លោក នីកូឡៃ ស៊ូជីនៅ (Nikolai Shulginov) រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី បានប្រាប់អ្នកយកព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចក្នុងក្រុងវ្លាឌីវ៉ូស្តុក(Vladivostok) ភាគខាងកើតប្រទេសរុស្ស៊ីនៅថ្ងៃទី ៦ ខែកញ្ញាថា សកម្មភាពណាមួយនៃប្រទេសលោកខាងលិចដើម្បីដាក់កំណត់តម្លៃប្រេងរុស្ស៊ី នឹងនាំឱ្យមានឱនភាពលើទីផ្សារប្រទេសខ្លួនឯង ហើយផ្ទុយទៅវិញវារិតតែបង្កើនការប្រែប្រួលតម្លៃទីផ្សារប្រេង។
ជាការឆ្លើយតបនឹងការដាក់គំនាបពីប្រទេសលោកខាងលិចនេះ ទីក្រុងម៉ូស្គូបានប្រកាសច្បាស់ៗថា ខ្លួននឹងបង្កើនការនាំចេញប្រេងរបស់ខ្លួនទៅតំបន់អាស៊ីឲ្យបានកាន់តែច្រើនថែមទៀត។
ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ីមិនបានបញ្ជាក់លំអិតថា ការបង្កើនការនាំចេញប្រេងមកតំបន់អាស៊ី នឹងត្រូវផ្គត់ផ្គង់ដល់ប្រទេសណាខ្លះនោះទេ។ ប៉ុន្តែកន្លងមកគេបានដឹងស្រាប់ហើយថា ប្រទេសចិន និងឥណ្ឌា សុទ្ធតែបានមកឈរនៅកំពូងតារាងជាអ្នកនាំចូលប្រេងពីប្រទេសរុស្ស៊ីច្រើនជាងគេ ចាប់តាំងពីមានការដាក់ទណ្ឌកម្មរបស់លោកខាងលិច ឆ្លើយតបនឹងសង្គ្រាមនៅអ៊ុយក្រែនមក។ ក្រៅពីនោះ បើតាមទិន្នន័យពីស្ថាប័ន Refinitiv ការដឹកជញ្ជូនប្រេងឥន្ធនៈពីកំពង់ផែរុស្ស៊ីទៅកាន់ប្រទេសសិង្ហបុរី មានលើសពី ៣៥ម៉ឺនតោនកាលពីខែសីហា។
ការឆ្លើយតបរបស់ភាគីរុស្ស៊ីដូចនេះ ធ្វើឡើងនៅក្រោយពេលដែល រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសG7 រួមមានសហរដ្ឋអាមេរិក អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស បារាំង និងកាណាដា បានផ្តល់ភ្លើងខៀវកាលពីសប្តាហ៍មុន ចំពោះការកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ីនៅលើទីផ្សារ ក្នុងគោលដៅកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូ ដែលយកមកប្រើប្រាស់ធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានឱ្យដឹងថា មុនពេលដែលរុស្ស៊ីបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ប្រហែលពាក់កណ្តាលនៃការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ី គឺសុទ្ធតែបាននាំចេញទៅអឺរ៉ុប។
ប្រទេសលោកខាងលិចមួយចំនួននាពេលនេះ កំពុងស្វះស្វែងគ្រប់វិធីដើម្បីស្តារ និងការពារវិស័យថាមពលក្នុងស្រុករបស់ខ្លួន ពិសេសដើម្បីបញ្ចៀសការចំណាយដ៏ខ្ពស់លើវិក័យបត្រថាមពលរបស់ពលរដ្ឋខ្លួន។ ជាក់ស្តែង ប្រទេសហ្វាំងឡង់ចង់បញ្ចេញប្រាក់១០ពាន់លានដុល្លារ រីឯស៊ុយអែតចង់បញ្ចេញ ២៣ពាន់លានដុល្លារ សម្រាប់ការធានាសាច់ប្រាក់ដល់ក្រុមហ៊ុនថាមពលក្នុងស្រុករបស់ពួកគេ។
ទោះយ៉ាងណា វិធានការនៅតាមប្រទេសតំបន់អឺរ៉ុបទាំងនេះ មិនអាចទប់តម្លៃថាមពលក្នុងតំបន់ជារួមបាននោះទេ ដោយនៅថ្ងៃចន្ទសប្តាហ៍នេះ តម្លៃថាមពលក្នុងតំបន់បានកើនឡើងជាង៣០%ទៀតរួចបាត់ទៅហើយ ខណៈលុយអឺរ៉ូក៏កំពុងធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មានក្នុងពេលជាង២០ឆ្នាំមកនេះ។
សូមជម្រាបថា ក្រសួងសេដ្ឋកិច្ចរុស្ស៊ីកាលពីពេលថ្មីៗនេះ បានរំពឹងប្រាក់ចំណូលពីការនាំចេញថាមពលនៅឆ្នាំ២០២២នេះ នឹងកើនដល់ជាង ៣៣៧ពាន់លានដុល្លារ កើនឡើងប្រហែល៣៨% បើធៀបនឹងឆ្នាំ២០២១ និងបើទោះបីជាបច្ចុប្បន្ន ទីក្រុងម៉ូស្គូកំពុងរងទណ្ឌកម្មពីលោកខាងលិចក្ដី។ ដោយឡែក នៅឆ្នាំ២០២៣ រុស្ស៊ីរំពឹងថា ការនាំចេញថាមពលអាចទទួលបានប្រាក់ចំណូលថយចុះបន្តិចវិញ មកនៅត្រឹមជាង ២៥៥ពាន់លានដុល្លារអាមេរិក ប៉ុន្ដែវានៅតែជាកម្រិតមួយខ្ពស់ជាងឆ្នាំ២០២១ដដែល៕