ប្រទេសកាន់តែច្រើនចង់ចូលរួមជាមួយអង្គការណាតូ នឹងធ្វើឲ្យអង្គការសម្ព័ន្ធយោធាមួយនេះកាន់តែរីកធំឡើង ស្របពេលដែលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនធ្វើឱ្យសន្តិសុខនៅតំបន់អឺរ៉ុប កំពុងរងការគំរាមកំហែង។ ទោះយ៉ាងណា ក្រុមអ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិមើលឃើញថា សង្គ្រាមមួយនេះ រុស្ស៊ីទំនងជាមិនមានប្រៀបលើអ៊ុយក្រែនខ្លាំងណាស់ណាទេ ដោយហេតុតែសេចក្តីរាយការណ៍ចុងក្រោយមួយបង្ហាញថា កងទ័ពអ៊ុយក្រែនបានវាយឲ្យរុស្ស៊ីដកថយទៅវិញខ្លះៗហើយ នៅសមរភូមិជួរមុខក្នុងភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃពុធទី១១ឧសភា។
សម្ព័ន្ធមិត្តរបស់អង្គការណាតូ រំពឹងថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត អាចទទួលបានសមាជិកភាពនៃសម្ព័ន្ធយោធាណាតូដ៏មានឥទ្ធិពលមួយនេះក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីពួកគេប្រកាសសុំចូលរួមជាសមាជិកជាផ្លូវការរួចហើយកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមប្រភពអ្នកការទូតនិង មន្ត្រី៥នាក់ដែលបានប្រាប់ទីភ្នាក់ងាររ៉យទ័រ។
វត្តមានរបស់ហ្វាំងឡង់ និងស៊ុយអែត នៅក្នុងអង្គការណាតូ នឹងបើកផ្លូវសម្រាប់ការបង្កើនវត្តមានកងទ័ពណាតូ នៅពាសពេញតំបន់អឺរ៉ុប ពិសេសនៅក្នុងតំបន់ Nordic។ ក្នុងអំឡុងពេលផ្តល់សច្ចាប័នរយៈពេលមួយឆ្នាំ នៃសមាជិកភាពរបស់ប្រទេសទាំងពីរ សម្ព័ន្ធមិត្តណាតូ នឹងបង្កើនវត្តមានកងទ័ពនៅក្នុងតំបន់ Nordic ការធ្វើសមយុទ្ធយោធា និងការល្បាតទ័ពជើងទឹកបន្ថែមទៀត នៅក្នុងសមុទ្របាល់ទិក ព្រមទាំងឈានដល់ការឆ្លាសវេនឈរជើង នូវកម្លាំងទ័ពរបស់សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ជាមួយហ្វាំងឡង់ និងស៊ុយអែតផងដែរ។
បើទោះបីជា គេអាចឃើញវត្តមានកងទ័ពណាតូ ក្នុងតំបន់និងក្នុងប្រទេសទាំងពីរក៏ដោយ ប៉ុន្តែប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអែត នឹងមិនទាន់ទទួលបានអត្ថប្រយោជន៍ពីធម្មនុញ្ញណាតូនោះទេ ពោលគឺប្រទេសទាំងពីរនេះ មិនទាន់អាចទទួលបានការការពារជារួម ដែលណាតូមានសិទ្ធិអន្តរាគមន៍ ឆ្លើយតបពេលប្រទេសសមាជិកណាមួយ រងការវាយប្រហារ ពីប្រទេសដទៃនោះទេ ដោយត្រូវរង់ចាំរហូតដល់សភានៃរដ្ឋសមាជិកទាំង ៣០ បានផ្តល់សច្ចាប័នលើសមាជិកភាពជាមុនសិន។
គួរកត់សម្គាល់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកយកបញ្ហាការចេះតែបន្តពង្រីកខ្លួនរបស់ណាតូ ធ្វើជាហេតុផលសម្រាប់សកម្មភាពឈ្លានពានរបស់លោកក្នុងប្រទេសអ៊ុយក្រែន។ លោកពូទីនធ្លាប់អះអាងថា ការពង្រីកវត្តមានរបស់ណាតូ ជាការគំរាមកំហែងដល់សន្តិសុខជាតិរុស្ស៊ី។ ទីក្រុងមូស្គូក៏ធ្លាប់បានព្រមានហ្វាំងឡង់ និងស៊ុយអែតម្តងហើយម្តងទៀតដែរ ចំពោះការចូលរួមក្នុងអង្គការសម្ព័ន្ធភាពយោធាមួយនេះ។ ក្រុងម៉ូស្គូបានគំរាមថា ប្រទេសទាំងពីរអាចជួប ផលវិបាកផ្នែកយោធា និងនយោបាយ ប្រសិនបើចូលរួមជាមួយអង្គការសម្ព័ន្ធយោធាណាតូ។
ដោយឡែក យើងក្រឡេកទៅមើលសមរភូមិជួរមុខក្នុងសង្គ្រាមនៅអ៊ុយក្រែនឯណោះវិញ កាលពីថ្ងៃទី ១១ឧសភា អ៊ុយក្រែនអះអាងថា ខ្លួនបានវាយរុញច្រានកងកម្លាំងរុស្ស៊ីនៅភាគខាងកើតឲ្យដកថយ និងបានបិទបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីចូលតំបន់អឺរ៉ុបបានមួយទីតាំងផងដែរ។
សូមជម្រាបថា ប្រសិនបើអ៊ុយក្រែនបន្តវាយឲ្យទ័ពរុស្ស៊ីនៅភាគខាងកើតដកថយបែបនេះទៀត វានឹងបង្កការគំរាមកំហែងដល់ខ្សែចង្វាក់ផ្គត់ផ្គង់សម្ភារៈស្បៀងអាហារ សម្រាប់កងទ័ពជួរមុខរបស់រុស្ស៊ី តាមរយៈការផ្លោងកាំភ្លើងធំពីអ៊ុយក្រែនសំដៅមូលដ្ឋានទ័ពខាងក្រោយ៕