រុស្សីថា ហ្វាំងឡង់និងស៊ុយអែតនឹងមានរឿង បើណាតូបង្កើតមូលដ្ឋានយោធាមែន!

រុស្សីថានឹងឆ្លើយតបម៉ឹងម៉ាត់បំផុត បើណាតូហ៊ានបង្កើតមូលដ្ឋានទ័ពក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត


មិនទាន់បានមួយថ្ងៃស្រួលបួលផង បុរសខ្លាំងរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយដោយឥតលាក់លាមកាលពីថ្ងៃពុធនេះថា រុស្សីនឹងធ្វើការឆ្លើយតបយ៉ាងសមស្របបំផុត ប្រសិនបើអង្គការសម្ព័ន្ធយោធាណាតូហ៊ានតែដាក់ពង្រាយកងទ័ព និងបង្កើតហេដ្ឋារចនាសម្ព័ន្ធយោធាណាមួយ នៅក្នុងទឹកដីប្រទេសហ្វាំងឡង់ និងស៊ុយអែត ក្រោយពីប្រទេសនៅសមុទ្របាល់ទិកទាំងពីរនេះ បានចូលខ្លួនជាសមាជិកនៃសម្ព័ន្ធយោធាណាតូកាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
រុស្សីថានឹងឆ្លើយតបម៉ឹងម៉ាត់បំផុត បើណាតូហ៊ានបង្កើតមូលដ្ឋានទ័ពក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត

លោកពូ​ទី​ន​បាន​ថ្លែងប្រាប់​ទូរទស្សន៍​រដ្ឋ​រុ​ស្ស៊ី បន្ទាប់​ពី​កិច្ច​ពិភាក្សា​ជាមួយ​មេដឹកនាំ​ក្នុង​ប្រទេស តូ​មិន​នី​ស្ថាន ដែល​ជា​អតីត​រដ្ឋ​សមាជិក​របស់​សហភាព​សូ​វៀត​នៅ​អាស៊ី​កណ្តាល​ថា ស៊ុ​យ​អែ​ត​និង​ហ្វាំ​ង​ឡង់ បើ​និយាយ​ចំពោះ​រុ​ស្សី គឺ​គ្មាន​បញ្ហា​ជាមួយ​ប្រទេស​ទាំង​ពីរ​នេះ​ទេ ហើយ​បើ​ពួក​គេ​ចង់​ចូល​ណា​តូ​ក៏​ចូល​ចុះ វា​ក៏​មិនមែន​ជា​រឿង​ខុស​ទាស់​អ្វី​ដែរ​។

ប៉ុន្ដែអ្វី​ដែល​លោកពូ​ទី​ន​បាន​សង្កត់ធ្ងន់​នោះគឺថា៖ «អ្វី​ដែល​ស៊ុ​យ​អែ​ត និង​ហ្វាំ​ង​ឡង់​ត្រូវ​តែ​យល់​ឲ្យ​ច្បាស់ គឺ​ពួក​គេ​ជាមួយនឹង​រុ​ស្ស៊ី គ្មាន​ការ​គំរាម​គំ​ហែង​នឹង​គ្នា​ពី​មុន​មក​ទេ ផ្ទុយ​ទៅ​វិញ​ក្នុង​ពេល​ឥឡូវនេះ បើ​ណា​តូ​ហ៊ាន​ដាក់​ពង្រាយ​កម្លាំងយោធា និង​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ណាមួយ​នៅ​លើ​ប្រទេស​ទាំង​ពីរ​នេះ នោះ​រុ​ស្សី​នឹង​ត្រូវ​ឆ្លើយ​តប​ទៅ​វិញ​យ៉ាង​ស័ក្ដិសម ព្រមទាំង​បង្កើត​ការ​គំរាម​គំ​ហែង​ទៅ​លើ​ប្រទេស​ទាំង​ពីរ​នេះ​វិញ ដូចដែល​ពួក​គេ​បាន​ធ្វើ​មក​លើ​រុ​ស្សី​»​។ នេះ​បើ​តាម​ការ​អះអាង​ច្បាស់​ៗ​របស់​លោក ពូ​ទី​ន​។

បុរស​ខ្លាំង​រុ​ស្សី​រូប​នេះ​និយាយ​ថា ទំនាក់ទំនង​រវាង​រុ​ស្ស៊ី និង​ស៊ុ​យ​អ៊ែ​ត និងហ្វាំ​ឡង់ នឹង​មាន​ភាពល្អក់ កករ​មិន​ដូច​ពី​មុន​តទៅ​ទៀត​ទេ ហើយ​ភាព​តានតឹង​នឹង​កើតឡើង​រវាង​គ្នា​នឹង​ជៀស​មិន​រួច ដោយសារ​ប្រទេស​ទាំង​ពីរ​នេះ​ចូល​ជា​សមាជិក​ណា​តូ​រួច​ទៅ​ហើយ​។

សូម​រំលឹក​បន្តិច​ថា ការ​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​របស់​លោកពូ​ទី​ន​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​សមាជិក​មួយ​របស់​អង្គការ​ណា​តូ គឺ​ប្រទេស​ទួ​ក​គី​បាន​ដក​ការ​វេតូ​ប្រឆាំង​របស់​ខ្លួន ហើយ​បាន​សម្រេច​ឲ្យ​ប្រទេស​ហ្វាំ​ង​ឡង់​និង​ស៊ុ​យ​អែ​ត​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​អង្គការ​ណា​តូ​។

ស្រប​ពេល​ដែល​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន​កាន់តែ​ខ្លាំងក្លា​ទៅ​ៗ និង​មិនដឹង​ពេល​ណា​បិទ​បញ្ចប់​នោះ គេ​មើលឃើញ​ថា ការ​ប្រឈម​មុខ​យោធា​ដាក់​គ្នា​ដោយ​ប្រយោល​រវាង​អង្គការ​ណា​តូ និង​រុ​ស្សី​កាន់តែ​មាន​ភាព​ស្រួចស្រាល់​ទៅ​ៗ ដែល​ធ្វើ​ឲ្យ​សន្តិសុខ​នៅ​អឺរ៉ុប​ទាំងមូល​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​។

ក្នុង​ពេល​ថ្មី​ៗ​នេះ​ដែរ ខណៈ​ពេល​ដែល​មេដឹកនាំ​អង្គការ​ណា​តូ​ទាំង ៣០ ប្រទេស​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ម៉ា​ឌ្រី​ត កងកម្លាំង​រុ​ស្ស៊ី​បាន​បង្កើន​ការ​វាយប្រហារ​នៅ​អ៊ុយ​ក្រែ​ន​ឥត​ត្រា​ប្រណី រួម​ទាំង​ការ​បាញ់​ស្រោច​ដោយ​មី​ស៊ី​ល និង​គ្រាប់​ផ្លោង​យ៉ាង​សន្ធឹកសន្ធាប់​ទៅ​លើ​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​មៃ​កូ​លីវ (Mykolaiv) ភាគ​ខាងត្បូង​ប្រទេស និង​សមុទ្រ​ខ្មៅ​ផង​ដែរ​។

អភិបាលក្រុង​មៃ​កូ​លីវ (Mykolaiv) បាន​និយាយ​ថា មី​ស៊ី​ល​រុ​ស្ស៊ី​បាន​សម្លាប់​ជន​ស៊ី​វិល​យ៉ាង​ហោច​ណាស់ ៥ នាក់​នៅ​ក្នុង​អគារ​លំនៅ​ដ្ឋា​ន​របស់​គេ ខណៈ​ដែល​ទីក្រុង​ម៉ូ​ស្គូ​វិញ បាន​ប្រាប់​ព័ត៌មាន​ក្នុងស្រុក​រុ​ស្សី​ថា កងកម្លាំង​របស់​ខ្លួន​បាន​វាយប្រហារ​អ្វី ដែល​ខ្លួន​ហៅ​ថា ជា​មូលដ្ឋាន​ហ្វឹកហ្វឺន​យោធា​បរទេស​ក្នុង​តំបន់​នោះ​តែ​ប៉ុណ្ណោះ​។

យ៉ាងណាមិញ ប្រធានាធិបតី អ៊ុយ​ក្រែ​ន​លោក Zelenskiy បាន​ទទូច​ប្រាប់​អង្គការ​ណា​តូ​ម្តង​ហើយ​ម្តងទៀត​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​ត្រូវការ​អាវុធ និង​ជំនួយ​បន្ថែម​ទៀត ហើយ​ត្រូវការ​លឿន​ជាង​នេះ ដើម្បី​បំផ្លាញ​កងកម្លាំង​កាំភ្លើង​ធំ និង​កាំជ្រួច​មី​ស៊ី​ល​របស់​រុ​ស្សី​។ លោក ហ្សេ​លេ​ស្គី បន្ថែម​ទៀត​ថា អ៊ុយ​ក្រែ​ន ត្រូវការ​ថវិកា​ប្រមាណ ៥​ពាន់​លាន​ដុល្លា​ក្នុង​មួយ​ខែ​ៗ​ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​រុ​ស្ស៊ី​។ លោក​បាន​គូសបញ្ជាក់​ទៀត​ថា មហិច្ឆតា​របស់​ទីក្រុង​ម៉ូ​ស្គូ​នឹង​មិន​បញ្ឈប់​ត្រឹម​អ៊ុយ​ក្រែ​ន​នេះនោះ​ទេ ហើយ​សង្គ្រាម​នេះ​វា​នឹង​កំណត់​លក្ខខណ្ឌ​នៅ​អឺរ៉ុប ក៏​ដូច​ជា​កំណត់​សណ្តាប់ធ្នាប់​ពិភពលោក​ផង​ដែរ​។

មន្ត្រី​ចារកម្ម​កំពូល​របស់​អា​មេ​រិ​ក លោកស្រី​អាវ​រី​ល ហៃ​ណេ​ស (Avril Haines) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ​ថា តាម​សេណា​រី​យ៉ូ​នៃ​ស្ថានភាព​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ទីក្រុង​មូ​ស្គូ​នឹង​ដណ្តើម​បាន​តែ​មួយ​ភាគ​តូច​ប៉ុណ្ណោះ ប៉ុន្ដែ​រុ​ស្សី​មិន​អាច​វាយ​ទម្លាយ និង​ដណ្តើម​កាន់កាប់​ភាគច្រើន​នៃ​ទឹកដី​អ៊ុយ​ក្រែ​ន​បាន​ទេ​។

គួរ​ជម្រាប​ជា​ថ្មី​ម្តងទៀត​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ណា​តូ​ថ្មី​ៗ​នេះ អង្គការ​ណា​តូ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា ប្រទេស​រុ​ស្ស៊ី​គឺជា៖ «ការ​គំរាមកំហែង​ដ៏​ខ្លាំង​បំផុត និង​ដោយ​ផ្ទាល់​ចំពោះ​សន្តិសុខ​របស់​សម្ព័ន្ធមិត្ត​» ហើយ​ក្នុង​នោះ​ដែរ​ណា​តូ ក៏​បាន​ចេញ​ឯកសារ​ស្តី​ពី​គោល​គំនិត​យុទ្ធសាស្ត្រ​ថ្មី​មួយ ដោយ​និយាយ​ថា៖ «​ឯករាជ្យ​ភាព​ដ៏​រឹង​មាំ​របស់​អ៊ុយ​ក្រែ​ន មាន​សារៈសំខាន់​បំផុត​សម្រាប់​ស្ថិរភាព​នៃ​តំបន់​អឺរ៉ុប​-​អា​ត្ល​ង់​ទិ​ក​»៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ




អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មបន្ដពន្យារពេល២ថ្ងៃទៀតសម្រាប់ការចុះបញ្ជីអាជីវកម្មតាមអនឡាញ

នៅប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមអ្នកលក់ទំនិញតាមអនឡាញរាប់រយនាក់ បានសម្រុកនាំគ្នាទៅស្នើសុំចុះបញ្ជី និងស្នើសុំអាជ្ញាបណ្ណអាជីវកម្មនៅក្រសួងពាណិជ្ជ…

ម៉ូស្គូព្រមានដកហូតទ្រព្យសម្បតិ្តលោកខាងលិចដែលមានក្នុងប្រទេសរុស្សីជាការសងសឹកនឹងទណ្ឌកម្ម

រុស្ស៊ីបានបង្ហើបនៅពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួនមិនដែលបានបោះបង់គំនិតក្នុងការរឹបអូសយកទ្រព្យសម្បត្តិ និងអាជីវកម្មគ្រាក់ៗ ដែលគ្រប់គ្រងដោយពួកប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ