«វាជារឿងសំខាន់ដែលរដ្ឋាភិបាល និងវិស័យឯកជនទាំងអស់សហការគ្នាដើម្បីនាំស្បៀងអាហារ ជី និងផលិតផលកសិកម្មរបស់រុស្ស៊ីឯទៀតទៅក្នុងទីផ្សារអន្តរជាតិ» នេះជាអ្វីដែល ប្រមុខដឹកនាំអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងនៅអំឡុងពេលរូបលោកចូលរួមកម្មវិធីមួយនៃមជ្ឈមណ្ឌលសម្របសម្រួលរួមមួយ ដែលបានធ្វើឡើងនាចុងសប្ដាហ៍មុន។ មជ្ឈមណ្ឌលសម្របសម្រួលរួម ឬដែលហៅកាត់ថា JCC ជាមជ្ឈមណ្ឌលត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដែលបានចុះហត្ថលេខាកាលពីខែកក្កដារវាងរដ្ឋាភិបាលទីក្រុងកៀវ និងម៉ូស្គូ ជាមួយអង្គការសហប្រជាជាតិ និងប្រទេសតួកគី ជាអ្នកធានាសម្របសម្រួល។
កិច្ចព្រមព្រៀងនេះក៏ធានាដល់រុស្ស៊ីនូវសិទ្ធិក្នុងការនាំចេញផលិតផលកសិកម្ម និងជីរបស់ខ្លួន បើទោះបីជាមានទណ្ឌកម្មពីលោកខាងលិចក៏ដោយ។
លោក Guterres បន្ថែមថា៖ អ្វីដែលកំពុងអនុវត្តបច្ចុប្បន្នជាផ្នែកមួយនៃដំណោះស្រាយប៉ុណ្ណោះ។ ផ្នែកផ្សេងទៀតនៃកិច្ចព្រមព្រៀងជាកញ្ចប់មួយនេះ គឺការបើកឱ្យចំណីអាហារ និងជីកសិកម្មរបស់រុស្សីអាចចូលទៅកាន់ទីផ្សារពិភពលោក ខណៈដែលរបស់ទាំងអស់នេះ មិនគួរត្រូវបានដាក់ទណ្ឌកម្មទាល់តែសោះ។
លោកបានព្រមានថា បើគ្មានជីធ្វើកសិកម្មគ្រប់គ្រាន់នៅឆ្នាំ២០២២ វាអាចនឹងមិនមានអាហារគ្រប់គ្រាន់នៅឆ្នាំ២០២៣នោះឡើយ។ ទន្ទឹមនឹងនេះ ការទទួលបានអាហារ និងជីបន្ថែមពីអ៊ុយក្រែន និងរុស្ស៊ី គឺជាកត្តាសំខាន់ក្នុងការធ្វើឱ្យតម្លៃទំនិញនៅទីផ្សារស្រុតចុះ និងបំពេញតម្រូវការអ្នកប្រើប្រាស់បានគ្រប់គ្រាន់។
គួរជម្រាបថា ក្រោយពីសម្រេចបានកិច្ចព្រមព្រៀងដ៏ផ្លែផ្កាក្នុងការបើកឱ្យនាំចេញស្បៀងដែលជាប់គាំងរបស់អ៊ុយក្រែនទៅកាន់ទីផ្សារ ប្រធានអង្គការសហប្រជាជាតិបានប្តេជ្ញាចិត្តថា នឹងព្យាយាមបង្កើនការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនឱ្យបានមុនដើមរដូវរងាខាងមុខ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងប្រទេសអាហ្វ្រិកជាច្រើន។
សូមរំឭកថា ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ដែលជាអ្នកផលិត និងអ្នកនាំចេញឈានមុខគេមួយរបស់ពិភពលោក ត្រូវបានរារាំងអស់រយៈពេលជាច្រើនខែ ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ដែលហេតុធ្វើឱ្យគ្រប់គ្នាបារម្ភពីវិបត្តិស្បៀងអាហារសកល៕