រុស្ស៊ី អ៊ុយក្រែន និងអាម៉េរិក

រុស្ស៊ី អ៊ុយក្រែន និងអាម៉េរិកបានព្រមព្រៀងគ្នាបណ្ដោះអាសន្នចំពោះបទឈប់បាញ់នៅសមុទ្រ និងការវាយប្រហារលើកន្លែងថាមពល


សហរដ្ឋអាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងដាច់ដោយឡែកមួយជាមួយនឹងអ៊ុយក្រែន និងរុស្ស៊ីសម្រាប់បទឈប់បាញ់បណ្តោះអាសន្ននៅសមុទ្រខ្មៅ និងការវាយប្រហារលើគោលដៅថាមពលទាំងអស់នៅអ៊ុយក្រែន និងរុស្ស៊ី ខណៈទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមជំរុញឱ្យមានការដកទណ្ឌកម្មមួយចំនួនលើទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រុស្ស៊ី អ៊ុយក្រែន និងអាម៉េរិក
ដោយ

ក្រោយជួបពិភាក្សាគ្នាអស់រយៈពេលជាច្រើនម៉ោងនៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ សហរដ្ឋអាម៉េរិកបានសម្រេចកិច្ចព្រមព្រៀងដាច់ឡែកពីគ្នាជាមួយរុស្ស៊ី និងអ៊ុយក្រែនសម្រាប់បទឈប់បាញ់នៅសមុទ្រខ្មៅ និងផ្អាកការវាយប្រហារលើកន្លែងថាមពលជាបណ្តោះអាសន្ន ប៉ុន្តែពួកគេនៅមិនទាន់បានចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់នៅសមុទ្រខ្មៅនៅឡើយទេ។

កិច្ចព្រមព្រៀងរបស់អាម៉េរិកជាមួយនឹងរុស្ស៊ីមានភាពស៊ីជម្រៅជាងកិច្ចព្រមព្រៀងជាមួយនឹងអ៊ុយក្រែន ដោយទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាជួយស្វែងរកការដកទណ្ឌកម្មអន្តរជាតិលើការនាំចេញកសិកម្ម និងជីរបស់រុស្ស៊ី ដែលជាតម្រូវការរបស់រុស្ស៊ីជាយូរមកហើយ។ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់សហរដ្ឋអាម៉េរិកនេះ រុស្ស៊ីបាននិយាយថា កិច្ចព្រមព្រៀងសមុទ្រខ្មៅនឹងមិនអាចចូលជាធរមានបានឡើយ ប្រសិនបើទំនាក់ទំនងរវាងធនាគាររុស្ស៊ីមួយចំនួន និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិមិនត្រូវបានស្តារឡើងវិញទេនោះ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សេឡិនស្គី បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះគួរតែត្រូវចូលជាធរមានភ្លាមៗតែម្ដង ដោយមិនចាំបាច់តម្រូវឱ្យបន្ធូរបន្ថយទណ្ឌកម្មជាថ្នូរនឹងការចូលជាធរមាននោះឡើយ ហើយលោកបានហៅការលើកឡើងរបស់វិមានក្រឹមឡាំងថា ជាការប៉ុនប៉ងមួយ ដើម្បីយកចំណេញលើកិច្ចព្រមព្រៀងនេះតែប៉ុណ្ណោះ។

លោក ហ្សេឡិនស្គី បានព្រមានថា ប្រសិនបើរុស្ស៊ីបានបំពានលើកិច្ចព្រមព្រៀងនេះ លោកនឹងស្នើឱ្យលោក ត្រាំ ដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងម៉ូស្គូ និងផ្តល់អាវុធដល់អ៊ុយក្រែនបន្ថែមទៀត ដោយលោកបានបន្ថែមថា អ៊ុយក្រែនគ្មានជំនឿលើរុស្ស៊ីនោះទេ។

ប្រសិនបើកិច្ចព្រមព្រៀងសមុទ្រខ្មៅនេះត្រូវបានអនុវត្តជាផ្លូវការមែន នោះវានឹងអាចជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកគោលដៅរបស់លោក ត្រាំ ក្នុងការសម្រេចបានបទឈប់បាញ់ ដែលមានលក្ខណៈកាន់តែទូលំទូលាយ និងអាចឈានដល់ការបញ្ចប់សង្រ្គាមទាំងស្រុងនៅអ៊ុយក្រែនផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


អេស៊ីលីដា សហការជាមួយស្ថាប័នរដ្ឋ និងឯកជនចំនួន៣ រៀបចំព្រឹត្តិការណ៍ “បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ”

“បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ សម្រាប់ស្ត្រី និងយុវតីទាំងអស់ ក្រោមមូលបទ សិទ្ធិ, សមភាព, និងបង្កើនភាពអង់អាច” គឺជាផ្នែកមួយនៃគំនិតផ្ដួ…

តើទំនាក់ទំនងរវាងអាម៉េរិក និងហ្គ្រីនលែន កាន់តែអាប់អួរ ឬយ៉ាងណា ក្រោយកោះនេះបដិសេធមិនស្វាគមន៍ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក?

ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកជាមួយហ្គ្រីនលែន និងដាណឺម៉ាក កាន់តែមានអាប់អួរបន្ថែមទៀត បន្ទាប់ពីមេដឹកនាំកោះហ្គ្រីនលែន ដែលជាដែនកោះមួយរបស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ