ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តររជាតិកម្ពុជា បានបញ្ជាក់នៅថ្ងៃទី១៨ ខែតុលា ថា តបតាមការអញ្ជើញរបស់ព្រះចៅអធិរាជគ្រប់គ្រងថែរក្សាការពារព្រះវិហារឥស្លាមដ៏ស័ក្តិសិទ្ធទាំងពីរ ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល សាអ៊ូឌ ព្រះមហាក្សត្រ នៃអារ៉ាប៊ីសាអូឌីត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រ នៃកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ជាដើម។
ជាមួយគ្នានេះ កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រខាងលើនេះ គ្រោងនឹងកត់សម្គាល់នូវឯកសារលទ្ធផលចំនួនពីរ គឺទី១.សេចក្ដីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និងទី២. ឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រសម្រាប់ឆ្នាំ២០២៤-២០២៨។
សូមបញ្ជាក់ថា អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយឥស្សរជនបរទេសមួយចំនួននៅរាជធានីរីយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។ ដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល នៅប្រទេសអារ៉ាប៊ីសាអូឌីតនេះ ក៏មានការអមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្តី្រ និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមួយចំនួនមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន មួយចំនួន ផងដែរ៕