បើតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រាប់បញ្ជាក់នៅក្នុងព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ ទី ១០ ខែវិច្ឆិកាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រេចនឹងមិនចូលរួមការជួបជុំមេដឹកនាំមកពីក្រុមប្រទេសឧស្សាហកម្មទាំង ២០ (G20) នៅកោះបាលីសប្តាហ៍ក្រោយនេះទេ ដោយសារជាប់រវល់ចូលរួមកិច្ចមួយដែរនៅថ្ងៃនោះ។ ជាមួយគ្នានេះ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានៅសប្ដាហ៍នេះ ក៏លោកពូទីនអវត្តមានដែរ ប៉ុន្ដែ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងត្រូវចូលរួមជំនួសលោក។
មែនទែនទៅ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ឥណ្ឌូណេស៊ីបានរងសម្ពាធមិនតិចទេពីសំណាក់បណ្តាប្រទេសលោកខាងលិច និងអ៊ុយក្រែន ដែលស្នើឱ្យដកភាគីរុស្ស៊ីចេញពីសមាជិកនៃក្រុមប្រទេស G20 ដោយសម្អាងថា ទីក្រុងម៉ូស្គូបានបង្កឱ្យមានវិបត្តិសាកលជាច្រើនដោយសារការចូលឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ កុម្ភៈ។ ទោះយ៉ាងណា ឥណ្ឌូនេស៊ីថា ខ្លួនគ្មានសិទ្ធិធ្វើដូច្នោះទេ បើគ្មានការឯកភាពក្នុងចំណោមសមាជិកទាំងមូលនោះ។
គួរជម្រាបថា ក្នុងខែវិច្ឆិកានេះកិច្ចប្រជុំធំៗចំនួនបីនឹងត្រូវធ្វើឡើងបន្តកន្ទុយគ្នារួមមានកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបាននិងកំពុងធ្វើឡើងនៅកម្ពុជាចាប់ពីថ្ងៃទី ៨-១៣ ខែវិច្ឆិកា។ កិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី ១៥-១៦ខែវិច្ឆិកា និងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកកប្រទេសថៃ ពីទីថ្ងៃទី ១៨-១៩ខែវិច្ឆិកា។
កិច្ចប្រជុំទាំងនេះ នឹងនាំយកមេដឹកនាំប្រទេសធំៗដូចជា សហរដ្ឋអាមេរិក ជប៉ុន និងបណ្តាប្រទេសលោកខាងលិចសំខាន់ៗជាច្រើនទៀត និងក៏ដូចមេដឹកនាំចិនផងដែរ ខណៈប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបដិសេធ មិនចូលរួមកិច្ចប្រជុំកំពូលចំនួនពីររួចទៅហើយ គឺកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំ G20។
ទោះជាយ៉ាងណាក៏ដោយ គេនឹងនៅរង់ចាំមើលថា តើលោក ពូទីន នឹងមកចូលរួមកិច្ចប្រជុំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)នៅប្រទេសថៃដែរ ឬទេនៅទីបំផុត។ តែបើតាមរដ្ឋាភិបាលថៃបានបញ្ជាក់កាលពីដើមខែវិច្ឆិកានេះថា ប្រធានាធិបតីរុស្ស៊ីរូបនេះបានទទួលការអញ្ជើញហើយ គ្រាន់តែមិនទាន់បញ្ជាក់ថាមក ឬមិនមកនោះទេ។
ក្នុងនោះដែរេ របៀបវីរៈភាគច្រើនក្នុងកិច្ចប្រជុំ G-20 និង APEC នឹងផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខណៈកិច្ចប្រជុំកំពូលអាស៊ាននឹងពិភាក្សាចម្រុះ ទាំងអំពីនយោបាយសន្តិសុខ ដែលមានន័យថា បញ្ហានៅអ៊ុយក្រែន និងភាពតានតឹងនៅសមុទ្រចិនខាងកើត រួមទាំងច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាសមុទ្រចិនខាងត្បូង សុទ្ធសឹងតែជាប្រធានបទនៃកិច្ចពិភាក្សា។ ការណ៍នេះទំនងជាអាចបង្កឱ្យមានការប៉ះទង្គិចគ្នាពាក្យសំដីគ្នា រវាងសហរដ្ឋអាមេរិក និងចិនជុំវិញវត្តមានយោធារបស់ប្រទេសទាំងពីរក្នុងតំបន់។
ដោយឡែក ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែលជាប្រធានដឹកនាំកិច្ចប្រជុំកំពូលG20 សង្ឃឹមថា នឹងពិភាក្សាអំពីការកើនឡើងនៃតម្លៃថាមពល និងស្បៀងអាហារ ដែលជាកត្តារារាំងដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែ មិនដូចកិច្ចប្រជុំអាស៊ាន និង APEC ឡើយកិច្ចប្រជុំ G20 គឺមានភាពល្អក់កករខ្លាំងណាស់ តាំងតែពីប្រជុំថ្នាក់រដ្ឋមន្ត្រីមុនៗ ដោយសារតែវត្តមានរបស់រុស្ស៊ី ត្រូវបានលោកខាងលិចជំទាស់៕