ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅទីក្រុងរីយ៉ាដ ក្នុងដំណើរទស្សនកិច្ចយ៉ាងប្រញាប់ប្រញាល់ ដើម្បីជួបជាមួយមេដឹកនាំអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salman ។
សេចក្តីថ្លែងការណ៍រួមរុស្ស៊ី-អារ៉ាប៊ីសាអូឌីត អំពីលទ្ធផក្រោយប្រជុំបង្ហាញថា ភាគីទាំងពីរបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់ បណ្តាប្រទេស OPEC+ ក្នុងការលើកកម្ពស់ស្ថិរភាពនៃទីផ្សារប្រេងពិភពលោក។
ហើយវាចាំបាច់ណាស់សម្រាប់ប្រទេស OPEC+ទាំងអស់ ក្នុងការចូលរួមកិច្ចព្រមព្រៀងកាត់បន្ថយ ដើម្បីបម្រើផលប្រយោជន៍របស់អ្នកផលិតប្រេង និងអ្នកប្រើប្រាស់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចពិភពលោក។
ប្រភពទីផ្សារប្រេងបានឲ្យដឹងថា សេចក្តីអំពាវនាវសាធារណៈច្បាស់លាស់បែបនេះពីវិមានក្រឹមឡាំងនិងអារ៉ាប៊ីសាអូឌីត អំពីការចូលរួមកាត់បន្ថយទិន្នផលប្រេង ហាក់ដូចជាចង់បញ្ជូន សារទៅកាន់សមាជិកប្រទេស OPEC+ ផ្សេងទៀត ដែលមិនបានឬមិនទាន់កាត់បន្ថយប្រេងបានគ្រប់គ្រាន់។
អង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដែលមានរុស្ស៊ី និងសម្ព័ន្ធមិត្តផ្សេងទៀតបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន ចំពោះការកាត់បន្ថយទិន្នផលប្រេងថ្មីប្រហែល២,២លានធុងបារ៉ែល ក្នុងមួយថ្ងៃ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី លើការកាត់បន្ថយតែឯងចំនួន១,៣លានធុងបារ៉ែល ក្នុងមួយថ្ងៃ៕