វ៉ាក់សាំងកូវីដ-១៩ក្នុងតំបន់អឺរ៉ុប

អឺរ៉ុប​ចង់លែងដៃពីក្រុមហ៊ុន AstraZeneca បែរមកចាប់ដៃក្រុមហ៊ុនអាមេរិក Pfizer វិញ!


បន្ទាប់ពីមានការរកាំរកូសជាមួយនឹងក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ជុំវិញនឹងការផ្គត់ផ្គត់វ៉ាក់សាំងកូវីដ-១៩ មិនគ្រប់ចំនួននោះ ឥឡូវនេះ សហភាពអឺរ៉ុប បាននិយាយថា ខ្លួនរំពឹងនឹងចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងដ៏ធំសម្បើមមួយនៅក្នុងពិភពលោក ជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាមេរិក Pfizer ដោយចំនួននៃការផ្គត់ផ្គង់នេះ អាចនឹងមានដល់ទៅជិត ២ពាន់លានដូសឯណោះ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
វ៉ាក់សាំងកូវីដ-១៩៖ អឺរ៉ុបចង់លែងដៃពីក្រុមហ៊ុន AstraZenenca បែរមកចាប់ដៃក្រុមហ៊ុនអាមេរិក Pfizer វិញ
ដោយ

បើតាមអ្វីដែលគណៈកម្មការអឺរ៉ុបបានបញ្ជាក់ កិច្ចព្រមព្រៀងផ្គត់ផ្គត់វ៉ាក់សាំងជាមួយនឹងក្រុមហ៊ុន Pfizerនេះ រំពឹងថា នឹងអាចធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយចំនួនផ្គត់ផ្គង់មាន ១ពាន់ ៨រយលានដូស សម្រាប់រយៈពេលពីរ ទៅបីឆ្នាំខាងមុខ។

លោកស្រី Ursula Von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយនៅអំឡុងពេល ចុះទស្សនកិច្ចនៅក្នុងរោងចក្រផលិតឱសថ Pfizer នៅក្នុងទីក្រុងភូស (Puurs) ប្រទេស ប៊ែលហ្ស៊ិក នាពេលថ្មីៗនេះថា ក្រោយមានកិច្ចព្រមព្រៀងរួមគ្នា ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាមេរិក និងអាល្លឺម៉ង់ Pfizer/BioNTech អាចចាប់ផ្ដើមផ្គត់ផ្គង់មកឲ្យអឺរ៉ុប នៅឆ្នាំ២០២១-២០២៣។

ក្នុងកិច្ចព្រមព្រៀងនោះ នឹងមានផ្ដល់ជូនវ៉ាក់សាំងប្រមាណ ៩០០លានដូស ដែលអាចចាក់ជូនមនុស្ស៤៥០លាននាក់ នៅអឺររ៉ុប នៅក្នុងរយៈពេល២ឆ្នាំ ហើយការរៀបចំឲ្យមានកិច្ចព្រមព្រៀងនេះ កើតឡើងនៅក្រោយពេលអឺរ៉ុបស្វែងរកនូវការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់រយៈពេលវែង។

កិច្ចព្រមព្រៀងនេះទៀតសោត នឹងក្លាយកិច្ចព្រមព្រៀងទី៣ហើយ ដែលអឺរ៉ុបបានធ្វើជាមួយនឹងក្រុមហ៊ុន Pfizer/BioNTech ដែលក្រុមហ៊ុននេះ បានប្តេជ្ញាចិត្តនឹងផ្គត់ផ្គង់វ៉ាក់សាំងប្រមាណ ៦០០លានដូសសម្រាប់ការចាក់ដូសទី២ នៅក្នុងឆ្នាំនេះសម្រាប់អឺរ៉ុប។ ទីក្រុងប្រ៊ុចសែល មានបំណងនឹងចាក់វ៉ាក់សាំងឲ្យបានដល់ ៧០% នៃចំនួនប្រជាជនពេញវ័យទាំងអស់នៃសហភាពអឺរ៉ុប ឲ្យបាននៅត្រឹមចុងខែកក្កដាខាងមុខនេះ។

ការងាកមករកការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ទ្រង់ទ្រាយធំនេះ គឺបន្ទាប់ពីអឺរ៉ុប ហាក់លែងមានជំនឿចិត្តតទៅទៀតហើយជាមួយនឹងក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលកន្លងមកមានការផ្គត់ផ្គង់ខ្វះខាតយ៉ាងច្រើនសម្រាប់សហភាពអឺរ៉ុប ដែលផ្ទុយពីអ្វីដែលបានចុះកិច្ចសន្យាជាមួយគ្នា។ ជុំវិញនឹងបញ្ហានេះ អឺរ៉ុបក៏កំពុងរៀបចំនីតិវិធីច្បាប់ ដើម្បីប្ដឹងក្រុមហ៊ុនអង់គ្លេសមួយនេះផងដែរ ។

បើតាមមន្ត្រីសហភាពអឺរ៉ុប កិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងថ្មីជាមួយក្រុមហ៊ុន Pfizer នេះត្រូវបានយល់ព្រមជាគោលការណ៍រួចហើយ ប៉ុន្ដែខាងភាគីទាំងពីរ កំពុងត្រូវការពេលវេលា២ ទៅ៣ថ្ងៃ ដើម្បីរៀបចំនីតិវិធី ដើម្បីឈានទៅសម្រេចចុះកិច្ចសន្យា។

រោងចក្រផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer នៅទីក្រុងភូស ប្រទេស ប៊ែលហ្ស៊ិក រំពឹងថា នឹងមានសមត្ថភាពផលិតវ៉ាក់សាំងជាង១០០លានដូសនៅក្នុងខែឧសភាខាងមុខនេះ ដែលនឹងចូលរួមចំណែកក្នុងទិន្នផលផលិតជាសកលរបស់ក្រុមហ៊ុន Pfizer សរុបចំនួន ២ពាន់៥រយលានដូស នៅក្នុងឆ្នាំនេះ និងអាចផលិតកាន់តែច្រើនជាងនេះទៀតនៅពេលខាងមុខ។

សូមបញ្ជាក់ថា តាមការវិភាគរបស់ភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា នៅអាមេរិកមានប្រជាជនប្រមាណ៤០% នៃប្រជាជនសរុបបានទទួលវ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់ម្នាក់មួយដូសរួចហើយ ខណៈដែលប្រទេសឥណ្ឌា ដែលកំពុងមានការផ្ទុះករណីឆ្លងខ្លាំងនោះ មានប្រជាជនត្រឹមតែ ៨% ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងដូសទី១ និងប្រទេសជាច្រើននៅតំបន់អាហ្វ្រិកវិញ រឹតតែតិចជាងនេះទៀត ពោលគឺមានត្រឹមតែ១% ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនកំពុងជំរុញឲ្យមានការធ្វើដំណើរកាន់តែច្រើន ខណៈការគំរាមកំហែងពីកូវីដ-១៩មានការថយចុះ

ព័ត៌មាន
តម្រូវការធ្វើដំណើរនៅក្នុងប្រទេសចិន ត្រូវបានរំពឹងថានឹងមានការស្ទុះកើនឡើងខ្លាំងនៅក្នុងខែឧសភានេះ ដោយសារតែរដ្ឋាភិបាលកំពុងជំរុញឲ្យមានការធ្វើដ…

ថៃត្រៀម ១២ពាន់លានដុល្លារទៀតជួយសេដ្ឋកិច្ច ខណៈរលកឆ្លងថ្មីកូវីដ-១៩កើនឡើងខ្លាំង

ព័ត៌មាន
រដ្ឋាភិបាលថៃថ្មីៗនេះ បានប្រកាសពីគម្រោងកញ្ចប់ថវិកាប្រមាណ ១២ពាន់លានដុល្លារអាមេរិក សម្រាប់ជួយជំរុញសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួន ស្របពេលដែលប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ