ទោះយ៉ាងណា លោក Ratchaporn បានឱ្យដឹងថា ប្រតិបត្តិករទេសចរណ៍ថៃត្រូវតែតាមដានយ៉ាងដិតដល់នូវប្រតិកម្មរបស់ប្រទេសនីមួយៗ និងការឆ្លើយតបពីប្រទេសរុស្ស៊ី បន្ទាប់ពីប្រាក់រូប (Ruble) របស់រុស្ស៊ីបានធ្លាក់ចុះ ៨% ដែលមួយផ្នែកដោយសារតែទណ្ឌកម្មដែលបានដាក់លើប្រទេសនេះ ហើយកត្តានេះ ក៏អាចបណ្តាលឱ្យកម្លាំងទិញសេវាកម្មចុះខ្សោយ និងប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការធ្វើដំណើររបស់ទេសចរផងដែរ។ អ្នកជំនាញទេសចរណ៍របស់ថៃមួយនេះ បានបន្តថា ប្រសិនបើប្រាក់រូបរបស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតដូចគ្នាដែលបានកត់ត្រាក្នុងកំឡុងវិបត្តិហិរញ្ញវត្ថុរុស្ស៊ីឆ្នាំ ២០១៤ នោះភ្ញៀវទេសចររុសស្ស៊ីអាចនឹងផ្អាកផែនការធ្វើដំណើររបស់ពួកគេដើម្បីសន្សំប្រាក់។
សូមជម្រាបថា ប្រសិនបើជម្លោះកើនឡើងទៅជាសង្រ្គាមរវាងរុស្ស៊ី និងសមាជិកនៃអង្គការណាតូ នោះវារឹតតែជះឥទ្ធិពលកាន់តែខ្លាំងថែមទៀតលើវិស័យទេសចរណ៍ថៃ។ បណ្តាប្រទេសអ៊ឺរ៉ុប ដូចជាចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំងនឹងដាក់គោលនយោបាយកាន់តែតឹងរ៉ឹងប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលអាចបណ្តាលឱ្យមានការចំណាយខ្ពស់ទាក់ទងនឹងការធ្វើដំណើរតាមផ្លូវអាកាស ដោយសារតែការកើនឡើងតម្លៃប្រេង និងដែនអាកាសមានកំណត់ដែលបណ្តាលមកពីការហាមឃាត់ជើងហោះហើរទាំងសងខាង។
សូមរំឭកថា រុស្ស៊ីទើបតែបានលុបចោលការហាមឃាត់ជើងហោះហើររបស់ខ្លួនទៅកាន់ប្រទេសថៃ ប៉ុន្តែការការផ្ទុះសង្គ្រាមជាមួយនឹងអ៊ុយក្រែនថ្មីៗនេះ គឺជាបញ្ហាប្រឈមថ្មីមួយផ្សេងទៀត។ តែយ៉ាងណាក៏ដោយចុះ អ្នកជំនាញរំពឹថា ទីផ្សាររុស្ស៊ីនឹងបន្តជាមួយនឹងផែនការធ្វើដំណើរ ដរាបណាក្រុមហ៊ុនអាកាសចរណ៍នៅតែដំណើរការ។
គួរជម្រាបថា ភ្ញៀវទេសចរពីរុស្ស៊ី គឺបានធ្វើដំណើរមកប្រទេសថៃច្រើនជាងគេ ជាមួយនឹងចំនួនភ្ញៀវទេសចរចំនួន ១ម៉ឺន ៣ពាន់នាក់ ក្នុងអំឡុងពេល ២២ ថ្ងៃដំបូងនៃការចាប់ផ្តើមឡើងវិញនូវគម្រោង Test & Goរបស់ថៃក្នុងខែកុម្ភៈនេះ បន្ទាប់មកអ្នកទេសចរមកពីប្រទេសអាល្លឺម៉ង់ជាង១ម៉ឺននាក់ និងប្រទេសបារាំងជិត៩ពាន់នាក់៕
អត្ថបទ ស៊ើង និមល់