ក្រសួងពាណិជ្ជកម្មអាម៉េរិក បានផ្ញើលិខិតមួយទៅឱ្យក្រុមហ៊ុន TSMC ដោយបានរឹតបន្តឹងលើការនាំចេញបន្ទះសៀគ្វី 7 Nanometer ដ៏ទំនើប ដែលរចនាឡើងសម្រាប់ដឹកជញ្ជូនទៅកាន់ប្រទេសចិន ដើម្បីផ្តល់កម្លាំងដល់កម្មវិធីជំរុញបញ្ញាសិប្បនិមិត្ត (AI accelerator) និងអង្គដំណើរការក្រាហ្វិក (GPU)។
ការបញ្ជារបស់អាម៉េរិក ដែលត្រូវបានរាយការណ៍ជាដំបូងនេះ បានកើតឡើងនៅប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន TSMC បានជូនដំណឹងទៅក្រសួងពាណិជ្ជកម្មអាម៉េរិកថា បន្ទះឈីបមួយប្រភេទរបស់ក្រុមហ៊ុននេះត្រូវបានរកឃើញប្រើនៅក្នុងម៉ាស៊ីន Huawei AI។
ក្រុមហ៊ុន Huawei បានជាប់ក្នុងបញ្ជីពាណិជ្ជកម្មដែលត្រូវបានរឹតបន្តឹង និងតម្រូវឱ្យអ្នកផ្គត់ផ្គង់ត្រូវមានអាជ្ញាបណ្ណដើម្បីដឹកជញ្ជូនទំនិញ ឬបច្ចេកវិទ្យាណាមួយទៅឱ្យក្រុមហ៊ុននេះ ហើយអាជ្ញាបណ្ណណាមួយដែលអាចជួយដល់កិច្ចខិតខំទទួលបានបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តរបស់ក្រុមហ៊ុន Huawei ទំនងជាត្រូវបានបដិសេធ។
កាលពីខែមុន ប្រភពមួយចំនួនអះអាងថា ក្រុមហ៊ុន TSMC បានផ្អាកការនាំចេញទៅឱ្យក្រុមហ៊ុន Sophgo ដែលជាអ្នករចនាបន្ទះឈីបមានមូលដ្ឋាននៅប្រទេសចិន បន្ទាប់ពីបន្ទះឈីបរបស់ខ្លួនត្រូវគ្នានឹងបន្ទះឈីបដែលគេបានរកឃើញនៅក្នុងម៉ាស៊ីន Huawei AI៕
អត្ថបទ៖ សុខ មង្គល