បរិមាណប្រេងឆៅរបស់ប្រទេសរុស្ស៊ីដែលដឹកទៅដល់ប្រទេសចិនបានកើនឡើង១៣%បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុនគឺឡើងដល់ជិត៩លានតោននៅក្នុងខែកក្កដាឆ្នាំនេះ ឬជិត២លានបារ៉ែលក្នុងមួយថ្ងៃ។ ហើយសម្រាប់ រយៈពេល៧ខែដំបូងនៃឆ្នាំនេះគឺការនាំចូលប្រេងឆៅរបស់ចិនមកពីរុស្ស៊ីបានកើនឡើង២៥%គឺឡើងដល់ជាង៦០លានតោនបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីអគ្គរដ្ឋបាលគយរបស់ប្រទេសចិន។
ចំណែកការដឹកជញ្ជូនប្រេងឆៅមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតទៅប្រទេសចិនវិញបានធ្លាក់១៤%មកនៅត្រឹមជិត៦លានតោនកាលពីខែកក្កដាឆ្នាំនេះបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុនគឺបានធ្លាក់ចុះពីអត្រា ៣១% នៅក្នុងខែមិថុនា។
បើទោះជាមានការបន្តដាក់ទណ្ឌកម្មពីបស្ចិមលោក និងការកំណត់តម្លៃលើការនាំចេញប្រេងឆៅរបស់រុស្ស៊ីក៏ដោយក៏ប្រេងឆៅកម្រិត ESPO របស់រុស្ស៊ីបានជួញដូរកាន់តែខិតទៅជិតដល់ចំណាត់ថ្នាក់ដ៏សំខាន់ដោយសារតម្រូវការខ្លាំងពីអ្នកទិញឥណ្ឌា និងចិនបានបំផ្លាញការបញ្ចុះតម្លៃទណ្ឌកម្ម។
សន្ទស្សន៍តម្លៃប្រេងឆៅ ICE Brent បានបង្ហាញថា ការដឹកជញ្ជូនប្រេង ESPO ក្នុងខែកក្កដាមានតម្លៃចន្លោះពី៥ទៅ៦ដុល្លារក្នុងមួយធុងបារ៉ែលបន្ទាប់ពីមានការបញ្ចុះតម្លៃរួចហើយខណៈដែលការជួញដូរនៅក្នុងខែមីនាមានតម្លៃជាង៨ដុល្លារក្នុងមួយធុងបារ៉ែល។
តម្រូវការក្នុងស្រុកដ៏រឹងមាំនៅក្នុងប្រទេសរុស្ស៊ីក៏ត្រូវបានគេរំពឹងថាបានជំរុញឱ្យមានការធ្លាក់ចុះការនាំចេញប្រេងរបស់រុស្ស៊ីទាំងមូលផងដែរ។ ការនាំចេញពីកំពង់ផែខាងលិចរបស់រុស្ស៊ីក្នុងខែកក្កដាត្រូវបានប៉ាន់ប្រមាណថាបានធ្លាក់ចុះ១៨%បើធៀបនឹងខែមិថុនាដែលឆ្លុះបញ្ចាំងពីតម្រូវការចម្រាញ់ក្នុងស្រុកដែលកំពុងកើនឡើង។
ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនបានប្រើប្រាស់ពាណិជ្ជករជាអន្តរការីដើម្បីដោះស្រាយការដឹកជញ្ជូន និងការធានារ៉ាប់រងប្រេងឆៅរបស់រុស្ស៊ីដើម្បីជៀសវាងការបំពានលើទណ្ឌកម្មរបស់បស្ចិមលោក ហើយអ្នកផ្គត់ផ្គង់ជំនួសបានបង្កើនភាគហ៊ុនរបស់ពួកគេដើម្បីត្រៀមសម្រាប់ការនាំចេញរបស់អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីធ្លាក់ចុះទាប។
ចំណែកការនាំចេញរបស់អាមេរិកទៅចិនវិញបានកើនឡើង៥ដងបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុនបើទោះជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដោយដោយសារមានការកាត់បន្ថយការផ្គត់ផ្គង់របស់អង្គការ OPEC។ ការនាំចេញប្រេងឆៅរបស់អាមេរិកទៅចិនមានចំនួនសរុបជាង១៦ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែកក្កដាដោយបានធ្លាក់ចុះពីចំនួនជាង៧៤ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែមិថុនា។
ក្នុងអំឡុងពេលនេះដែរ ការនាំចេញពីប្រទេសម៉ាឡេស៊ីបានកើនឡើង១៦%បើធៀបនឹងឆ្នាំមុនគឺឡើងដល់ជាង៩១ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែកក្កដា ហើយម៉ាឡេស៊ីគឺតែងតែត្រូវបានយកធ្វើជាចំណុចអន្តរការីសម្រាប់ទំនិញជាប់ទណ្ឌកម្មមកពីប្រទេសអ៊ីរ៉ង់ និងវេណេស៊ុយអេឡា។
ដូច្នេះហើយយោងតាមតួលេខដែលបានបង្ហាញខាងលើនេះគឺថាប្រទេសរុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ប្រេងឆៅដល់មហាយក្សចិនច្រើនជាងគេបំផុតនៅក្នុងពិភពលោក៕