លោកពូទីន ថែមទាំងបាននិយាយទៀតថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយភាគីទាំងអស់ដែលពាក់ព័ន្ធនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែទីក្រុងកៀវ និងបណ្តាប្រទេសលោកខាងលិចទៅវិញទេ ដែលបដិសេធមិនព្រមចូលតុចរចារនោះ។ ការលើកឡើងរបស់បុរសខ្លាំងរុស្ស៊ីរូបនេះ ធ្វើឡើងជួនពេលដែលកងទ័ពរុស្ស៊ីបានបង្កើនការវាយប្រហារដោយទម្លាក់គ្រាប់បែកលើទីក្រុងជាច្រើនរបស់អ៊ុយក្រែនក្នុងថ្ងៃបុណ្យនូអែលនោះតែម្តង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
មែនទែនទៅ តាំងពីដើមដំបូងរៀងមក វិមានក្រឹមឡាំងតែងនិយាយថា ខ្លួននឹងប្រយុទ្ធរហូតទាល់តែគោលដៅទាំងអស់ត្រូវបានសម្រេច ខណៈដែលទីក្រុងកៀវបានប្តេជ្ញាដែរថា ខ្លួននឹងមិនចុះចាញ់នោះទេ រហូតទាល់តែដល់ទាហានរុស្ស៊ីទាំងអស់ត្រូវបានបណ្តេញចេញពីទឹកដីរបស់ខ្លួន។
តាមរយៈទូរទស្សន៍រដ្ឋរុស្ស៊ី Rossiya 1 លោកពូទីនបានប្រាប់ឱ្យដឹងថា៖ «រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាជាមួយមនុស្សគ្រប់គ្នាអំពីដំណោះស្រាយដែលអាចទទួលយកបាន ប៉ុន្តែនោះអាស្រ័យលើអ៊ុយក្រែន ហើយម៉ូស្គូមិនមែនជាអ្នកបដិសេធក្នុងការចរចានោះទេ»។
តបទៅនឹងការលើកឡើងរបស់លោក ពូទីន នេះ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បាននិយាយថា «លោក ពូទីន ចាំបាច់ត្រូវត្រឡប់ទៅរកការពិតវិញ ហើយរុស្ស៊ីមិនចង់ធ្វើការចរចារនោះទេ» ដោយថា រុស្ស៊ីនៅតែបន្តវាយប្រហារអ៊ុយក្រែន និងកំពុងសម្លាប់ប្រជាជនស្លូតត្រង់អ៊ុយក្រែនថែមទៀត។ លោកសង្កត់ធ្ងន់ថា «រុស្ស៊ីមិនចង់ចរចាទេ ប៉ុន្តែព្យាយាមគេចវេសពីការទទួលខុសត្រូវរបស់ខ្លួន»។
ក្នុងនោះ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ក៏បានរិះគន់លោកខាងលិច ដែលព្យាយាមប៉ុនប៉ង «ពុះចែក»ប្រទេសរុស្ស៊ីតែម្តង ដែលលោកថា ប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែននោះ គឺមានគោលបំណងដើម្បី «បង្រួបបង្រួមប្រជាជនរុស្ស៊ី»តែប៉ុណ្ណោះ។
ទន្ទឹមនឹងការលើកឡើងម្តងហើយម្តងទៀតអំពីការចរចាជាមួយអ៊ុយក្រែនយ៉ាងណាក៏ដោយ ប៉ុន្ដែ កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីលលើទីប្រជុំជនជាច្រើនក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃបុណ្យណូអែលគឺថ្ងៃទី២៥ ខែធ្នូតែម្តង។
មេបញ្ជាការយោធាកំពូលរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា កាលពីថ្ងៃអាទិត្យនេះ ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាង ១០ កន្លែងទៅលើស្រុកមួយក្នុងតំបន់ Kharkiv និងបានបាញ់ផ្លោងរ៉ុក្កែតទៅលើទីក្រុង២៥នៅតាមបណ្តោយជួរមុខតំបន់ Lyman និងបានវាយប្រហារនៅលើទីក្រុងចំនួន២០ផ្សេងទៀត៕