ទិវាទិញទំនិញ Single’s Day ដែលផ្តួចផ្តើមដោយក្រុមហ៊ុនយក្ស Alibaba នោះ គឺមានការទិញលក់ខុសប្លែកពីឆ្នាំមុនៗដែលធ្លាប់បើកឲ្យមានការទិញតែ ១ថ្ងៃប៉ុណ្ណោះ ក៏ប៉ុន្ដែនៅក្នុងឆ្នាំ ២០២០នេះ មានរយៈពេលដល់ទៅ ១១ថ្ងៃ ដែលធ្វើឲ្យ ការទិញលក់សរុប ឈានដល់ ៧៥ពាន់លានដុល្លារអាមេរិក ជាព្រឹត្តិការណ៍ដែលមានទំហំធំជាង ទិវាទិញទំនិញរបស់អាមេរិកទៅទៀត។
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ALIBABA Group បានគូសបញ្ជាក់ថា សេដ្ឋកិច្ចប្រទេសចិន បានកើន ឡើងមកវិញ មកនៅត្រឹមកម្រិតមុនពេលមានផ្ទុះឡើងនៃមេរោគកូវីដ១៩ ដោយវិស័យពាណិជ្ជកម្មអនឡាញនេះ នឹងមានកំណើន ១៧% ក្នុងឆ្នាំ ២០២០នេះ ធៀបនឹងឆ្នាំមុន។
លើសពីនេះទៅទៀត តួលេខទិញលក់ទំនិញក្នុងឆ្នាំនេះមានការកើនឡើងដល់ទៅ ២៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែម្ចាស់អាជីវកម្ម និងអ្នកលក់រាយបន្តជាច្រើន ខ្នះខ្នែងងើបឡើងវិញ ពីការធ្លាក់ចុះដោយសារតែមេរោគដ៏កាចសាហាវនេះ ដោយបន្ថែមការលក់ទំនិញទ្វេដង។
តាមការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Oliver Wyman បានរកឃើញថា អ្នកប្រើប្រាស់ចិនជាង ៨៦% ហ៊ាននឹងចំណាយប្រាក់ ដូចទៅការចំណាយកាលពីឆ្នាំមុន ឬច្រើនជាងនេះទៅទៀត ដោយមិនព្រួយបារម្ភពី បញ្ហាមេរោគកូវីដ១៩នោះឡើយ ខណៈដែលនៅសល់ ១៤% ទៀត ចំណាយតិចជាងមុនដោយសារតែភាពមិនច្បាស់លាស់នៃបញ្ហាមេរោគកូវីដ១៩។
សូមជម្រាបដែរថា ក្រៅពីក្រុមហ៊ុន Alibaba ក៏មានទីផ្សារពាណិជ្ជកម្មតាមអនឡាញ ផ្សេងទៀតដូចជា JD.com ដែលសម្រេចបាននូវការទិញលក់ជាង ៤១ពាន់លានដុល្លារអាមេរិកផងដែរ អំឡុងពេលនៃទិវាទិញទំនិញនេះ ដោយមានកំណើន ៣៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕