សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

រុស្ស៊ីវេតូជំទាស់ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ លើការកាត់បញ្ចូលដែនដីអ៊ុយក្រែន ខណៈចិនបោះឆ្នោតអនុប្បវាទ


មហាអំណាចរុស្សីកាលពីថ្ងៃសុក្រ ទី ៣០ កញ្ញា បានវេតូប្រឆាំងលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលស្នើដោយអាមេរិក និងអាល់បានីក្នុងការថ្កោលទោសទីក្រុងម៉ូស្គូ ក្រោយខ្លួនបានកាត់បញ្ចូលទឹកដីតំបន់ចំនួនបួនជាដែនដីថ្មីរុស្សី ស្របពេលដែលមហាយក្សចិនបានបោះឆ្នោតអនុប្បវាត គឺមិនគាំទ្រ ហើយក៏មិនប្រឆាំងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
រុស្ស៊ីវេតូជំទាស់ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ លើការកាត់បញ្ចូលដែនដីអ៊ុយក្រែន ខណៈចិនបោះឆ្នោតអនុប្បវាទ
ដោយ

ថ្មីៗនេះ ក្រោយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសដាក់បញ្ចូលដែនដីដែលខ្លួនវាយដណ្តើមបានពីអ៊ុយក្រែនចំនួនបួន ដែលមានទំហំប្រហែល១៥%នៃទឹកដីអ៊ុយក្រែនទាំងមូល ចូលជាដែនដីសហព័ន្ធរុស្សីជាផ្លូវការនោះ បានបង្កឲ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសលោកខាងលិចដឹកមុខដោយអាមេរិក បានច្រានចោលមិនទទួលស្គាល់ទាំងស្រុង។

ក្នុងនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានចេញដំណោះស្រាយដែលអំពាវនាវឲ្យប្រទេសសមាជិកអង្គការសហប្រជាជាតិ មិនឲ្យទទូលស្គាល់ដែនដីបញ្ចូលថ្មីនេះ ហើយក៏ស្នើឲ្យម៉ូស្គូដកទ័ពចេញពីទឹកដីអ៊ុក្រែនផងដែរ។

លោកស្រីបានសង្កត់ធ្ងន់ថា ការប៉ុនប៉ងបញ្ចូលទឹកដីរបស់ប្រទេសអធិបតេយ្យមួយ បានប្រឆាំងទាំងស្រុងនូវគោលការណ៍របស់អង្គការសហប្រជាជាតិ និងរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

ប្រទេសចំនួន១០បានបោះឆ្នោតគាំទ្រការថ្កោលទោស ខណៈប្រទេសចិន ហ្គាបុង ឥណ្ឌា និងប្រេស៊ីល បានបោះអនុប្បវាទ ដោយនេះលោកស្រី Thomas-Greenfield បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា «មិនមានប្រទេសសូម្បីតែមួយបានបោះឆ្នោតឈរខាងរុស្ស៊ី»។

លោកស្រីបាននិយាយទៀតថា ទីក្រុងវ៉ាស៊ីនតោននឹងងាកទៅរកមហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន ១៩៣ ដើម្បីថ្កោលទោសសកម្មភាពរបស់រុស្ស៊ីផងដែរ ហើយវាប្រាកដណាស់ថា ប្រជាជាតិនៅលើពិភពលោកនឹងមើលឃើញពីទង្វើនេះជាការខុសច្បាប់ ដោយប្រទេសមួយយកម្លាំងទ័ពមកផ្លាស់ប្តូរទឹកដីនៃប្រទេសមួយផ្សេងទៀត។

យ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បានលើកដៃវេតូជំទាស់តែម្នាក់ឯង ដោយបានលើកឡើងថា តំបន់ដែលទីក្រុងមូស្គូបានដណ្តើមយកទឹកដីដោយកម្លាំង និងជាកន្លែងដែលការប្រយុទ្ធនៅតែបន្តកើតមាននោះ បានជ្រើសរើសចូលជាផ្នែកមួយនៃប្រទេសរុស្ស៊ី។

ចំពេលគ្នានោះ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិ លោក Sergiy Kyslytsya បាននិយាយថា ការលើកដៃប្រឆាំងតែឯងនេះ សបង្ហាញយ៉ាងច្បាស់ថា រុស្សីកំពុងតែឯកោ និងអស់សង្ឃឹមមែនទែន ដែលព្យាយាមបិទបាំងភាពខុសច្បាប់របស់ខ្លួនទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ»។

ចំណែកឯប្រេសិតរបស់ចក្រភពអង់គ្លេសវិញ លោកស្រី Barbara Woodward បាននិយាយថា រុស្ស៊ីបានបំពានសិទ្ធិវេតូម្តងហើយម្តងទៀត ដើម្បីការពារសកម្មភាពខុសច្បាប់របស់ខ្លួន ប៉ុន្តែលោកស្រីថា ការវេតូនេះមិនមានផលប៉ះពាល់ផ្លូវច្បាប់ទេ។

ទន្ទឹមនឹងគ្នានេះ ប្រទេសចិនបានបោះឆ្នោតអនុប្បវាតមិនធ្វើការថ្កោលទោសរុស្សីឡើយ តែប៉េកាំងបានលើកឡើងពីការព្រួយបារម្ភអំពី «វិបត្តិដែលអូសបន្លាយ និងរីករាលដាលកាន់តែធំ» នៅអ៊ុយក្រែន។

ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun បានអះអាងថា ខណៈពេលដែល «អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់គួរតែត្រូវបានការពារ ការព្រួយបារម្ភពីសុវត្ថិភាពស្របច្បាប់» របស់ប្រទេសនានាក៏គួរតែត្រូវបានយកចិត្តទុកដាក់ផងដែរ។




អត្ថបទបន្ទាប់


វៀតណាមរំពឹងកំណើនសេដ្ឋកិច្ច៨% នៅឆ្នាំ២០២២ ជាកំណើនខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍

ប្រទេសវៀតណាម រំពឹងថា កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២២ នឹងកើនដល់ ៨% ដែលជាកំណើនខ្ពស់ជាងប្រទេសណាណាទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណ…

យោធាសហរដ្ឋអាមេរិថា ការសាកល្បងនុយក្លេអ៊ែរជាបន្តបន្ទាប់របស់កូរ៉េខាងជើងអាចនឹងជំរុញឲ្យខ្លួនឆ្លើយតបវិញ

បើតាមមន្ត្រីយោធាជើងទឹកអាមេរិកប្រចាំកោះហូណូលូលូនៅប៉ាស៊ីហ្វិក បាននិយាយកាលពីថ្ងៃសុក្រ ទី ៣០ ខែកញ្ញា ថា ការធ្វើតេស្តសាកល្បងម្តងហើយម្តងទៀតនូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ