរុស្ស៊ីបានជំពាក់ធនាគារបរទេស។ ដូច្នេះ នៅពេលដែលរុស្ស៊ីត្រូវបានដកចេញពីប្រព័ន្ធ SWIFT សំណួរចោទសួរថា តើទីក្រុងម៉ូស្គូ នឹងអាចសងប្រាក់ចំនួនប៉ុន្មានដើម្បីទូទាត់បំណុលដែលជំពាក់នេះ?

តើទណ្ឌកម្មដករុស្ស៊ីចេញពីប្រព័ន្ធ SWIFT នឹងអាចមានប្រសិទ្ធភាពកម្រិតណា?

វាមិនច្បាស់នោះទេ ថាតើប្រសិទ្ធភាពរបស់ទណ្ឌកម្មនេះ នឹងមានកម្រិតណានោះ។ ប៉ុន្ដែ កន្លងមករុស្ស៊ី ក៏ធ្លាប់ស្ថិតនៅក្រោមទណ្ឌកម្មសេដ្ឋកិច្ចដែរ តាំងពីពេលដែល រុស្ស៊ីដណ្ដើមយកតំបន់គ្រីមៀនៅឆ្នាំ២០១៤ ប៉ុន្ដែ វាមិនបានបញ្ឈប់មហិច្ឆតាប្រធានាធិបតីរុស្ស៊ី លោក ពូទីន ពីការឈ្លានពានអ៊ុយក្រែននោះទេ។

ជាឧទាហរណ៍ជាក់ស្ដែងមួយទៀត ប្រទេសកូរ៉េខាងជើងឯណោះវិញ ក៏បានរងនូវទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងក្លាដែរ ពោលគឺ ប្រទេសនេះ ត្រូវបានកាត់ផ្ដាច់ទាំងស្រុងពីប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិ ប៉ុន្ដែ របបលោកគីម ជុងអ៊ុន នៅតែបន្ដរស់រានមានជីវិត និងបន្ដសាកល្បង និងអភិវឌ្ឍអាវុធមីស៊ីលថ្មីៗ បាញ់សាកល្បងអង្រួនពិភពលោកជាបន្ដបន្ទាប់។ រុស្ស៊ី ក៏អាចនឹងងាកទៅរកចិនកាន់តែខ្លាំងសម្រាប់ការធ្វើពាណិជ្ជកម្ម ដោយបោះបង់ប្រតិបត្តិការពាណិជ្ជកម្មដែលមានមូលដ្ឋានលើប្រាក់ដុល្លារអាមេរិកតទៅទៀត៕

 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុននៅកម្ពុជាដំបូងគេមួយនាំចេញទំនិញស្បែកជើងជាង៥ពាន់គូទៅកាន់ទីផ្សារចិន ក្រោមកិច្ចព្រមព្រៀង RCEP

នៅទីបំផុតកម្ពុជាមានការនាំចេញទំនិញក្រោមកិច្ចព្រៀមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុយជ្រោយថ្នាក់តំបន់(RCEP)ជាលើកដំបូងហើយ បន្ទាប់ពីកិច្ចព្រមព្រ…

មហាសេដ្ឋីអាមេរិក និងជប៉ុន២រូប ចេញមុខជួយប្រទេសអ៊ុយក្រែនទប់ទល់នឹងសង្គ្រាមឈ្លានពានពីរុស្ស៊ី

ថ្មីៗនេះ មហាសេដ្ឋីពីរូប នៅអាមេរិក និងជប៉ុន បានចេញមុខជួយប្រទេសអ៊ុយក្រែនពីការឈ្លានពានពីសំណាក់កងទ័ពរុស្ស៊ី។ មហាសេដ្ឋីទាំងពីររូបនោះ គឺទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ