រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានទាក់ទងតាមទូរស័ព្ទទៅកាន់ភាគីអាមេរិក និងសម្ព័ន្ធណាតូ!

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីហៅទូរសព្ទទៅកាន់ភាគីអាមេរិក និងប្រទេសសម្ព័ន្ធណាតូឯទៀត ខណៈស្ថានការណ៍ក្នុងសមរភូមិពិបាកក្នុងការគ្រប់គ្រង


រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃអាទិត្យ ទី ២៣ តុលា ជាលើកទី២ក្នុងរយៈពេលបីថ្ងៃជាប់គ្នាមកនេះ ហើយក៏បានទាក់ទងតាមទូរស័ព្ទទៅកាន់សមភាគីប្រទេសបីផ្សេងទៀតនៃសម្ព័ន្ធយោធាណាតូផងដែរ ខណៈដែលស្ថានការសង្គ្រាមនៅអ៊ុយក្រែនកំពុងស្ថិតក្នុងការពង្រីកខ្លួនដែលសឹកតែមិនអាចគ្រប់គ្រង់បាន។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីហៅទូរសព្ទទៅកាន់ភាគីអាមេរិក និងប្រទេសសម្ព័ន្ធណាតូឯទៀត ខណៈស្ថានការណ៍ក្នុងសមរភូមិពិបាកក្នុងការគ្រប់គ្រង

រដ្ឋមន្ត្រីការពាជាតិរុស្ស៊ី​នៅប៉ុន្មានថ្ងៃមកនេះ បានទាក់ទង​និយាយគ្នា​តាមទូរស័ព្ទ​ជាមួយអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក អំពីស្ថានការណ៍សង្គ្រាម​នៅអ៊ុយក្រែន។ ប៉ុន្ដែ ទីក្រុងមូស្គូមិនបានផ្តល់ព័ត៌មានលម្អិតអំពីការសន្ទនានោះទេ​ ប៉ុន្ដែ​វាជាលើកដំបូងចាប់តាំងពីខែឧសភាមក ដែលវិមានក្រឹមឡាំងបានបញ្ជាក់ឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រាប់ភាគីអាមេរិក អំពី​ស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែនកំពុងស្ថិតក្នុងភាពពិបាកគ្រប់គ្រង និងកាន់តែអាក្រក់ទៅៗជាលំដាប់។

ដោយឡែក លោក Sergei Shoigu ក៏បានទាក់ទងទៅរដ្ឋមន្ត្រីការជាតិបារាំង លោក សេបាស្ទៀន លេខូនូ (Sebastien Lecornu) ដោយលោកបាននិយាយថា៖​ «ស្ថានការក្នុងសមរភូមិនៅពេលនេះកំពុងងាករកការពង្រីកជម្លោះកាន់តែធំដែលមិនអាចគ្រប់គ្រង់បាន»។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ​ ក៏បាននិយាយទៅកាន់លោក Hulusi Akar រដ្ឋមន្ត្រីការពារជាតិតួកគី និងលោក Ben Wallace រដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេសថែមទៀតផង។

ក្នុងនោះដែរ លោក Shoigu បានប្រាប់សមភាគីបារាំង ទួរគី និងអង់គ្លេសអំពីការព្រួយបារម្ភរបស់ទីក្រុងមូស្គូថា អ៊ុយក្រែនគ្រោងនឹងប្រើប្រាស់ «គ្រាប់បែកមួយប្រភេទ» ដែលមានផ្ទុកមាន​សារធាតុវិទ្យុសកកម្មមកលើរុស្ស៊ី តែយ៉ាងណា ម៉ូស្គូមិន​បាន​ផ្តល់​​ភស្តុតាង ​ដើម្បី​បញ្ជាក់​ការ​អះអាង​របស់ខ្លួនថាពិត ឬមិនពិតនោះទេ។

គួរជម្រាបថា កាលពីពេលមុន រុស្ស៊ីបានអះអាងស្រដៀងគ្នា​នេះថា អ៊ុយក្រែនអាចនឹងងាកទៅរក​ការប្រើបា្រស់អាវុធហាមឃាត់ ដូចជាអាវុធ​ជីវសាស្រ្តជាដើម តែផ្ទុយទៅវិញពួកលោកខាងលិចមើលឃើញថា វិមានក្រឹមឡាំងបាន​យកការចោទប្រកាន់ទាំងនោះជាលេស ​ដើម្បីធ្វើការវាយប្រហារមីស៊ីលមកលើទីក្រុងកៀវតែប៉ុណ្ណោះ។

យោងតាមការបញ្ជាក់របស់មន្ទីរបញ្ចកោណ​អាមេរិក​បានឲ្យដឹងថា ក្នុងអំឡុងពេលជំនួប​តាមរយៈទូរស័ព្ទរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងលោក​ Shoigu ដោយលោកបាន «ច្រានចោលការលើកឡើងរបស់រុស្ស៊ីថា អ៊ុយក្រេនត្រៀមប្រើគ្រាប់បែកវិទ្យុសកម្ម ដោយថាវាជាលេសទីក្រុងម៉ូស្គូ​សម្រាប់ការពង្រីកជម្លោះតែប៉ុណ្ណោះ ក៏ប៉ុន្តែលោកបានប្រាប់ឲ្យភាគីរុស្ស៊ីឲ្យ​រក្សាការទាក់ទងតាមរយៈទូរស័ព្ទជាមួយគ្នាបន្ដទៀតផងដែរ»។

ម្យ៉ាងវិញទៀត ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យនោះដែរថា មានតែរុស្ស៊ីទេ ដែលមានសមត្ថភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអឺរ៉ុប ហើយលោកបានជំទាស់យ៉ាងដាច់ខាតទៅនឹង​ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីដែលថា អ៊ុយក្រែនកំពុងត្រៀមប្រើប្រាស់ «គ្រាប់បែកវិទ្យុសកម្ម» ទៅលើកងទ័ពរុស្ស៊ីនោះ។

មែនទែនទៅ មិន​មាន​ការ​បញ្ជាក់​ណាមួយ​ពី​ភាគី​រុស្ស៊ី​ដែល​ថា​ ការ​សន្ទនាតាមទូរស័ព្ទទទួលលទ្ធផលវិជ្ជមាន ឬក៏យ៉ាងណានោះទេ។ ទោះជាយ៉ាងណាក៏ដោយ គេមើលឃើញថា ប្រទេសរុស្ស៊ី និងប្រទេសសមាជិកនៃសម្ព័ន្ធយោធាណាតូដឹកមុខដោយ​សហរដ្ឋអាមេរិក បាននិងកំពុងរក្សាបណ្តាញទំនាក់ទំនងគ្នាយ៉ាងសកម្ម ស្របពេលដែលអន្តរជាតិ​កំពុង​មានការព្រួយបារម្ភថា ការគិតខុសណាមួយពីសំណាក់មហារុស្ស៊ី ដែលជាអ្នកក្តោបក្តាប់អាវុធនុយក្លេអ៊ែរច្រើនបំផុតនោះ អាចនឹងឈានទៅរកការប្រើវា នោះសង្គ្រាមលោកលើកទីបីអាចនឹងផ្ទុះឡើងក៏ថាបាន។

បើក្រឡែកទៅមើលស្ថានការណ៍សង្គ្រាមវិញ រុស្ស៊ីនៅតែបន្តបាញ់មីស៊ីល និងយន្តហោះដ្រូនចូលទៅក្នុងទីក្រុង Mykolaiv ភាគខាងត្បូងអ៊ុយក្រែន ដោយបានបំផ្លាញប្លុកផ្ទះល្វែងមួយ ដោយសង្រ្គាមកំពុងមាននិន្នាការឆ្ពោះទៅរក «ការរីករាលដាលកាន់តែខ្លាំង​ដោយមិនអាចគ្រប់គ្រង់បាន»។

មួយវិញទៀត ក៏មានការវាយប្រហារពីសំណាក់កងទ័ពអ៊ុយក្រែន​ទៅលើទីក្រុងផលិត​កប៉ាល់មួយកន្លែង ដែលមានចម្ងាយ ៣៥ គីឡូម៉ែត្រពី​ខេត្ត Kherson ដោយបានបង្ខំរុស្ស៊ី​ជម្លៀសមនុស្សជាង​៦ម៉ឺននាក់ចេញពីតំបន់ដែលងាយនឹង​ត្រូវរងការវាយប្រយុទ្ធគ្នា​រវាងកងទ័ពម៉ូស្គូ និងកងកម្លាំងអ៊ុយក្រែនក្នុងពេលខាងមុខដ៏ខ្លីនេះ។

កាលពីថ្ងៃអាទិត្យទី២៣តុលា អគ្គសេនាធិការអ៊ុយក្រែនបាននិយាយថា កងការពារប្រឆាំងយន្តហោះចម្បាំងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីផលិតដោយអ៊ីរ៉ង់ចំនួន ១២ គ្រឿងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ យ៉ាងណាមិញ ការរុលចូលវាយបករបស់កងទ័ពអ៊ុយក្រែនក្នុង​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ​នៅជុំវិញ​ទីក្រុង Kherson និងនៅតំបន់ភាគឦសាន្ដរបស់ប្រទេស ក៏ត្រូវបានជួប​ជាមួយនឹងការវាយប្រហារទប់ទល់ពីសំណាក់កងទ័ពម៉ូស្គូខ្លាំងក្លាវិញផងដែរ៕




អត្ថបទបន្ទាប់


ប្រធានព្រឹទ្ធសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការរយៈពេល ៣ថ្ងៃនៅប្រទេសវៀតណាម ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព

តបតាមការអញ្ជើញរបស់ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយឈុំ …

តើ TVET រួមចំណែកសំខាន់យ៉ាងណាក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា?

កំណើនឧស្សាហកម្មនៅលើពិភពលោក នាពេលបច្ចុប្បន្ន បានជំរុញឲ្យមានការប្រកួតប្រជែងការងារកាន់តែខ្លាំង ដែលកត្តានេះ ក៏ជំរុញឲ្យមានកើនឡើងនូវតម្រូវការអ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ